គម្រោងវិនិយោគថ្មីៗចំនួន៣ទៀត ទុនវិនិយោគជាង១៤លានដុល្លារ ត្រូវបានអនុម័តឱ្យដំណើរការ អាចបង្កើតការងារបានជាង២៥០០កន្លែង
អាជីវកម្ម October 22, 2022 Naren

(ភ្នំពេញ)៖ កាលពីថ្ងៃ២១ ខែតុលា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃពុធថា គម្រោងវិនិយោគចំនួន៣បន្ថែមទៀតដែលមានទុនវិនិយោគសរុបគិតជាទឹកប្រាក់ចំនួន ១៤.១លានដុល្លារអាមេរិក ត្រូវបានផ្តល់ភ្លើងខៀវ។ គម្រោងថ្មីទាំងនេះស្ថិតនៅក្នុងខេត្តកណ្តាល និង ខេត្តព្រះសីហនុ ជារបស់ក្រុមហ៊ុនចំនួន៣ផ្សេងគ្នា។ CDC បានចង្អុលបង្ហាញថា ក្រុមហ៊ុនទាំង៣នឹងវិនិយោគលើផលិតគ្រឿងបន្សំស្បែកជើង, រោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រស្ល និងកែច្នៃលោហៈធាតុ ប្រភពដដែលបាននិយាយថា គម្រោងដែលបានអនុម័តថ្មីនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារប្រហែលបានចំនួន ២៥១៤កន្លែង។

ខាងក្រោមនេះជាព័ត៌មានលម្អិត ដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“CHENG ZHEN YONG INDUSTRY CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧២៣កន្លែង។

២-“XIN JIN HUA GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៤១កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន “SUCCESS METAL TECHNOLOGY CO., LTD.” ដែលជាគម្រោងរោងចក្រស្ល និងកែច្នៃលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ស៊ីណូ មេធលលីក មេធៀរៀល, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០កន្លែង៕