កសិករនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងនិយាយពី តម្លៃដំឡូងមីធ្លាក់ថ្លៃនៅខែតុលានេះ
អាជីវកម្ម October 21, 2022 Naren

(ស្ទឹងត្រែង)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន​ មកដល់សប្តាហ៍ទី៣ខែតុលានេះតម្លៃដំឡូងមីស្រស់ឈ្មួញបានទិញតែតម្លៃ២៩០ ឬ៣០០រៀលតែប៉ុណ្ណោះ ការទម្លាក់ថ្លៃទិញនេះ បានបង្កឱ្យកសិករប្រកបរបរដាំដំឡូងត្អូញត្អែរពីការខាតបង់ប្រាក់ ចំណូលក្នុងផលរបរកសិកម្មមួយនេះ។ ក្នុងសកម្មភាពដឹកដំឡូងមីមកលក់នៅដេប៉ូទិញដំឡូងនៅឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ លោកវាសនា កសិករ លក់ដំឡូងមីបានបញ្ជាក់ថា «ថៅកែមកប្រមូលទិញដំឡូងមីស្រស់និងក្រៀមបានដល់ក្នុងភូមិ តែម្តង គ្រាន់តែឱ្យតម្លៃទាប ហាក់ដូចជាទីផ្សារដំឡូងនៅនឹងមាត់ឈ្មួញថាតែប៉ុណ្ណោះ»។

លោកបន្តថា មកដល់ចុងខែនេះ ឈ្មួញមកទិញក្នុងមួយគីឡូក្រាម តែ២៩០ ទៅ ៣១០ រៀលប៉ុណ្ណោះ ខុសតម្លៃកាលពីខែកញ្ញាមាន តម្លៃ៣៧០ ទៅ៤២០ រៀល ខុសគ្នាជាង១០០រៀល ។ លោកបញ្ជាក់ទៀតថា ដាំដំឡូងមីនៅសេសសល់ពីទឹកភ្លៀងលិចខូច ត្រូវដណ្តើម ប្រមូលផលពីហ្វូងសត្វជ្រូកព្រៃចូលឈ្មូសស៊ីបំផ្លាញ ប្រមូលបានផលត្រឹមតែ១០ តោនជាងតិចតួចប៉ុណ្ណោះហើយយកមកលក់មានតម្លៃទាបបន្ថែមទៀត។ ថៅកែដែលប្រមូលទិញដំឡូងមី សុំមិនឱ្យបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់វិទ្យុជាតិកម្ពុជាតាមទូរស័ព្ទ នៅថ្ងៃនេះថា ការប្រមូលទិញដំឡូងមីស្រស់នៅតាមភូមិ ក្នុងមួយ គីឡូក្រាមហ៊ានទិញត្រឹមតែ២៩០ទៅ៣១០រៀលប៉ុណ្ណោះដោយសារចំណាយលុយទៅលើកម្មករលីសែង ហើយនឹងជួលឡានកែច្នៃដឹក ជញ្ជូនទៅសាងដាក់ឡានធំបន្ត នៅចំណុចផ្លូវបំបែក គួប ផ្សំនិងផ្លូវពិបាកចេញចូលផង។

តាមការអះអាងពីអ្នកប្រមូលទិញនេះបញ្ជាក់ថា នៅពេលនាំដំឡូងចេញទៅគោលដៅលក់ម្តងៗ ត្រូវការចំណាយលុយបង់ឱ្យសមត្ថកិច្ច ដែលមានប៉ុស្តិ៍ត្រួតពិនិត្យតាមផ្លូវ ហើយនឹងប៉ុស្តិ៍ប៉ូលិសចរាចរណ៍ នៅគ្រប់ចំណុចជាហូរហែរ ទម្រាំទៅដល់ប្រទេសវៀតណាមត្រូវចំណាយច្រើន ទើបធ្វើឱ្យទីផ្សារវាមានតម្លៃមិនថិតថេរបែបនេះ។ សូមបញ្ជាក់ថា ដំឡូងមី កសិករដែលដាំនៅតាមវាលទំនាប ទទួលបានផលតិចតួចជាងអ្នកដាំនៅទីខ្ពង់រាប ព្រោះឆ្នាំនេះមានភ្លៀងធ្លាក់ច្រើនជាងរាល់ឆ្នាំ បង្កឱ្យដំឡូងខូចច្រើនហើយតំបន់ខ្លះខូចខាតទាំងស្រុងតែម្តងក៏មាន នេះជាបញ្ហាចោទដែលកសិករដាំដំឡូងមីកំពុងជួបប្រទះរួមទាំងវិបត្តិទី ផ្សារកើតឡើងបន្ថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន