ថៃ៖ ក្រោយពីបានបើកហាងកាហ្វេតាមបំណងប្រាថ្នា ប៉ុន្តែស្ទើរតែត្រូវបញ្ឈប់អាជីវកម្ម ជាសំណាងល្អដែលហាងនៅតែអាចបន្តដំណើរការបានដោយសារតែមានសេវាកម្មដឹកជញ្ជូន
អាជីវកម្ម October 21, 2022 Khmernote

ថៃ៖ ដោយសារតែ​មាន​ចំណង់​ចំណូល​ចិត្ត​ក្នុងការផឹក​កាហ្វេ​ស្រាប់ ទើបនាំអោយ Khun Tae-Thanasiri Taephan បាន​ប្រែ​ក្លាយ Passion ទៅ​ជា Action ក្នុង​ការ​ខិតខំ​ធ្វើ​ជា Barista ដើម្បីស្វែងយល់ពីដំណើរការធ្វើកាហ្វេគ្រប់ជំហាន និងពង្រីកដល់ការបើកហាងកាហ្វេដែលមានឈ្មោះថា «Mellow» ដែលស្ថិតនៅផ្លូវ Borommaratchachonnani ដែលពោរពេញទៅដោយក្លិនកាហ្វេ និងភេសជ្ជះផ្សេងៗដែលប្លែកពីគេទៀតផងនោះ។

ជាមួយគ្នានេះដែរ Khun Tae បានរៀបរាប់ថា៖ ទម្រាំតែមកដល់ថ្ងៃនេះមិនមែនជារឿងងាយស្រួលទេ សម្រាប់​អ្នក​ដែលទើប​បង្កើត​អាជីវកម្ម នេះក៏​ដោយសារតែ ហាង Mellow បានបង្កើតនិងបើកដំណើរការ ក្នុងអំឡុងពេលដែលមានរលកទីមួយនៃការរាតត្បាត Covid-19 នៅពេលនោះដែរ ចំណេះដឹងរបស់អ្នកនាង Tae ទាំងការឆុងកាហ្វេ និងអាជីវកម្មគឺស្មើសូន្យតែម្តង ព្រោះតែអ្នកនាងមិន​ធ្លាប់​សិក្សា​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ពី​មុន​មកឡើយ ប៉ុន្តែ​ដោយសារ​អ្នកនាង​មាន​បំណង​ចង់​បើក​ហាង​កាហ្វេ​លក្ខណៈជា Everyday Drink ជាមួយនឹងបរិយាកាសរបស់ហាងបែប Friendly ឬមានភាពស្និតស្នាលនិងគ្នា ហើយធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នករាល់គ្នាក្នុងការទទួលបានកាហ្វេដែលមានគុណភាពល្អក្នុងតម្លៃសមរម្យ ទើបធ្វើអោយ Khun Tae ចង់ធ្វើឱ្យសុបិននេះក្លាយជាការពិត។

ក្នុងខណៈពេលដែលទើបតែបើក​ហាង​ជាលើកដំបូងនោះគឺមានលក្ខណៈរដាក់រឌុបគួរសម ដោយសារតែត្រូវកែសម្រួលរូបមន្តភេសជ្ជៈជានិច្ច ដើម្បីឆ្លើយតបទៅកាន់ចំណង់ចំណូលចិត្តរបស់អតិថិជន ហើយក៏ត្រូវរក្សាលក្ខណៈពិសេស ឬ Signature របស់ហាង ថែមទាំងត្រូវព្យាយាម​បង្កើនចំណូលនៃការលក់ដើម្បីទប់ទល់ចំណាយនៅហាង​។ នៅពេលនោះដែរ Khun Tae ក៏បានសម្រេចចិត្តចុះឈ្មោះចូលជាសមាជិកហាងដែលទទួលចែកចាយអាហារដែលមានឈ្មោះថា «Grab» ដោយអ្នកនាងគិតថាវាគឺជាផ្លូវចុងក្រោយហើយ ដែលអាចជួយរកអតិថិជនបន្ថែមដល់ហាង។

ដោយ Khun Tae បានរៀបរាប់បន្តថា កាលពីដំបូងដែលអ្នកនាងទើបចាប់ផ្តើមលក់តាម Grab នៅតែមិនទាន់ស្ទាត់ជំនាញក្នុងការរៀបចំផែនការសម្រាប់ការគ្រប់គ្រងហាងអនឡាញនោះទេ ប៉ុន្តែពឹងផ្អែកលើការរៀនសូត្របន្តិចម្តងៗ រហូតដល់អ្នកនាងមានឱកាសចូលរួមក្នុងយុទ្ធនាការទីផ្សាររបស់ហាងតូចៗនានា ឬអាចហៅម្យ៉ាងទៀតថា « Flash Deal» ដែលត្រូវបានគេចាត់ទុកថាជាយុទ្ធនាការដ៏ពេញនិយមមួយ ដោយទទួលបានការបញ្ជាទិញកាន់តែច្រើនពីការលក់តាមរយៈកម្មវិធី ហើយនេះបានជួយជំរុញអោយហាងរបស់អ្នកនាងទទួលបានការគាំទ្រនិងរីកលូតលាស់បានយ៉ាងខ្លាំងរហូតដល់បច្ចុប្បន្ន។

ជាចុងក្រោយ Khun Tae ក៏បានលើកឡើងថា៖ ជាការពិតណាស់ ការចាប់ផ្តើមអាជីវកម្មមិនងាយស្រួលនោះទេ សម្រាប់​អ្នក​ណា​ដែល​បាន​ចាប់​ផ្តើម​អាជីវកម្ម​ហើយ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា ហើយ​អាច​នឹង​បាក់​ទឹក​ចិត្ត ចូរមាន សេចក្តីស្រឡាញ់ ការតាំងចិត្ត គំនិតច្នៃប្រឌិត និងការអត់ធ្មត់ ទើបធ្វើ​អោយអាជីវកម្ម​អាចទទួលបានជោគជ័យនិង​បន្តទៅមុខបានទៀតផង៕​

អត្ថបទ៖ Bee
ប្រភព៖ Sentangsedtee