មុខរបរកាត់ដេរហូលផាមួង មិនត្រឹមតែអាចរកប្រាក់ចំណូលបានច្រើនទេ ប៉ុន្តែអាចជួយផ្ដល់ការងារដល់ស្រ្ដីនៅតាមទីជនបទទៀតផង
អាជីវកម្ម October 20, 2022 Naren

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថាមុខរបរកាត់ដេរហូលផាមួងមិនត្រឹមតែអាចរកប្រាក់ចំណូលបានច្រើនទេ ប៉ុន្តែគឺអាចជួយផ្ដល់ការងារដល់ស្រ្ដីនៅតាមទីជនបទថែមទៀតផង ខណៈប្រជាពលរដ្ឋជាច្រើនទំាងនៅទីក្រុងនិង ជនបទនិយមកាត់សម្លៀកបំពាក់ជាមួយនឹងម៉ូតថ្មីៗតាមចំណងចំណូលចិត្តរបស់ខ្លួនសម្រាប់ចូលរួមក្នុងកម្មវិធីផ្សេងៗ។

លោកស្រី តិច ស៊ីមហ៊ាង ស្ថាបនិកកីមាស ស្ថិតនៅក្នុងរាជធានីភ្នំពេញបានប្រាប់ វិទ្យុជាតិកម្ពុជា ឱ្យដឹងថាលោកស្រីបានចាប់យកមុខរបរវិស័យកាត់ដេរ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីរកប្រាក់ចំណូល និងលើកស្ទួយវិស័យកាត់ដេរហូលផាមួងខ្មែរ ម៉ូតបុរាណ សម័យ ឱ្យកាន់តែរីកចម្រើន នាពេលបច្ចុប្បន្ន និងទៅអនាគត។ លោកស្រីបន្តថា សម្រាប់នៅក្នុងហាងកីមាសគឺសុទ្ធសឹងតែជាក្រណាត់ហូលផាមួងខ្មែរត្បាញដោយដៃរបស់ស្រ្តីនៅតាមតំបន់ទីជនបទផ្សេងៗគ្នា។លោកស្រីបន្ថែមថា សម្រាប់សម្លៀកបំពាក់ហូលផាមួងខ្មែរនេះ អាចស្លៀកបានទាំងបុរស ស្រី្ត មនុស្សចាស់ និងក្មេង ជាពិសេសគឺអាចយកមកច្នៃម៉ូតទាំងបុរាណ និងសម័យ ប្រើប្រាស់បានគ្រប់រដូវកាល ។

លោកស្រី បញ្ជាក់បន្ថែមថា មូលហេតុដែលលោកស្រីចាប់ដំណើរការបើកដំណើរការហាងកីមាសនេះ ដោយសារតែជាក្ដីស្រឡាញ់ ដែលចង់មានអាជីវកម្មផ្ទាល់ខ្លួនមួយ មិនត្រឹមតែអាចរកចំណូលបានប៉ុណ្ណោះទេ ប៉ុន្តែអាចជួយទៅដល់ស្រ្តីដែលនៅតាមទីជនបទអាចមានការងារធ្វើ ដើម្បីមានប្រាក់ចំណូលសម្រាប់ការរស់នៅប្រចាំថ្ងៃ និងអាចជួយលើកស្ទួយវិស័យកាត់ដេរហូលផាមួងខ្មែរកាន់តែរីកចម្រើនបន្ថែមទៀត។ «តាមពិតទៅវាជាក្ដីស្រឡាញ់ហើយគឺជាបំណងប្រាថ្នា ជាក្ដីសុបិនដែលយើងចង់ក្លាយទៅជាម្ចាស់អាជីវកម្មដោយខ្លួនឯង ដែលអាចជួយផ្ដល់ការងារដល់ស្ត្រី ដែលអាចផ្តល់ឱកាសឱ្យកូនៗគាត់បានធ្វើ បានទៅរៀន ពីព្រោះអីយើងមើលឃើញថា ប្រទេសមួយទៅប្រទេសមួយ ប្រទេសដែលរីកចម្រើន សង្គមយើងដែលរីកចម្រើន គឺនៅពេលដែលកូនចៅយើងរៀនចេះដឹង មានចំណេះដឹងគ្រប់គ្រាន់ អ៊ីចឹងហើយទើបខ្ញុំចូលប្រឡូកអាជីវកម្មនេះ»។ សូមបញ្ជាក់ថា លោកស្រី តិច ស៊ីមហ៊ាង បានបង្កើតហាងកីមាស តាំងពីឆ្នាំ២០១២ ដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅផ្សារទំនើបសូរិយា និងមានលក់ ហូល ផាមួង សូត្រលាយគ សូត្ររាយឫស្សីសឹងជរជើង សឹងប៉ាក់ សឹងលាត និងសឹងតានាវ ក្នុងតម្លៃសមរម្យ៕

ប្រភព៖ ក្រសួងព័ត៌មាន