ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប (BOOYOUNG GROUP) នឹងពិនិត្យលទ្ធភាពក្នុងការបើកសកលវិទ្យាល័យ ដែលផ្តោតលើវិស័យពន្ធដារ និង Fintech នៅកម្ពុជា
អាជីវកម្ម October 19, 2022 Naren

(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសមជាមួយលោកបណ្ឌិត LEE JOONG KEUN ប្រធាន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ, នាព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២២, នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការចូលរួមអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ អចលនទ្រព្យ ក៏ដូចជាចូលរួមសកម្មភាពមនុស្សធម៌ជាច្រើនផ្សេងទៀតនៅកម្ពុជា។ ភ្ជាប់ជាមួយគ្នានេះ ក្នុងបរិការនៃការប្រយុទ្ធប្រឆាំងជាមួយការរីករាតត្បាតនៃជំងឺកូវីដ១៩ ឯកឧត្តមអគ្គបណ្ឌិតសភាបានគូសបញ្ជាក់ពីការរីកចម្រើន និងសារៈសំខាន់នៃវិស័យឌីជីថល ក៏ដូចជា FinTech នៅប្រទេសកម្ពុជា ជាដើមផងដែរ។

លោកបណ្ឌិត LEE JOONG KEUN ប្រធាន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់ការអនុញ្ញាតដល់គណៈប្រតិភូនៃ ប៊ូ យ៉ុង គ្រុប បានចូលជួបសម្តែងការគួរសម។ លោកបានបន្ថែមថា លោកបានទទួលស្គាល់តួនាទីស្នូលយ៉ាងចម្បងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិសេសផ្នែកពន្ធដារ ដែលកម្ពុជា ក៏ដូចជាកូរ៉េសាធារណៈរដ្ឋដែរ ដើរតួជាសរសរស្តម្ភមួយ គាំទ្រដល់សេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ លោកបានបន្ថែមថា ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ នឹងពិនិត្យលទ្ធភាព ក្នុងការបើកសកលវិទ្យាល័យ ដែលផ្តោតទៅលើវិស័យពន្ធដារ និង FinTech នៅកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប និងសង្ឃឹមថាក្រុមហ៊ុន នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួនលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង បន្តផ្តល់ការគាំទ្រនិងសហការផ្សេងៗទៀតចំពោះក្រុមហ៊ុន នៅកម្ពុជា៕