ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ស្នើក្រុមហ៊ុន CP ALL ជួយទិញកសិផល និងវត្ថុធាតុដើមឱ្យបានច្រើនពីកម្ពុជា
អាជីវកម្ម October 19, 2022 Naren

(បាងកក)៖ យោងតាមការបង្ហោះរបស់ Royal Embassy of Cambodia in Bangkok ឯកអគ្គរាជទូតកម្ពុជា ឯកឧត្តម អ៊ូក សោភ័ណ បានស្នើក្រុមហ៊ុន CP ALL ជួយទិញកសិផល និងវត្ថុធាតុដើមឱ្យបានច្រើនពីកម្ពុជា និងជួយបណ្តុះបណ្តាលសហគ្រិនខ្មែរ អំពីបច្ចេកទេសវេចខ្ចប់ទំនិញឱ្យមានគុណភាពស្តង់ដារ សម្រាប់ដាក់លក់នៅតាមសាខាហាង 7-Eleven នៅក្នុងប្រទេសកម្ពុជា និងថៃឡង់ដ៍។

ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា បានលើកសំណើនេះឡើង នាឱកាសជួបពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត Krirkpong Pongtridham ទីប្រឹក្សាផ្ទាល់របស់ប្រធានគណៈកម្មការប្រតិបត្តិក្រុមហ៊ុន CP ALL Plc. កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នៅស្ថានឯកអគ្គរាជទូតកម្ពុជា នាទីក្រុងបាងកក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ជាការឆ្លើយតប លោកទីប្រឹក្សា Krirkpong បានគាំទ្រចំពោះសំណើខាងលើ និងបានសន្យាជំរុញថ្នាក់ដឹកនាំក្រុមហ៊ុន CP ALL ប្រើប្រាស់កសិផលរបស់កម្ពុជាឱ្យបានច្រើន ដើម្បីផលិតជាទំនិញសម្រាប់លក់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ពាក់ព័ន្ធបច្ចេកទេសវេចខ្ចប់ទំនិញ លោកបញ្ជាក់ថាក្រុមហ៊ុន CP ALL នឹងជួយបណ្តុះបណ្តាលជំនាញនេះ ជាមួយការកសាងម៉ាក និងការធ្វើទីផ្សារជូនសហគ្រិនខ្មែរដោយឥតគិតថ្លៃ នៅវិទ្យាស្ថាន Panyapiwat Institute of Management (PIM) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន៕

ប្រភព៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ