ជាការពិតណាស់ មានបងប្អូនជាច្រើនចង់មានអាជីវកម្មផ្ទាល់ខ្លួន ហើយអ្នកខ្លះដែលជាសហគ្រិនស្រាប់ ក៏ចង់ឱ្យអាជីវកម្មដែលមានស្រាប់របស់ខ្លួនកាន់តែរីកចម្រើនទៅមុខ។ ដូច្នេះហើយប្រសិនបើអ្នកមានគំនិតអាជីវកម្មល្អៗ ចូរចាប់ផ្ដើមធ្វើវាចុះ! វាមិនពិបាកទេក្នុងការចាប់ផ្ដើមធ្វើអ្វីដោយខ្លួនឯង ដូចទៅនឹងលោក Phasakorn Thirakhuntayakorn (พัสกร ถิรคุณทยุติกร) ហៅ Ball ម្ចាស់ក្រុមហ៊ុន Monkey Island Station Co., Ltd. ដែលបច្ចុប្បន្នកំពុងពង្រីកអាជីវកម្មរបស់ខ្លួន និងបង្កើតបានជា Franchise លក់បន្ដទៅឱ្យអាជីវករថ្មីជាហូរហែ។ ចាប់ផ្ដើមដំបូង ដោយការលក់នំអាំងតាមរទេះធម្មតាៗ បន្ទាប់មកលោកក៏បានព្យាយាម និងបន្តអភិវឌ្ឍរូបមន្ត រហូតជោគជ័យទៅជាអាជីវកម្ម Franchise ដែលអាចមានចំណូលត្រឡប់មកវិញក្នុងរយៈពេលត្រឹមតែ ១ ខែប៉ុណ្ណោះ។

លោក Ball ដែលជាម្ចាស់អាជីវកម្មមានអាយុ ៣៩ឆ្នាំ រូបនេះ បានផ្តល់បទសម្ភាសន៍មកកាន់កម្មវិធី Sentangsedtee ឬ វិថីមហាសេដ្ឋីថា៖ Manthip Monkey គឺជាអាជីវកម្ម Franchise មួយរបស់ក្រុមហ៊ុន Monkey Island Station Co., Ltd. ដែលចាប់ផ្តើមដំបូងពីការលក់ចេកអាំងប៉ុណ្ណោះ។ លោកបាននិយាយថា ដើមឡើយ ម្តាយរបស់លោក គឺជាអ្នកលក់ចេកអាំង នៅស្រុកព្រះពុទ្ធបាត ខេត្តសារ៉ាបុរី ហើយក្រោយមកលោកក៏ចាប់ផ្ដើមលក់ចេកអាំងតាមម្ដាយ ដោយបានជិះឡានទៅលក់ចេកអាំងនៅស្រុកមឿង ខេត្តសារ៉ាបុរី។ លុះលក់បានរយៈពេល ១-២ឆ្នាំ គាត់ក៏ចាប់ផ្ដើមបើកឡានទៅទិញចេកជាមួយម្តាយ នៅខេត្តអាងថង ហើយក៏បានប្រទះឃើញរទេះលក់ចេកអាំង ដោយលក់រួមជាមួយបង្អែមដែលហៅថា មាន់ ធីប ដែលជាអាហារសម្រន់ធ្វើពីដំឡូងមី អាំងពីលើចង្ក្រានធ្យូង។
បានឃើញហើយ លោកបានសួរម្តាយថា តើនំនោះពិបាកធ្វើដែរទេ? ហើយម្តាយរបស់លោកបានតបមកវិញថា មិនពិបាកទេ គឺគាត់អាចធ្វើបាន ដូច្នេះហើយអ្នកទាំង ២ ក៏ត្រឡប់មកធ្វើបែបចំហុយខ្លះ បែបបុកខ្លះនៅផ្ទះ។ ក្រោយពីបានអភិវឌ្ឍរូបមន្ត និងមុខមាត់ថ្មីនៃនំ ដំឡូងដុតហើយ លោកក៏ចាប់ផ្តើមបើកលក់ ដោយមានរហូតដល់ទៅ៦ រសជាតិផងដែរ គឺ៖ដំឡូងបំពង វ៉ោយ ដំឡូងជ្វាពណ៌ស្វាយ សូកូឡា ម្នាស់កូរ និងម្សៅបំពងប្រៃ ចំណែកសាច់វិញមិនផ្អែមពេកទេ ហើយអ្វីដែលសំខាន់បំផុតនោះគឺមានមានស្តង់ដារ FDA ច្បាស់លាស់ថែមទៀតផង។
គួរបញ្ជាក់ឱ្យដឹងផងដែរថា៖ បច្ចុប្បន្នលោកបានបើកលក់ជា Franchise សម្រាប់អ្នកដែលមានបំណងចង់លក់ផ្កូបជាមួយចេកអាំងរបស់លោក បន្ថែមទៀតក៏បាន។ ម្យ៉ាងវិញទៀតលោក Ball ក៏បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា នៅពេលអនាគតទាំង រូបរាង ការវេចខ្ចប់ ពណ៌ អាចនឹងត្រូវបានបង្កើតឡើងថ្មីបន្ថែមទៀត ដូចជាល្ពៅ ឬទុរេន ដើម្បីបន្ថែមភាពទាក់ទាញដល់អតិថិជន ក៏ដូចជាភាពទាក់ទាញដល់ផលិតផល៕
អត្ថបទ៖ Bee
ប្រភព៖ Sentangsedtee