កសិករចំនួន១១៥គ្រួសារ នៅខេត្តស្ទឹងត្រែង ទទួលបានហិរញ្ញប្បទានឥតសំណងសម្រាប់ចិញ្ចឹមជ្រូក
អាជីវកម្ម October 15, 2022 Naren

(ស្ទឹងត្រែង)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថាគម្រោងពិពិធកម្មកសិកម្មកម្ពុជាសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានជួយគាំទ្រផ្នែកថវិកាទៅសមាជិកសហគមន៍ព្រះរំកិលចំនួន១១៥គ្រួសារសម្រាប់បង្កើតមុខរបរចិញ្ចឹមជ្រូកជាលក្ខណ:គ្រួសារ។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង បំពេញបន្ថែមទុនវិនិយោគជាមួយសហគមន៍កសិកម្មព្រះរំកិល និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ ខែតុលាឆ្នាំ២០២២ លោក ហុក គឹមធួន ប្រធានគ្រប់គ្រងគម្រោងនេះ បានបញ្ជាក់ថារាជរដ្ឋាភិបាលបានជួយផ្គត់ផ្គង់ថវិកាចំនួន៤០%ពីលើដើមទុនរបស់ប្រជាកសិករយើង ដើម្បីជំរុញផ្នែកផលិតកម្មចិញ្ចឹមជ្រូក ឱ្យដំណើរការទៅមានភាពរលូននិងទទួលបានប្រាក់ចំណូល។

លោកថា កិច្ចការងារនេះធ្វើឡើងមានភាពយឺតពេលបន្តិចមែនតែវាមានភាពច្បាស់លាស់ពិតប្រាកដទៅលើការអនុវត្តការងារកសិធុរកិច្ចរបស់ប្រជាកសិករ ហើយទទួលយកទុនដែលជាជំនួយឥតសំណងយកទៅអភិវឌ្ឍមុខរបរឱ្យទទួលបានជោគជ័យ។ លោកហ៊ីង ពៅ ប្រធានសហគមន៍កសិកម្មព្រះរំកិល ឃុំព្រះរំកិលស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា សហគមន៍កសិកម្មព្រះរំកិល មានសមាជិកចំនួន១១៥គ្រួសារ ក្នុងនោះ៧៥គ្រួសារទទួលយកទុន៤០%សម្រាប់បង្កើនមុខរបរចិញ្ចឹមជ្រូកនេះ ហើយ៤០គ្រួសារទៀតគាត់អាចម្ចាស់ការខ្លួនឯងបានដោយមិនបាច់យកទុនពីគម្រោងទេ ។

នេះជាក្ដីសង្ឃឹមមួយថ្មីទៀត បន្ទាប់ពីសហគមន៍ព្រះរំកិលទទួលបានម៉ាស៊ីនសម្ងួតគ្រាប់ធញ្ញជាតិ ពីអង្គការដៃគូជប៉ុនបានបង្កើតការងារធ្វើជូនដល់សមាជិកសហគមន៍ ហើយបច្ចុប្បន្នទោះបីមានភាពលំបាកខ្លះៗក៏ដោយ សមាជិកក្នុងសហគមន៍នៅតែខំប្រឹងប្រែងតទៅមុខទៀត។

លោកណយ ភារម្យ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖កត្តានេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាបានធ្វើបដិភាគថវិកាចំនួន១០លានដុល្លារ បន្ថែមលើហិរញ្ញប្បទានទទួលបានពីធនាគារពិភពលោក ចំនួន៩១.៦៧លានដុល្លារ សម្រាប់អនុវត្តសកម្មភាពក្នុងខេត្តគោលដៅចំនួន១២ រួមមានខេត្តបាត់ដំបង-សៀមរាប- ព្រះវិហារ -ស្ទឹងត្រែង-រតនគិរី -មណ្ឌលគិរី -ក្រចេះ-ត្បូងឃ្មុំ -កំពង់ចាម -កំពង់ឆ្នាំង- កំពង់ស្ពឺ- និងខេត្តកណ្តាល រួមទាំងរាជធានីភ្នំពេញផងដែរ។

សូមបញ្ជាក់ថាគម្រោងពិពិធកម្មកសិកម្មកម្ពុជាបានចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ២០២០ ទៅលើ សហគមន៍នៅតាមបណ្តាខេត្តគោលដៅ ជាក់ស្តែងសហគមន៍កសិកម្មព្រះរំកិលខេត្តស្ទឹងត្រែង ទទួលបានហិរញ្ញប្បទានចំនួន៦៥.០០០ដុល្លារសម្រាប់ជួយបំពេញបន្ថែមក្នុងការទ្រទ្រង់ផលិតកម្មចិញ្ចឹមជ្រូក ប្រចាំគ្រួសារនៅក្នុងសហគមន៍ដែលបានបង្កើតឡើង៕

ប្រភព៖ ក្រសួងព័ត៌មាន