គម្រោងវិនិយោគចំនួន៥ ស្ថិតនៅក្នុងខេត្តស្វាយរៀង, តាកែវ និងភ្នំពេញ ដែលទើបនឹងត្រូវបានអនុម័ត បង្កើតការងារបានប្រហែលចំនួន ៤,៥៦១ កន្លែង
អាជីវកម្ម October 14, 2022 Naren

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃ១៣ ខែក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃពុធថា គម្រោងវិនិយោគចំនួន៥បន្ថែមទៀតដែលមានទុនវិនិយោគសរុបគិតជាទឹកប្រាក់ចំនួន ២៩.២លានដុល្លារអាមេរិក ត្រូវបានផ្តល់ភ្លើងខៀវ។

គម្រោងថ្មីទាំងនេះស្ថិតនៅក្នុងខេត្តស្វាយរៀង និងតាកែវ និងរាជធានីភ្នំពេញជារបស់ក្រុមហ៊ុនចំនួនប្រាំផ្សេងគ្នា។ CDC បានចង្អុលបង្ហាញថា ក្រុមហ៊ុនទាំងប្រាំនឹងវិនិយោគលើការផលិតអំពូលភ្លើង និងគ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក សំលៀកបំពាក់ ដើមឈើណូអែល និងវត្ថុអនុស្សាវរីយ៍។ ប្រភពដដែលបាននិយាយថា គម្រោងដែលបានអនុម័តថ្មីនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារប្រហែលបានចំនួន ៤,៥៦១ កន្លែង។

ខាងក្រោមនេះជាព័ត៌មានលម្អិត ដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“GORGEOUS LIGHTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿងបង្គុំរបស់អំពូលលម្អ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៨,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៣៣កន្លែង។

២-“JT ELECTRONICS CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ អំពូលភ្លើង និងគ្រឿងបង្គុំអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៨៣កន្លែង។

៣-“LINGBENYANG OPTOELECTRONICS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៣៣កន្លែង។

៤-“YI ZHOU HONG RI (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៤៤កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន

“FORESTSTAR TREE INDUSTRIAL (CAMBODIA) CO., LTD.” ដែលជាគម្រោងបង្កើតរោងចក្រផលិតដើមណូអែល អំពូលភ្លើងលម្អរដើមណូអែល សម្ភារៈគ្រប់ប្រភេទសម្រាប់តុបតែងលម្អរដើមណូអែល និងវត្ថុអនុស្សាវរីយ៍ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៦៨កន្លែង៕

ប្រភព៖ ក្រសួងព័ត៌មាន