រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ម៉េង ស័ក្តធារ៉ា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy និងការចាកចេញរបស់កប៉ាល់ផ្ទុកប្រេងពីកម្ពុជា កាលពីឆ្នាំមុននេះ ដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានមតិភាគច្រើនចាត់ទុកថា ជាបរាជ័យរបស់កម្ពុជា នៅក្នុងដំណើរផលិតកម្មប្រេងរបស់ខ្លួន ហើយបានបាត់បង់ធនធានទាំងនេះទាំងស្រុង។

ផ្ទុយពីការយល់ឃើញខាងលើនេះ ឯកឧត្តម ម៉េង ស័ក្តធារ៉ា បានផ្តល់បច្ចុប្បន្នភាពសម្រេចចុងក្រោយនៃបញ្ហានេះ តាមចំណុចសំខាន់ៗដូចខាងក្រោម៖
១. ប្រេងឆៅរបស់កម្ពុជាដែលផលិតបានទាំងអស់ មិនមានការបាត់បង់ទេ។ ការតស៊ូតាមផ្លូវច្បាប់ជាតិនិងអន្តរជាតិ និងការចរចារពាណិជ្ជកម្មដ៏ស្វិតស្វាញ បានរក្សាការពារបាននូវកម្មសិទ្ធនិងផលប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជាបានយ៉ាងពេញលេញ ក្នុងនាមជាម្ចាស់ធនធាននេះ។
២. បន្ទាប់ពីបានគិតតម្រូវតាមលក្ខណៈបច្ចេកទេសគុណភាពរួចហើយ ប្រេងឆៅ ដែលអាចបូមលក់បាន មានចំនួនសរុប ២៨០,៦៥៦ បារ៉ែល ត្រូវបានប្រគល់មកឱ្យរដ្ឋាភិបាលវិញ ដើម្បីចាត់ចែងលក់ និងទូទាត់ចំណែកដល់គ្រប់ភាគីពាក់ព័ន្ធ ស្របតាមកិច្ចព្រមព្រៀងជាសៈ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងស្របតាមគោលការណ៍នៃច្បាប់ជាតិនិងច្បាប់អន្តរជាតិ។
៣. ការលក់ប្រេងឆៅរបស់កម្ពុជា បានបញ្ចប់ដោយជោគជ័យ កាលពីខែកញ្ញា ២០២២ កន្លងនេះ ដែលការទូទាត់ផ្សេងៗ មានលំអិតប៉ាន់ស្មានដូចខាងក្រោម៖
– ថ្លៃប្រេងឆៅ ត្រូវកំណត់យកតាមមូលដ្ឋានមធ្យមភាគថ្លៃប្រចាំខែកញ្ញា ស្មើនឹង ៨៩,៨៦៧ដុល្លារក្នុងមួយបារ៉ែល។
– សរុបទឹកប្រាក់លក់បានជាង២៥លានដុល្លារ (២៥ ២២២ ៥៥៤,៧២ដុល្លារ)
– ទឹកប្រាក់លក់បាននេះ ត្រូវកាត់កងថ្លៃឈ្នួលទីផ្សារ និងការបញ្ចុះថ្លៃតាមគុណភាពប្រេង ១១,៤៥ដុល្លារក្នុងមួយបារែល ស្មើនឹងជាង ៣លានដុល្លារ (៣ ២១៣ ៥១១,២០ដុល្លារ)
– ចំណាយលើការដឹកជញ្ជូន ការបង់ថ្លៃធានារ៉ាប់រង ថ្លៃសេវាផ្ទេរផ្ទង់ និងសេវាជំនាញការអន្តរជាតិផ្សេងៗ មានចំនួន ជាង១ ៧១៥ ៣០៦ដុល្លារអាមេរិក
– ក្រោយការទូទាត់ថ្លៃខាងលើ ចំណូលលក់នៅសល់សម្រាប់ការបែងចែកដល់ភាគីពាក់ព័ន្ធ មានចំនួនជាង ២០លានដុល្លារ (២០ ២៩៣ ៧៣៧,៥២ដុល្លារ)។
– ចំណែកភាគីរដ្ឋាភិបាល ត្រូវទទួលបាន ៧០% នៃចំណូលលក់នៅសល់ខាងលើ ស្មើនឹងជាង១៤លានដុល្លារ (១៤ ២០៥ ៦១៦,២៦ដុល្លារ)។
៤. ក្រៅពីចំណែកសាច់ប្រាក់ដែលរដ្ឋបានទទួលពីការលក់ប្រេងឆៅខាងលើ ភាគីរដ្ឋាភិបាលទទួលបានបន្ថែមខាងក្រោម៖
– ចំណូលថវិកា៥លានដុល្លារ ពីការរឹបអូសប្រាក់តម្កល់ធានាកាតព្វកិច្ចរបស់ក្រុមហ៊ុន KrisEnergy ដែលបានតម្កល់ពីមុនពេលប្រកាសក្ស័យធន
– ស្ថាបនភ័ណ្ឌ និងកប៉ាល់ផលិតកម្មប្រេង ដែលមានស្រាប់នាពេលបច្ចុប្បន្ន នៅទីតាំងផលិតកម្មនៅក្នុងតំបន់ផ្លាតហ្វម A នៅប្លុក A នាពេលបច្ចុប្បន្ននេះ។
ដំណើរផលិតកម្មប្រេងរបស់កម្ពុជា មិនបញ្ចប់ដោយការក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy ទេ។ ជាមួយប្រព័ន្ធស្ថាបនភ័ណ្ឌ ដែលមានរួចហើយ និងទុនដំបូងដែលបានពីការលក់ប្រេងខាងលើ រដ្ឋអាចបន្តដំណើរការផលិតប្រេង ដែលនៅសល់តាមអណ្តូងប្រេងទាំងប្រាំ ប្រមាណ ជាង១០ម៉ឺនបារ៉ែលបន្តទៀត និងអាចខួងអណ្តូងប្រេងកាតបន្ថែម ដើម្បីផលិតប្រេងនៅតំបន់មួយចំនួនទៀត ក្រៅពីតំបន់ផ្លាតហ្វម A នេះបន្តទៀត៕
ប្រភព៖ លោក Meng Saktheara