ក្រុមហ៊ុនធំចំនួន២ បន្ដចុះកិច្ចសន្យាបញ្ជាទិញស្រូវសរីរាង្គពីសហគមន៍កសិកម្មចំនួន១០នៅខេត្តព្រះវិហារ លើបរិមាណ២៥០០តោននៅឆ្នាំនេះ
អាជីវកម្ម October 12, 2022 Naren

(ព្រះវិហារ) ៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វអេស៊ា និងក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ ដែលជាក្រុមហ៊ុនកែច្នៃនាំចេញអង្ករទៅទីផ្សារអន្ដរជាតិ មានផែន ការទិញស្រូវសរីរាង្គ ឱ្យបានចំនួន២៥០០តោន ក្នុងឆ្នាំ ២០២២នេះ ពីសហគមន៍ចំនួន១០ ក្នុងខេត្តព្រះវិហារ តាមរយៈការធ្វើផលិតកម្មកសិកម្ម តាមកិច្ចសន្យា។ ការចុះកិច្ចសន្យាទិញ-លក់ស្រូវសរីរាង្គ រវាងក្រុមហ៊ុនបញ្ជា ទិញ និងសហគមន៍កសិករក្នុងខេត្តព្រះវិហារនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ការអនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យា លើកសិផលសរីរាង្គក្នុងឆ្នាំ២០២២នេះ សរុបជិត ៨ម៉ឺនតោន ក្នុងនោះមានស្រូវសរីរាង្គ ១៥,៣៥០ តោន, ដំឡូងមីសរីរាង្គ ៥៥,០០០តោន ស្វាយចន្ទីសរីរាង្គ ៥០០តោន និងសណ្ដែកដីសរីរាង្គ ៣០តោន ដែលធ្វើឡើងរវាងសហគមន៍កសិកម្ម ចំនួន ៣២ក្នុងខេត្ត ព្រះវិហារ និងក្រុមហ៊ុនដៃគូសហការទាំងអស់។ លោកបន្ថែមថា សម្រាប់ក្រុមហ៊ុនចំនួន២នាពេលនេះផ្ទាល់ បានបន្ដកិច្ចសន្យាបញ្ជាទិញ ស្រូវសរីរាង្គពីសហគមន៍ កសិកម្ម១០ ដែលមានអ្នកផលិត១,៥១៤គ្រួសារ លើកសិផលសរីរាង្គសរុប ២,៥០០តោន។

លោកស្រី សៅ សុនិតា អគ្គនាយករង ក្រុមហ៊ុន ហ្គោលដិនរ៉ាយស៍ ដែលជាក្រុមហ៊ុននាំចេញអង្ករសរីរាង្គទៅទីផ្សារអន្ដរជាតិ បានបញ្ជាក់ថា នេះជាឆ្នាំទី៤ហើយ ដែលក្រុមហ៊ុនបានចាប់ដៃគូសហការជាមួយកសិករខេត្ត ព្រះវិហារ ក្នុងការបញ្ជាទិញស្រូវសរីរាង្គសម្រាប់កែច្នៃនាំ ចេញទៅទីផ្សារអន្ដរជាតិ ដែលក្នុងនោះមានទាំងទីផ្សារក្នុងប្រទេសអាស៊ី ទីផ្សារអឺរ៉ុប និងអាមេរិក ជាដើម។ ពោលគឺនៅឆ្នាំទី១ ក្រុមហ៊ុនបានចុះកិច្ចសន្យាទិញក្នុងបរិមាណ ៤,០០០តោន, ឆ្នាំទី២ ចំនួន ៣៥០០តោន ឆ្នាំទី៣ ១៥០០តោន និងឆ្នាំទី៤នេះ ក្រុមហ៊ុននៅតែបន្ដបញ្ជាទិញក្នុងបរិមាណមិនប្រែប្រួល ក្នុង១៥០០តោនដដែល ហើយសម្រាប់ឆ្នាំ២០២៣ ខាងមុខ ក្រុមហ៊ុនមាន ផែន ការថានឹងពង្រីកបរិមាណឱ្យបានកាន់តែខ្ពស់ជាងនេះបន្ថែមទៀត។

ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងសហការគ្នាបានយ៉ាងល្អ ពីគ្រប់ភាគីពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីមន្ទីរកសិកម្ម រហូតឈានដល់ការសម្រេចបានជាបន្ដបន្ទាប់នូវកិច្ចសន្យាមួយដែល អាចចាត់ទុកថាជាខ្សែបន្ទាត់ ឬជានីតិវិធីសម្រាប់ឱ្យភាគីអ្នកផលិត និងអ្នកបញ្ជាទិញដើរព្រមគ្នាឆ្ពោះទៅទិសដៅមួយយ៉ាងជាក់លាក់ ពិតប្រាកដ តម្លាភាព សច្ចភាព និងជំនឿទុកចិត្តគ្នា ដោយឈរលើគោលការណ៍សំខាន់ ៣គឺ៖ ធានាបាននូវបរិមាណផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព គុណភាពផលិតផល ធានាបាននូវតម្លៃ សាមគ្គីភាព កិច្ចសហការ ជំនឿទុកចិត្ត និងផ្ដល់ផល ប្រយោជន៍ឱ្យគ្នាទៅវិញទៅ មក ដោយសេចក្ដីរំពឹងទុកសម្រាប់ពេលអនាគត វិស័យកសិកម្ម នៅក្នុងខេត្តព្រះវិហារ នឹងក្លាយជាកសិកម្មបែបសរី រាង្គចាប់ពីមូលដ្ឋាន រហូតដល់ ទីផ្សារចរាចរផលិតផល ៕

ប្រភព៖ ក្រសួងព័ត៌មាន