ស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនទីក្រុងហូជីមិញ បិទទ្វារជាបណ្តោះអាសន្ន ក្រោយអស់សាំងពីស្តុក
អាជីវកម្ម October 10, 2022 Naren

(វៀតណាម)៖ ប្រជាជនវៀតណាម កំពុងជួបការលំបាកក្នុងការទិញប្រេងឥន្ធនៈនៅទីក្រុងហូជីមិញ, Dong Nai និង Binh Duong ជាមួយនឹងស្ថានីយ៍ប្រេងឥន្ធនៈជាច្រើនដែលបិទទ្វារឈប់លក់ជាបណ្តោះអាសន្ន ឬលក់តែក្នុងបរិមាណតិចតួចប៉ុណ្ណោះ។

ស្ថានីយ៍ប្រេងឥន្ធនៈចំនួន៥៤ នៅទីក្រុងហូជីមិញបាននិយាយថា ពួកគេអស់សាំងចាប់តាំងពីអ្នកផ្គត់ផ្គង់មិនបានចែកចាយចូល។ អ្នកលក់រាយភាគច្រើននៅក្នុងទីក្រុងនិយាយថា ពួកគេបានខាតបង់ពី ១០០ទៅ ៣០០លានដុង (៤,១៦៦-១២,៥០០ដុល្លារ) ក្នុងករណីស្ថានីយ៍ប្រេងឥន្ធនៈតូចៗ និងរហូតដល់ទៅ ៥០០លានដុងសម្រាប់ហាងធំដោយសារតែកម្រៃជើងសារទាប ហើយប្រហែលជាត្រូវបិទទ្វារប្រសិនបើអ្វីៗមិនប្រសើរឡើងក្នុងសប្តាហ៍នេះ។

កង្វះខាតប្រេងឥន្ធនៈនេះបានកើតមានឡើងតាំងតែពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៩ ខែតុលា ទើបនាយកដ្ឋានគ្រប់គ្រងទីផ្សារនៃទីក្រុងហូជីមិញបាននិយាយថា ស្ថានីយ៍ប្រេងឥន្ធនៈចំនួន ៥៤ ក្នុងចំណោម ៥៥០ ឈប់ដំណើរការជាបណ្តោះអាសន្ន។ ដោយភាគច្រើនបានអស់សាំងពីស្តុកដោយសារតែការផ្គត់ផ្គង់ទំនិញមិនអាចឆ្លើយតបទាន់ពេលវេលា៕

ប្រភព និងរូបភាព៖ vnexpress