(ថៃ)៖ ពលបាល Piya Srisamphan អាយុ ២៦ ឆ្នាំ បានផ្តល់បទសម្ភាសន៍ដល់កម្មវិធី មហាសេដ្ឋីតាមអនឡាញ អំពីហាងមាន់អាំងដែលមានឈ្មោះថា Mu Ya Kai Yang និងអាជីវកម្មរបស់គាត់ មុននឹងណែនាំខ្លួនបន្តថា ដើមឡើយលោកគឺជាអ្នកខេត្ត សុផាន់ បុរី ក្រោយមកក៏បានចុះឈ្មោះចូលបម្រើយោធាតាំងពីអាយុ ១៨ ឆ្នាំ ហើយក៏បានផ្លាស់ទៅខេត្ត Kanchanaburi តាំងពីឆ្នាំ ២០១៥ មក ហើយបច្ចុប្បន្នកំពុងបម្រើការនៅ Royal Rama IX Division 1 ។ ចំណែកប្រវត្តិនៃអាជីវកម្ម Moo Ya Kai Yang ដែលដំណើរការទៅបានល្អនោះ ពលបាល Piya ដែលអនុញ្ញាតឲ្យហៅឈ្មោះកាត់ថា Mu Ya បានរៀបរាប់អោយដឹងថា ដើមឡើយ ឪពុកម្តាយរស់នៅខេត្ត Suphanburi ប៉ុន្តែដោយសារតែ មានបញ្ហាបំណុលច្រើន អាស្រ័យហេតុនេះ ក៏បានអញ្ជើញអោយឪពុកម្តាយមករស់នៅជុំជាមួយខ្លួននៅឯខេត្ត Kanchanaburi ព្រោះតែគាត់មានផ្ទះរដ្ឋាភិបាលឱ្យរស់នៅ។
ពលបាល Piya បានរៀបរាប់បន្តថា ពេលនោះលោកមានអារម្មណ៍ថាអាណិតម្តាយណាស់ នៅពេលដែលឃើញម្តាយក្រៀមក្រំបៀមទុកតែម្នាក់ឯង ហើយម្តាយលោកបានឆ្លៀតទៅធ្វើការសុំឈ្នួលគេបានមួយថ្ងៃ ៣០០បាត ឬជិត ១០$ក្នុងមួយថ្ងៃ ប៉ុន្តែត្រូវសងបំណុលគេច្រើន ដូច្នេះហើយលោកក៏គិតរកវិធីជួយម្តាយ។ នៅពេលឪពុកម្តាយមកស្នាក់នៅជាមួយ កូនប្រុសតែមួយក៏បានបបួលឪពុកម្តាយធ្វើអាជីវកម្មលក់ដូរ ដោយផ្តើមពីការបើកតូបលក់បាយនៅក្នុងផ្សារ ព្រោះម្ដាយគាត់មានជំនាញធ្វើម្ហូបរួចហើយ តែក្រោយរកឃើញកូវីដរលកទី១ ផ្សារស្ងាត់ ម្ហូបស្ទើរតែលក់មិនអស់សល់រាល់ថ្ងៃ ក៏ត្រូវកែផែនការលក់ ប្តូរទីតាំង រករបស់ថ្មីមកលក់។
លុះក្រោយមក ក៏ងាកមកលក់មាន់អាំង ដោយសារតែធ្លាប់ឃើញមានពូម្នាក់ ធ្លាប់លក់នៅមុខផ្សារ ក្រោយមក
គាត់ក៏បានឈប់លក់ ជាហេតុនាំអោយពលបាល Piya សម្រេចចិត្តតែមួយថ្ងៃដើម្បីស្វែងរករូបមន្តក្នុងការប្រឡាក់សាច់ ធ្វើ២នាក់ម៉ែកូន និងភ្លក្សរសជាតិរហូតដល់រូបមន្តល្អឥតខ្ចោះ ក៏ចាប់លក់ ក្រោយពីឃើញថាថ្ងៃដំបូងធ្វើលក់បាន ១០០ចង្កាក់ មិនបានប៉ុន្មាននាទីផង ក៏លក់អស់ ដោយថ្ងៃដំបូងទទួលបាន ៨៥០បាត ឬជាង២០ដុល្លា លោកនិងម្តាយសប្បាយចិត្តខ្លាំង រួចក៏ចាប់ផ្ដើមលក់ដាច់ជាប់រហូតដល់សព្វថ្ងៃ។
គួរបញ្ជាក់អោយដឹងផងដែរថា បច្ចប្បន្ន លោកក៏មានផែនការអាជីវកម្មផងដែរ ដោយឥលូវលោកបានជួលមិត្តម្នាក់មកជួយជាកម្មករ២នាក់ ហើយចង់លក់ជា Franchise ដោយមានទទួលឌីហ្សាញស្តង់ ឌីហ្សាញ ស្លាកសញ្ញា ព្រមទាំងឧបករណ៍លក់មួយឈុត តម្លៃបានកំណត់រួចហើយ 9,999 បាត ឬជិត ៣០០ដុល្លាអាមេរិក ប៉ុន្តែដោយសារតែការជួបប្រទះនឹងរលកទី១នៃមេរោគកូវីដ១៩ជាច្រើន ដូច្នេះ ហ្វ្រេនឆាយមិនទាន់ចេញលក់ទេ ព្រោះខ្លាចអតិថិជនដែលទិញទៅ មិនអាចលក់បានរហូតដល់បាក់ទឹកចិត្ត ដូច្នេះគម្រោងត្រូវបានពន្យារពេល៕


អត្ថបទ៖ Bee
ប្រភព៖ sentangsedtee


