ស្ត្រីថៃម្នាក់ ធ្លាប់ជាអតីតអ្នកបម្រើការលើយន្តហោះ ងាកមកធ្វើភីហ្សាដុតឡនៅផ្ទះ រកចំណូលបានរាប់ម៉ឺនបាតក្នុងមួយខែ!
អាជីវកម្ម October 4, 2022 Khmernote

ថៃ៖ នាសម័យនេះ ប្រសិនបើយើងមានវិជ្ជាជីវៈជាច្រើន មិន​ឃើញ​ថាជារឿង​ប្លែក​ទៀត​ទេ ដូច​អ្នកនាង Aree ឬ អ្នកនាង Tharathan Kositanon អតីត​នារីបំរើការលើយន្តហោះ អោយក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន ដែល​បច្ចុប្បន្ន​ជា​ស្ត្រី​មេផ្ទះ​មើល​ថែ​កូន​២​នាក់​បាន​រៀបរាប់ប្រាប់កម្មវិធី ​ផ្លូវ​មហាសេដ្ឋី​តាម​អ៊ីនធឺណិត ឬ sentangsedtee ថា ការចាប់ផ្តើមនៃការលក់ភីហ្សាទះ ចាប់​ផ្ដើម​ពី​មាន​ពេល​ទំនេរ​នៅ​ពេល​ល្ងាច​បន្ទាប់​ពី​ទទួល​កូន​ពី​សាលារួច អ្នកនាងក៏បានគិត​ថា ​ក្នុង​អំឡុង​ទំនេរនេះគឺអាចបង្កើត​​លុយបាន យ៉ាង​ហោច​ណាស់​ក៏អាចរកបានរួចថ្លៃទឹក និង​ភ្លើង​ក៏ជាការល្អម្យ៉ាងដែរ ដូច្នេះហើយប្តីរបស់អ្នកនាង ក៏បានបង្រៀនអ្នកនាងឱ្យរៀនធ្វើភីហ្សាដុតឡធ្យូងនៅផ្ទះ ដោយកំឡុងពេលហ្វឹកហាត់ ភីហ្សាចេញមកមើលទៅគឺទំនងគួរអោយចង់ញាំខ្លាំងណាស់ ដោយពីដំបូងនោះ អ្នកនាងគ្រាន់តែសង្ឃឹម​ថា យ៉ាង​ហោច​ណាស់​អ្នកនាង ​អាច​ថត​រូប​ដើម្បី​បង្អួត​មិត្ត​ភក្តិ​របស់​អ្នកនាងបានតែប៉ុណ្ណោះ។

ប៉ុន្តែលទ្ធផលបានប្រែទៅជាលើសពីការរំពឹងទុក ជាហេតុនាំអោយអ្នកនាង សម្រេច​ចិត្ត​ធ្វើញាំសម្រាប់​ខ្លួន​ឯងខ្លះ ចែកជូនអោយអ្នកជិតខាងខ្លះ ក៏ដូចជា ផ្ញើជូនមិត្តភ័ក្តិដើម្បីភ្លក្សរសជាតិ ធ្វើ​រហូត​ដល់​មាន​ទំនុក​ចិត្ត​ទើប​ចាប់​ផ្ដើម​ប្រកាស​លក់​តាម​ភូមិ ហើយបន្ទាប់មកលក់តាមអ៊ីនធឺណិត ដោយបានទទួលយករាល់មតិរិះគន់និងណែនាំមក​កែលម្អ​កាន់តែ​ប្រសើរ​ឡើង។

លុះក្រោយមកទៀត ក៏មានគេហៈទំព័រល្បីមួយមកសុំថតនិងសម្ភាសន៍ដល់ផ្ទះ ហើយនេះក៏ជាចំណុចដែល ត្រូវបានគេស្គាល់កាន់តែច្រើន ថែមទាំងទទួលបាន ទាំងការកម្ម៉ង់ពី page ហាង ខ្លះទៀតក៏ខលមកកម្ម៉ង់​ហើយ​បើក​ឡាន​មកយកដល់មុខផ្ទះទៀតផង។ ដោយសារតែការដែលយើង​ចង់​មាន​ពេល​ខ្លះ​សម្រាប់​គ្រួសារ ដូច្នេះ​ហើយអ្នកនាងក៏មាន​គោលដៅ​លក់​មិន​ឱ្យលើស​ពី​១០០​ថាស​ក្នុង​មួយ​សប្តាហ៍​ទេ ពោលគឺ​លក់​តែ​ថ្ងៃ​ព្រហស្បតិ៍​ រហូតដល់ថ្ងៃអាទិត្យតែប៉ុណ្ណោះ ដែល ជាមធ្យមគឺលក់បាន ២៥ថាសក្នុងមួយថ្ងៃ។ ឥឡូវនេះវាចាប់ផ្តើមមានភ្ញៀវកក់ពេញមួយសប្តាហ៍ ក៏ដូចជារំលងដល់សប្តាហ៍ទី២ខ្លះដែរហើយ អ្នកនាង Aree បានរៀបរាប់បន្ថែមថា «អ្នកនាងពិតជាមានអារម្មណ៍សប្បាយរីករាយណាស់សម្រាប់ជោគជ័យក្នុងការលក់មួយនេះ» ។

គួរបញ្ជាក់អោយដឹងផងដែរថា ដោយសារ​ភីហ្សា​ដុត​ឡធ្យូងនេះ ទទួលបាន​ផល​ចំណេញ​ច្រើនគួរសម ដូច្នេះ​ហើយអ្នកនាងយល់ថា អ្នកនាង​មិន​ចាំ​បាច់​លក់​ច្រើន​ពេកទេ​ក្នុង​មួយ​ថ្ងៃ ព្រោះអ្នកនាង លក់ដើម្បីតែអាចទូទាត់វិក្កយបត្រថ្លៃទឹក និង វិក្កយបត្រ​អគ្គិសនីតែប៉ុណ្ណោះ ចំណែកថ្លៃផ្ទះឬទីតាំងក៏មិនអស់ថ្លៃជួល ពោលគឺ​វា​គ្រប់គ្រាន់​ណាស់ទៅហើយ ព្រោះ​យើង​មិន​មាន​ថ្លៃ​ឈ្នួល​ខ្ពស់ គ្មាន​ថ្លៃ​បុគ្គលិក លុយដែលលក់បាននោះ បន្ទាប់ពីទូទាត់ថ្លៃចំណាយនៅសល់លុយគឺចូលហោប៉ៅយ៉ាងរីករាយនិងក្តីសុខតែម្តង។ អ្នកនាងបានបន្តថា នៅថ្ងៃអនាគត បើសិនជាអាច អ្នកនាងគ្រោងធ្វើភីហ្សាបែប Chef Table នៅផ្ទះ ទទួលបាន ២តុក្នុងមួយថ្ងៃ បម្រើភីហ្សា ដែលយើងទទួលបានគ្រឿងផ្សំពីអ៊ីតាលីដល់អតិថិជនជួសាកល្បងភ្លក់ ដោយទទួលទាជាមួយភេសជ្ជៈ និងម្ហូបតេស្តៗមួយចំនួន ដែលមានបរិយាកាស​ដូច​ជា​ញ៉ាំ​អាហារ​ជាមួយ​មិត្តភ័ក្ដិអញ្ចឹង៕

អត្ថបទ៖ Bee
ប្រភព៖sentangsedtee