ថៃ៖ ទម្រាំតែអាជីវកម្មរបស់ខ្លួននឹងទទួលបានជោគជ័យ សហគ្រិនជាច្រើន រមែងចំណាយពេលជាច្រើនឆ្នាំនៃការខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅរបស់ខ្លួន។ ក្នុងថ្ងៃនេះដែរ យោងតាមរយៈសារព័ត៌មាន Sentangsedtee មានឱកាសបានជជែកជាមួយលោក Ball-Pasakorn Tirakhuntayakorn ដែលជាម្ចាស់ក្រុមហ៊ុន Monkey Island Station Co., Ltd. ដែលពង្រីកអាជីពបន្តពីម្តាយរបស់លោក ដែលធ្លាប់តែជិះម៉ូតូរ៉ឺម៉កកង់បីលក់ចេកអាំងខ្ទិះដូង ដែលមានរសជាតិឈ្ងុយឆ្ងាញ់ រហូតដល់អាចពង្រីកទៅជាអាជីវកម្ម Franchise ដែលបានបើកសាខាជាង ២០០ កន្លែងនៅទូទាំងប្រទេស ថែមទាំងរកបានចំណូលជិតមួយលានបាត ឬជិត៣មុឺនដុល្លារក្នុងមួយខែ។
ម្ចាស់អាជីវកម្មវ័យ ៣៩ឆ្នាំរូបនេះ បានរៀបរាប់អោយដឹងថា លោកធ្លាប់ជាបុគ្គលិកធ្វើការពេញម៉ោងពីមុន បន្ទាប់មកលោកក៏បានពិភាក្សាជាមួយមិត្តស្រីថា តើគួរធ្វើបែបណាដើម្បីទទួលបានប្រាក់សម្រាប់ដើរផ្សារទិញរបស់របរដែលខ្លួនចង់បាន? ក្រោយមកនាងក៏បានឆ្លើយតបមកវិញថា លក់ចេកអាំងជាមួយម៉ាក់ទៅ ដោយសារតែម្តាយរបស់លោកលក់នៅស្រុក Phra Phutthabat ខេត្ត Saraburi ទើបលោកសាកល្បងលក់នៅថ្ងៃសៅរ៍ និងអាទិត្យតែប៉ុណ្ណោះ។ បន្ទាប់ពីបានសាកល្បងលក់ហើយ លោកស្រាប់តែមានអារម្មណ៍ថាចូលចិត្ត ថែមទាំងគិតថាវាពិតជារបរដែលសាកសមសម្រាប់ការលក់ដូរ ហើយក៏ជាអាជីពដែលឯករាជ្យចំពោះខ្លួនឯងផងដែរ។ លើសពីនេះទៀត លោកក៏ចង់ទទួលបានប្រាក់ដោយមិនចាំបាច់រងចាំប្រាក់ខែបើក ដូច្នេះហើយលោកក៏បានលាឈប់ពីការងារតែម្តង។

បន្ទាប់ពីលាឈប់ពីការងាររួចមក លោក Ball បានជិះម៉ូតូរុឺម៉កទៅលក់ចេកអាំងនៅទីរួមខេត្ត Saraburi ព្រោះតែមិនចង់ប្រកួតប្រជែងនៅស្រុកជាមួយម្តាយ។ រីឯការលក់ចេកអាំងដំបូងរបស់គាត់បានបង្កើតប្រាក់ច្រើនសម្រាប់គាត់ ដោយក្នុងខែដំបូងការលក់នេះបានទទួលប្រាក់ចំណេញ ៣៧ ០០០ បាត ឬជាង ១ពាន់ដុល្លាឯណោះ។ នៅពេលដែលលោកបន្តការលក់ជារឿយៗ ស្រាប់តែថ្ងៃមួយក៏មានអតិថិជនម្នាក់សួរថា តើមានលក់ជាហ្វ្រេនឆាយឬអត់? រយៈពេលជិត ១០ ឆ្នាំហើយដែលលោកមិនធ្លាប់បានស្គាល់ពាក្យនេះទេ ទើបលោកទៅស្វែងរកព័ត៌មានលម្អិតអំពីការលក់ហ្វ្រេនឆាយ តាមរយៈ Google ក្រោយមកលោកក៏ព្យាយាមឆ្លើយជាមួយអតិថិជនថ្មីម្តងទៀតថា រហូតអតិថិនជនក៏បានសួរនាំអំពីតម្លៃនៃការលក់ហ្វ្រេនឆាយចេកអាំង ហើយលោកក៏មិនបានរៀបចំចម្លើយទាំងនោះទេ ព្រោះពេលនោះលោកក៏មិនបានដឹង និងមិនយល់ច្បាស់អំពីវា ១០០% ទេ ប៉ុន្តែលោកនៅតែបន្តការលក់ រហូតបានពង្រីកសាខាជាច្រើន។
គួរបញ្ជាក់អោយដឹងផងដែរថា៖ មិនមែនជារឿងងាយស្រួលនោះទេទម្រាំតែ Banana Monkey Island នឹងរីកចម្រើនទៅជាក្រុមហ៊ុន Monkey Island Station Company Limited ដែលបានបើកសាខាជាង ២០០ សាខា នៅទូទាំងប្រទេសថៃដូចសព្វថ្ងៃនេះ រមែងតែងជួបនឹងបញ្ហានិងឧបសគ្គជាច្រើនព្រោះកាលពីជិត១០ឆ្នាំមុនការធ្វើដំណើរមិនសូវល្អដូចសព្វថ្ងៃ រីឯឧបករណ៍ក៏ហួសសម័យ ហើយគ្មានអ្នកណាផ្ដល់ចំណេះដឹងក្នុងប្រព័ន្ធផ្សព្វផ្សាយអនឡាញផ្សេងៗទេ។ ប៉ុន្តែរាល់ឧបសគ្គសុទ្ធតែបានបង្រៀននិងផ្តល់អោយយើងចេះអភិវឌ្ឍន៍អាជីវកម្មយើង ទៅតាមតម្រូវការនៃអតិថិជនដោយមិនភ្លេចនៅគោលការណ៍របស់ខ្លួនផងដែរ ពោលគឺ ការធ្វើអាជីវកម្មមិនបានជោគជ័យត្រឹមតែមួយថ្ងៃនោះទេ មានកត្តាជាច្រើនទាំង ទីតាំង អ្នកផលិត វត្ថុធាតុដើម ដំណើរការនៃការផលិត ការថែទាំគុណភាព ហើយសំខាន់ជាងគេគឺសេវាកម្មឆ្ងាញ់តែមនុស្សមិនឆ្ងាញ់គឺចប់តែម្តង ដូចនេះហើយអ្វីដែលសំខាន់បំផុតនោះគឺរសជាតិ អនាម័យ ជាពិសេសនោះ គឺ ចំណាប់អារម្មណ៍របស់អតិថិជនគឺសំខាន់ណាស់៕





អត្ថបទ៖ Bee
ប្រភព៖ sentangsedtee


