ពូជខ្យងប័ររបស់កសិដ្ឋាន៤០០ កំពុងមានទីផ្សារល្អ ងាយស្រួលចិញ្ចឹម
អាជីវកម្ម September 29, 2022 Naren

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ពូជខ្យងប័ររបស់កសិដ្ឋាន៤០០ កំពុងមានទីផ្សារល្អ ងាយស្រួលចិញ្ចឹមជាពិសេសវាមានប្រូតេអ៊ីនច្រើន ចំពោះសុខភាពរាងកាយមនុស្ស និងអាចយកមកផលិតជាចំណីសត្វផងដែរ។ លោក ហាច ឆន ស្ថាបនិកចិញ្ចឹមខ្យងប័រ និងជាម្ចាស់កសិដ្ឋាន៤០០ បានប្រាប់ វិទ្យុជាតិកម្ពុជា ឱ្យដឹងថា លោកបាន ចិញ្ចឹមខ្យងប័រនេះ អស់រយៈពេលជាង១ឆ្នាំ មកហើយ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យកាន់តែទូលំទូលាយ។

លោកបានបន្តថា សម្រាប់ពូជខ្យងប័រនេះ គឺនាំយកពូជមកពីប្រទេសជប៉ុន ដើម្បីយកមកបង្កាត់ពូជចិញ្ចឹមតាមបែបធម្មជាតិ ហើយខ្យងប័រនេះដែរ គឺវា ស៊ីអាសូឡា និងបន្លែ ជាចំណីអាហារ។ លោកបានបន្ថែមថា ខ្យងនេះ ងាយស្រួលចិញ្ចឹមជាងខ្យងដទៃទៀត មិនមានផលលំបាកអ្វីច្រើនទេ ដោយវាធន់នឹង អាកាសធាតុ មិនត្រូវការដូរទឹកច្រើនដង ហើយយើង អាចចិញ្ចឹមវាក្នុងអាងទឹក លូថ្ម តង់ និងឱ្យវាស៊ីបន្លែផ្លែឈើទុំដូចជា ផ្លែល្ពៅ ត្រឡាច ននោង ផ្ទី កំប្លោក និងអាសូឡាជាចំណីអាហារ និងក្រោយពីការចិញ្ចឹមរយៈពេល៣ ទៅ ៥ខែ ទើបអាចប្រមូលផលបាន។

លោកបានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ លោកទទួលបានការគាំទ្រច្រើនពីអតិថិជនដែលទិញយកទៅបរិភោគ និងយកទៅចិញ្ចឹម លក់បន្ត ពីព្រោះខ្យងនេះមានរសជាតិឆ្ងាញ់ មិនរឹងពេក មិនទន់ពេក ងាយស្រួលក្នុងការទំពារ និងមានរូបរាងពណ៌សម្បុរ ស្អាត ជាពិសេស មានអត្ថប្រយោជន៍ក្នុងការជួយទ្រទ្រង់ ចំពោះសុខភាពរាងកាយមនុស្ស និងសំបករបស់វា យើងអាចយកមកកិនធ្វើជា ចំណីឱ្យមាន់ ដើម្បីវាមានសុខភាពល្អរឹងមាំ មាន់ឆាប់ធំធាត់លឿន។

ទាក់ទងនឹងបច្ចុប្បន្ននេះទីផ្សាររបស់ខ្យងគឺកំពុងមានទីផ្សារល្អហើយតម្លៃរបស់វាគឺថ្លៃ រហូតដល់១គីឡូ១០០ដុល្លារ ហើយអំពីសុខភាពវាជួយទៅដល់សុខភាពបានច្រើន ជាពិសេសសុខភាពបន្តពូជ ហើយវាមានប្រូតេអ៊ីនខ្ពស់មែនទែន ដែលជួយដល់ការសាងសង់រាងកាយកុមារ យុវវ័យ ជាពិសេសសម្រាប់រាងកាយមនុស្សតែម្ដង។ សូមបញ្ជាក់ថា កសិដ្ឋាន៤០០ មានទីតាំង ស្ថិតនៅក្នុងភូមិអូរណា ឃុំស្រែភ្ជុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយលោកបានចាប់ យកមុខរបរផ្នែកកសិកម្មនេះ អស់រយៈពេលជាង៦ឆ្នាំមកហើយ និងសព្វថ្ងៃកំពុងចិញ្ចឹមពូជខ្យងប័រប្រមាណ៣០០អាង ដែលមានតម្លៃ ពងខ្យង២៥០ដុល្លារ ក្នុង១គីឡូក្រាម និងពូជខ្យង សាច់ខ្យង ក្នុង១គីឡូក្រាម ១០០ដុល្លារ ៕

ប្រភព៖ ក្រសួងព័ត៌មាន