បុរសជនជាតិថៃម្នាក់វ័យចំណាស់ទៅហើយ តស៊ូលក់ទឹកផ្លែឈើក្រឡុក ដើម្បីរកប្រាក់អោយកូនរៀនបន្ត
អាជីវកម្ម September 28, 2022 Khmernote

ថៃ៖ ទឹកក្រឡុកមួយកែវ​១០​បាត ​ ​ស្ទើរ​រក​មិន​បាន​ក្នុង​សម័យ​សេដ្ឋកិច្ចបែប​នេះ ទោះ​ជា​ទឹក​ផ្លែឈើ​ស្រស់​ក៏​មិន​គួរអោយជឿ​ឡើយ! ថ្ងៃនេះដែរ យោងតាមរយៈបទសម្ភាសន៍របស់កម្មវិធី sentangsedtee បានលើកឡើងឱ្យស្គាល់ពី ហាងលក់ទឹកក្រឡុកមួយកន្លែងដែលមានតម្លៃត្រឹមតែ ១០បាតប៉ុណ្ណោះក្នុងមួយកែវ។ ហើយនេះគឺជាហាងរបស់លោកពូម្នាក់ដែលមានឈ្មោះថា Narong Kasemsiriphen អាយុ៦៣ឆ្នាំ បានកាន់មុខរបរនេះជាង៣០ឆ្នាំមកហើយ ដោយចាប់ផ្តើមលក់តាំងពី៤បាតក្នុងមួយកែវ រហូតដល់តម្លៃបច្ចុប្បន្ន ហើយ​ក៏មិន​បាន​ដំឡើង​ថ្លៃ​អស់​រយៈ​ពេល​ជាងដប់​ឆ្នាំ​មក​ហើយ។ លោកពូ ណារ៉ុងបានប្រាប់អោយដឹងថា មុន​ពេលមក​លក់​ទឹក​ផ្លែឈើក្រឡុកនេះ ពូ ណារ៉ុង ធ្លាប់​ធ្វើ​ជា​អ្នកលក់​ក្រណាត់​នៅ​ផ្សារ​សំផេង ក្រោយមកគាត់បានសម្រេចចិត្តលាឈប់ពីការងារ ដើម្បីចាប់យកអាជីពហាងទឹកផ្លែឈើពីប្អូនស្រីរបស់គាត់ដែលឈប់លក់។

លោកពូ Narong បានរៀបរាប់បន្តថា ក្រោយពីប្អូនស្រីរបស់លោកបានបញ្ចប់ការសិក្សា ហើយមកលក់ទឹកផ្លែឈើប្រហែលជាមិនទេ ពោលគឺប្អូនស្រីលោករមែងត្រូវ​រក​ការងារ​ល្អ​ធ្វើ ពូ​ឃើញ​ហើយ​ក៏កើតជិតស្តាយ ​​ទើបសម្រេចចិត្ត​លាឈប់ពីការងារ​ទៅ​លក់​ជំនួសវិញ ព្រោះតែលោកពូចង់មានភាពជាឯករាជ្យ មិនចូលចិត្តធ្វើការពេញម៉ោងទេ ថែមទាំងមិនចាំបាច់ត្រូវខ្វាយខ្វល់ឬក្រែងចិត្តនិយោជកទៀតឡើយ។

មុន​នឹងនិយាយពី​រឿង​នេះ​កាល​ពី​ដើម​ប្អូនស្រី​លក់​បាន​តែ​៤​បាត​ក្នុង​មួយ​កែវ ក៏​ឡើង​ដល់ ​៥​បាត ​៦​បាត ​៧​បាត​ ក៏​មក​១០​បាតដែលជា​តម្លៃ​បច្ចុប្បន្ន​ដែល​ពូ​​បាន​ឈរ​ត្រង់នេះលក់រាប់ទសវត្សរ៍មកហើយ។ ចំណែកមូលហេតុដែលលក់ថោកនោះ ក៏ព្រោះតែលោកពូនឹកដល់ខ្លួនឯងកាលនៅក្មេង ដែលគ្រួសារមានជីវភាពក្រីក្រ ពេលខ្លះអត់មានបាយហូបក៏មាន ព្រោះតែលោកពូមានបងប្អូន ១១នាក់ ឪពុកត្រូវរកលុយមើលថែកូនទាំងអស់តែម្នាក់ឯង។ ហើយពូណារ៉ុងរៀនត្រឹមថ្នាក់ទី៤ ក៏សម្រេចចិត្តជាមួយបងប្អូន៣នាក់ លាឈប់ពីសាលាមកជួយឪពុក ដើម្បីអោយប្អូនៗបានសិក្សារៀនសូត្រ លោកពូបាននិយាយថា កាលគ្រានោះចង់ញ៉ាំអីក៏គ្មានលុយទិញដែរ ដូច្នេះ​លោកពូមិន​ចង់​លក់​ថ្លៃ​ទេ ព្រោះសម្រាប់ក្មេងៗមួយចំនួនពិតជាគ្មានលុយសម្រាប់ទិញពិតមែន។

គួរបញ្ជាក់អោយដឹងផងដែរថា ប្រសិនបើពូណារ៉ុងលក់អស់ក្នុងមួយថ្ងៃលោកពូនឹងទទួលបានប្រាក់ជាង ៨០០បាតឬ ជាង២០ដុល្លា ដោយលោកពូបានចាត់ទុកថាប្រាប់នេះ ជាប្រាក់ចំណេញរបស់ពូរួចហើយ ព្រោះតែលោកពូមិន​ដែល​គិត​ចង់​បាន​ប្រាក់​ចំណេញ​ច្រើនពេក​ទេ លោកពូគិតតែម្យ៉ាងទេគឺ ធ្វើបែបណាអោយតែគ្រប់គ្រាន់សម្រាប់កូនស្រីចំណាយចាយវាយនៅសាកលវិទ្យាល័យ ចំណែកលោកពូគឺមានប្រាក់ផ្ទាល់​ខ្លួន​​បន្តិច​បន្តួចសន្សំ​ដាក់​ក្នុង​ប្រអប់រាល់ចុងខែ យកវាចេញ ហើយរាប់ ដោយចំណែកមួយសម្រាប់កូនស្រី និងចំណែកមួយទៀតគឺសម្រាប់លោកពូ។

មុននឹងបញ្ចប់ថា «ថ្ងៃខ្លះរៀបចំលាងសម្អាតរបស់របររួច ពូស្ទើរតែគ្មានកម្លាំងទៅផ្ទះវិញទេ គឺត្រូវតោងរទេះ​រុញរបស់​ពូ​អោយវានាំពូ​ទៅ​ផ្ទះ បើសួរថា បាក់​ទឹក​ចិត្ត​ឬហត់​វាគឺបាក់គឺហត់ ប៉ុន្តែ​យើង​ធ្វើ​ដើម្បី​កូន។ គ្រាន់តែបានឃើញមុខកូនក៏សប្បាយចិត្ត ​គ្រាន់តែបានឃើញមុខកូនគឺលែង​ហត់​ហើយ លោកពូ​ចង់​ឲ្យ​កូន​ផ្ដោត​តែទៅលើ​ការ​សិក្សា​តែ​ម្យ៉ាងគត់ មិនចាំបាច់ចេញមកជួយពូទេ ពូ​ឈរ​លក់​ទំនិញ​តែ​ម្នាក់​ឯង ស្ទើរ​តែ​គ្មាន​ផ្លូវ​សម្រាប់អោយដើរ​ទៀត​ហើយ»៕

អត្ថបទ៖ Bee
ប្រភព៖ sentangsedtee