ក្រុមហ៊ុន Apple អាចនឹងផ្លាស់ទីមួយភាគបួននៃផលិតកម្ម iPhone ទៅកាន់ប្រទេសមួយនេះ នៅឆ្នាំ២០២៥
អាជីវកម្ម September 22, 2022 Khmernote

អ្នកវិភាគ JP Morgan បាននិយាយកាលពីថ្ងៃពុធ ម្សិលមិញនេះថា Apple អាចនឹងផ្លាស់ទីមួយភាគបួននៃផលិតកម្មទូរស័ព្ទ iPhone ទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំ២០២៥ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានផ្លាស់ប្តូរផលិតកម្មមួយចំនួនចេញពីប្រទេសចិន ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការបិទខ្ទប់យ៉ាងតឹងរ៉ឹងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស។

ឈ្មួញកណ្តាលរំពឹងថា Apple នឹងផ្លាស់ប្រហែល ៥ភាគរយនៃផលិតកម្ម iPhone 14 ចាប់ពីចុងឆ្នាំ២០២២ នេះ ទៅកាន់ប្រទេសឥណ្ឌា ដែលជាទីផ្សារស្មាតហ្វូនធំទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសចិន។ ជាមួយគ្នានេះដែរ ឈ្មួញក៏កំពុងប៉ាន់ស្មានប្រហែល ២៥ភាគរយនៃផលិតផល Apple ទាំងអស់ រួមទាំង Mac, iPad, Apple Watch និង AirPods នឹងត្រូវបានផលិតនៅខាងក្រៅប្រទេសចិននៅឆ្នាំ ២០២៥ ពី ៥ ភាគរយនាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា Apple ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា បានវិនិយោគដ៏ធំលើប្រទេសឥណ្ឌា ចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមដំឡើង iPhone នៅក្នុងប្រទេសនេះក្នុងឆ្នាំ២០១៧ តាមរយៈ Wistron និងក្រោយមកជាមួយ Foxconn ស្របតាមការជំរុញរបស់រដ្ឋាភិបាលឥណ្ឌាសម្រាប់ការផលិតក្នុងស្រុក៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia
រូបភាព៖ google, techgoing