សំណាបយោងដីស្រីយោងបុរស! គូស្នេហ៍ជនជាតិថៃ ១គូ សុខចិត្តបោះចោលការងារនៅទីក្រុង មកចាប់ដៃគ្នាបើកផ្ទះសំណាក់ និងហាងកាហ្វេនៅស្រុកកំណើត តស៊ូរហូតជោគជ័យខ្លាំង
អាជីវកម្ម September 22, 2022 Khmernote

ថៃ៖ ពេលមកធ្វើការនៅទីក្រុង រស់នៅឆ្ងាយពីផ្ទះជាច្រើនឆ្នាំ នោះធ្វើឱ្យកើតជាក្តីនឹករលឹកដល់ក្រុមគ្រួសារ ហើយនេះជារឿងរ៉ាវរបស់ លោក Worachet Kitiwang ឬ Arm និង អ្នកនាង Penwisa Boonsri ឬ Prae បានសម្រេចចិត្តលាឈប់ពីការងារពេញម៉ោង ដោយវេចខោអាវ និងប្រាក់សន្សំចុងក្រោយ ត្រឡប់​មក​ស្រុក​កំណើត​នៅខេត្ត ​ឈៀងរ៉ៃ វិញ។

ក្រោយពីចាកចេញពីការងារមករស់នៅឯស្រុកកំណើត អ្នកទាំងពីរក៏បានពិភាក្សាគ្នា រួចក៏ត្រៀម​ខ្លួន​មក​តាំង​ទី​លំនៅ​ដើម្បីបើក​ហាង​កាហ្វេ​នៅ​កណ្តាល​វាលស្រែ​ដែល​ធ្លាប់​តែ​ស្ងួត​ហួតហែង​ អោយមានជីវិតជីវ៉ាជា​ថ្មី​ម្តង​ទៀត​ដោយ​ដាក់​ឈ្មោះ​ថា​ « Baan Thung Rung Arun» មុន​នឹងបន្តពង្រីកហាងដោយការ​បើកផ្ទះ​សំណាក់​ ដែលត្រូវបានរចនា និងជួយគ្នាសាងសង់យ៉ាងស្រស់ស្អាតទៀតផង។

លោក Arm បានរៀបរាប់អោយដឹងថា៖ ពីដំបូងឡើយ លោក និង Prae ​ផ្លាស់​ពី​ឈៀងរ៉ៃ​មក​ធ្វើ​ការ​នៅ​បាងកក ដោយលោកបាន​ធ្វើ​ការ​ជា​បុគ្គលិកផ្នែក​គ្រឿងបន្លាស់​ក្នុង​ក្រុមហ៊ុន​គ្រឿងចក្រ​កសិឧស្សាហកម្ម​អស់​រយៈពេល​៧​ឆ្នាំហើយ ចំណែកមិត្តស្រីលោកធ្វើការនៅគ្លីនិកកែសម្ភស្សមួយកន្លែង បើគិតពីចំណូលសរុបរបស់អ្នកទាំងពីរនោះសរុបជាង ៦០,០០០បាត ឬ ជិត ២ពាន់ដុល្លាអាមេរិក។ ប៉ុន្តែការងារកើនឡើងជាមួយនឹងបន្ទុកនៃការទទួលខុសត្រូវខ្ពស់ ជាហេតុនាំអោយយើងទាំងពីរមិនមានពេលសម្រាប់គ្នាគ្រប់គ្រាន់ ទោះបីជាយើងនៅផ្ទះជាមួយគ្នាក៏ដោយ។ ហើយការដែលពួកគេចូលទៅធ្វើការនៅទីក្រុងដ៏ធំ នាំអោយមានអារម្មណ៍ឃ្លាតឆ្ងាយពីផ្ទះ ធ្វើឱ្យនឹកគ្រួសារ ​ចង់​ត្រឡប់​ទៅ​មើល​ថែ​ឪពុក​ម្ដាយ ជីដូន​ជីតា​របស់​អ្នកទាំងពីរវិញ។ ទើប​អ្នកទាំងពីរសម្រេច​ចិត្ត​លា​ឈប់ ដោយគ្មានការសោកស្តាយ ព្រោះការងារដែលបានធ្វើកន្លងមកគឺពួកគេបានធ្វើវាឆ្អែតហើយ។

ចំណែកអ្នកនាង Prae បានបន្តឡើងថា៖ តាមពិតទៅគោលបំណងក្នុងការលាឈប់ពីការងារនោះគឺ អ្នកនាងចង់មកបើកផ្ទះសំណាក់លក្ខណៈ Home stay ជាមួយបរិយាកាសបែបទីជនបទ ក៏ប៉ុន្តែអ្នកនាងបានទទួលការជំទាស់ពីសមាជិកក្រុមគ្រួសារជាច្រើន ដោយសារតែពួកគេបានយល់ឃើញថា ទីតាំងដីដែលចង់រៀបចំបើកផ្ទះសំណាក់ គឺវាជាតំបន់ដាច់ស្រយាល អាចជាគ្មានភ្ញៀវមកស្នាក់នៅទេ ទើបអ្នកនាង Prae និង លោក Arm សម្រេចចិត្តសាកល្បងបើកហាងកាហ្វេនិងនំខេកសិន ហើយដីមួយកន្លែងទៀតចិញ្ចឹនជ្រូកចំនួន ៥០ក្បាល ដោយអ្នកទាំងពីរបានដាក់គោលដៅថា សាកធ្វើមួយឆ្នាំសិន បើទៅមុខមិនរួចហាងបិទ ពួកគេនឹងត្រឡប់ទៅធ្វើការវិញ។ រីឯលោក arm ក៏បានបន្តថា ហាងកាហ្វេនោះបានចំណាយពេលក្នុងការសាងសង់ដល់ទៅ ៦ខែ ព្រោះតែដើមទុនមានតិច ទើបសមាជិកក្នុងគ្រួសារជួយគ្នាសាងសង់ក៏ដូចជាអ្នកភូមិនៅក្បែរនោះផងដែរ។

បើនិយាយពីហាងកាហ្វេវិញ ទាមទារត្រូវមានម៉ាសុីនឆុងកាហ្វេ ប៉ុន្តែដោយសារតែដើមទុនមានតិច លោក arm ក៏បានរកទិញម៉ាសុីនឆុងកាហ្វេ មួយទឹកដែលគេប្រើហើយ ចៃដន្យលោកបានទាក់ទងទៅអ្នកលក់មួយកន្លែងដែលគេលក់ក្នុងតម្លៃ ៩,៩០០ បាត ឬជាង ៣០០ដុល្លារ លោកក៏បានតថ្លៃនិងទិញបានក្នុងតម្លៃតែ ៧,៨០០បាត ឬជាង ២០០ដុល្លារប៉ុណ្ណោះ ថែមទាំងអ្នកលក់ម៉ាសុីនបានបង្រៀនលោកវាយពពុះទឹកដោះគោ វិធីកិនគ្រាប់កាហ្វេ និងវិធីឆុងកាហ្វេផងដែរ ហើយលោក Arm ក៏នាំចំណេះដែលមានមកអនុវត្តហ្វឹកហាត់ឆុងបន្ថែមនៅផ្ទះ។ ចំពោះនំខេកដែលដាក់លក់ក្នុងហាងវិញជាបន្ទុករបស់ អ្នកនាង Prae ក្នុងការធ្វើនិងដុត ដោយអ្នកនាងបានរៀបរាប់ថា អ្នកនាងគ្មានជំនាញដុតនំឡើយ មិនបានចំណាយលុយរៀនធ្វើនំដុតនំទេ អ្នកនាងរៀនតាមតែក្នុងយូធូប រៀនៗអនុវត្តតាមរហូតទម្រាំតែធ្វើត្រូវបាននំឆ្ងាញ់លក់ អ្នកនាងត្រូវខូចនំរាប់ភ្លេចដែរ។

គួរបញ្ជាក់អោយដឹងផងដែរថា៖ បច្ចុប្បន្នហាងកាហ្វេរបស់អ្នកទាំងពីរទទួលបានជោគជ័យមិនគួរអោយនឹកស្មានដល់ ដោយសារតែភ្ញៀវឬអតិថិជនដែលមក​ គឺដឹងតាមរយៈវីដេអូដែលពួកគេបានថតតាំងពីរៀបចំសាងសង់ហាងដំបូង រហូតបើកហាង។ ក្រោយពីហាងទទួលបានការគាំទ្ររួចមក ពួកគេក៏បានលក់ជ្រូកដែលចិញ្ចឹមក៏ដូចជា មកសាងសង់បើកផ្ទះសំណាក់ Home stay តាមការតាំងចិត្តតាំងពីដំបូង។ ចំពោះប្រាក់ចំណូលវិញអ្នកទាំងពីរបានពោលថា ទទួលបានពីចន្លោះ ៤០,០០០បាត ទៅ ៥០,០០០បាត ក្នុងមួយខែ ហើយបើមានបុណ្យទានដែលជាថ្ងៃឈប់សម្រាកវិញ ពួកគេទទួលបាន មួយថ្ងៃ ជាង ១០,០០០បាត ឬជាង ៣០០ដុល្លារឯណោះ៕

អត្ថបទ៖ Bee
ប្រភព៖ sentangsedtee