ថៃ៖ លោក Mee-Inthanon Sao Sungyang វ័យ ២៦ ឆ្នាំ បានជ្រើសរើសរបរលក់មាន់បំពងតាមអនឡាញ បន្ថែមពីលើការងារដែលមានស្រាប់ មិនទុកពេលទំនេរចោលអត់ប្រយោជន៍ ធ្វើឱ្យគាត់អាចរកប្រាក់ចំណេញបានជាង ចំណេញជាង ១ពាន់ដុល្លារក្នុងមួយខែ។ លោក Mee-Inthanon ប្រាប់ផ្លូវមហាសេដ្ឋីតាមអនឡាញ (Sentangsedtee)ថា៖ ក្រោយរៀនចប់ថ្នាក់បរិញ្ញាបត្រវិជ្ជាជីវៈ លោកបានជ្រើសរើសមិនបន្តការសិក្សា ហើយទៅស្វែងរកការងារធ្វើនៅទីក្រុង កាលពី២ឆ្នាំមុន ហើយបានទទួលការងារធ្វើនៅអាកាសយានដ្ឋានមួយ រហូតដល់ការផ្ទុះឡើងនៃ COVID-19 ដែឡបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាច្រើន រួមទាំងលោកដែលត្រូវបានបញ្ឈប់ការងារផងដែរ។

លោកបានបន្តទៀតថា៖ ក្រោយពីត្រូវបានគេបញ្ឈប់ការងារមក គាត់ក៏បន្តរកការងារធ្វើ រហូតដល់គាត់បានមកធ្វើការជាបុគ្គលិកក្រៅម៉ោងនៅ The Pizza Company។ ខណៈពេលនោះដែរ លោកចាប់ផ្ដើមគិតថា យើងគួររកប្រាក់បន្ថែមទៀត ព្រោះយើងត្រូវជួយសម្រាលបន្ទុកអ្នកផ្ទះ ហើយការងារនៅក្នុងហាងទាំងនេះគឺពិបាកណាស់។ ដូច្នេះលោកក៏បាននិយាយជាមួយអ្នកគ្រប់គ្រងហាងថា៖ តើខ្ញុំអាចធ្វើការនៅពេលព្រឹករហូតដល់ម៉ោង ២ រសៀលបានទេ? អ្នកគ្រប់គ្រងហាងក៏ឆ្លើយតបមកវិញថា មិនអីទេ!
ក្រោយមកទៀតលោកក៏ចាប់ផ្តើមគិតគូររកធ្វើអ្វីបន្តទៀត? បន្ទាប់មក ចៃដន្យអី លោកបានស្នាក់នៅជាមួយសាច់ញាតិ ហើយកន្លែងដែលគាត់រស់នៅ ខុនដូ មានមនុស្សច្រើន ហើយមានតូបលក់អាហារច្រើនផងដែរ ប៉ុន្តែមិនសូវមានអាហារចម្រុះច្រើនទេ ដូច្នេះលោកក៏បានគិតថា វាអាចជាការល្អដែលលោកអាច ប្រើប្រាស់ផ្ទះបាយខុនដូក្នុងការចំអិន ដោយប្រើវិធីលក់តាមរយៈកម្មវិធី Line Condo តើគេយកអ្វី ឬចង់ញាំអ្វី?
ពេលចេញលក់ដំបូងៗមិនមានអតិថិជនទេ ដោយសារតែគាត់មិនស្គាល់យើង ប៉ុន្តែក្រោយពីលក់បានមួយរយៈការលក់ក៏ល្អជាងមុន ប៉ុន្តែមិនទាន់ល្អខ្លាំងទេ ដោយសារអាហារកម្ម៉ង់មានភាពស្មុគស្មាញ មានមុខម្ហូបច្រើន ដំណើរការនៃការរៀបចំមានច្រើន នាំអោយលោកមានអារម្មណ៍ថា វាដូចជាការងារហួសប្រមាណ ហត់ពេក ហើយកន្លែងរបស់យើងមានកំណត់ ដូច្នេះលោកក៏បានរកមើលម៉ឺនុយផ្សេងទៀត ស្រាប់តែលោកនឹកឃើញថា រូបលោកបានធ្វើការងារក្រៅម៉ោងរួចហើយនៅភោជនីយដ្ឋានអាហារ Fast food លោកក៏យល់ឃើញថាម៉ឺនុយមាន់បំពង វាមានរូបមន្តប្រឡាក់ ហើយការលាយម្សៅបំពងក៏មិនពិបាកដែរ រួមទាំងការចម្អិនក៏មួយភ្លែត ដូច្នេះហើយបានជាលោក ជ្រើសរើសលក់មាន់បំពង មានតែម្សៅនិងសាច់មាន់ប៉ុណ្ណោះ ចាំអតិថិជនកុម្ម៉ង់រួចចៀនហើយដឹកចេញ ទើបបានចេញជា «ផុងកាង មាន់បំពងកូរ៉េ»។
ចំណែកចំណុចពិសេស របស់មាន់បំពងកូរ៉េរបស់លោក Mee នោះគឺជាសាច់មាន់ជ្រលក់ក្នុងទឹកជ្រលក់កូរ៉េ ជារូបមន្តពិសេសដែលបង្កើតឡើងដោយ Mee ផ្ទាល់ ផ្សំជាមួយការបំពងក្តៅៗថ្មីៗ តាមការបញ្ជាទិញរបស់អតិថិជន ទើបជាហេតុធ្វើឱ្យអតិថិជនជាច្រើនមានការចាប់អារម្មណ៍ជាបន្តបន្ទាប់។ គួរបញ្ជាក់អោយដឹងផងដែរថា៖ បច្ចុប្បន្នហាងមាន់បំពងរបស់លោក Mee មានចំនួន២សាខា ប៉ុន្តែនៅតែជាការលក់តាមអនឡាញដដែល ហើយថ្មីៗនេះលោកក៏ត្រៀមពង្រីកសាខាទី ៣ផងដែរ៕
អត្ថបទ៖ Bee
ប្រភព៖ sentangsedtee