ថៃ៖ អតីតកម្មការនីរោងចក្រ ចេញមករកសុីដំបូងបរាជ័យច្រើនលើកច្រើនសារ តស៊ូរៀនលក់គុយទាវជាមួយម្ដាយក្មេករហូតក្លាយជាម្ចាស់ហាងគុយទាវល្បីនៅថៃ ចំណូលរាប់ពាន់ដុល្លារ
អាជីវកម្ម September 21, 2022 Khmernote

ថៃ៖ តាមរយៈបទសម្ភាសន៍រវាងកម្មវិធី Sentangsedtee ឬ ផ្លូវមហាសេដ្ឋីអនឡាញ ជាមួយអ្នកនាង Khun Muay-Vanisa Cheewasuksan អាយុ ២៨ឆ្នាំ ម្ចាស់ហាងគុយទាវ Falo Kwanko Mo ដែលបណ្តាអ្នកសរសេរប្លុកជាច្រើននាំគ្នាទៅថត ក៏ដូចជាទៅ Review ពីរសជាតិគុយទាវដ៏សែនឆ្ងាញ់នៅហាងដ៏ល្បីនេះ។ យ៉ាងណាមិញថ្មីៗនេះ បន្ទាប់ពីនិយាយគ្នារួច ពួកគេក៏លេចមុខក្នុងកម្មវិធីទូរទស្សន៍ដ៏ថ្មីមួយក្នុងស្រុកថៃ ផងដែរ ដោយអាហារដែលបង្កើតឈ្មោះដ៏ល្បីសម្រាប់ហាងគឺ គុយទាវជ្រូកខ្វៃ តម្លៃ ១២បាត!

ដោយអ្នកនាង Muay-Vanisa រៀបរាប់ថា៖ មុន​នឹង​បើក​ហាង​គុយទាវ នាង​ធ្លាប់​ធ្វើ​ការ​នៅ​រោងចក្រ​តាំង​ពី​អាយុ ​១៨​ឆ្នាំ ​រហូត​ដល់​អាយុ​២០​ឆ្នាំ ក្រោយមកនាងក៏​បាន​ឈប់​ពី​រោងចក្រ ដោយប្តូរទៅការងារផ្សេងទៀត រួម​ទាំង​​ជា​អ្នក​លក់​បាយ និង​បាយម្ហូបកម្ម៉ង់ ប៉ុន្តែហាក់បីដូចជាមិនសូវជាដំណើរការបានល្អសោះឡើយ។ រហូតដល់អ្នកនាងបានជួបមិត្តប្រុសបច្ចុប្បន្ន ដែលមានឈ្មោះថា លោក (Nattapong Pew-am) ដោយម្តាយរបស់ Khun Nattapong ចាប់​អាជីព​ជា​អ្នក​លក់​គុយទាវ​ស្រាប់ទៅហើយ ដូច្នេះអ្នកនាងមាន​ឱកាស​ចូល​ជួយធ្វើគុយទាវម្តាយក្មេករហូតបានទទួលចំណេះ និងរូបមន្តនៃការធ្វើគុយទាវពីម្តាយក្មេក។ លុះថ្ងៃដែលម្តាយរបស់មិត្តប្រុសបានស្លាប់ អ្នកនាងក៏បាន​បោះបង់​មុខរបរ​លក់​បាយ ប្តូរមកធ្វើគុយទាវ ក៏ដូចជាចូល​កាន់កាប់​ហាង​គុយទាវទាំងស្រុងទៅវិញ។ អ្នកនាងបានបន្តទៀតថា៖ អ្នកនាងបានអង្គុយគិតជាមួយមិត្តប្រុសរបស់អ្នកនាងថា «ដូចដែលយើងធ្លាប់ទៅហាងគុយទាវជាច្រើន យើងអាចឃើញគេលក់ចានតូចៗ ក៏នៅតែលក់ដាច់ផងដែរ ចំណែករូបមន្តគុយទាវដែលយើងទទួលបានពីម្តាយគឺនាងទទួលបានទាំងស្រុង ថែមទាំងមាន គ្រឿង​បរិក្ខារ​រួចរាល់​ហើយ ដូច្នេះ​យើង​សាក​ល្បង​មើល»។

បន្ទាប់ពីលក់បានជាងមួយឆ្នាំ អ្នកនាងក៏មានគំនិតច្នៃប្រឌិតបន្ថែមថ្មីមួយថា អាច​សាកល្បង​ដាក់​សាច់​ជ្រូកបីជាន់​បំពងស្រួយចូលទៅ​ក្នុង​ចានគុយទាវ​បាន ព្រោះអតិថិជនភាគច្រើន តែងគិតថាសាច់ជ្រូកបីជាន់បំពងស្រួយតែងតែមាននៅតាមបណ្តាហាងបាយម្ហូបកម្ម៉ង់ ណាមួយវាក៏មិនមែនអ្នកនាងជាអ្នកគិតច្នៃដំបូងក្នុងការដាក់សាច់ជ្រូកបំពងស្រួយជាមួយគុយទាវនោះទេ តែ​បើ​លក់​មួយចានតែ ១២​បាត មួយ​នេះ​កម្រ​ឃើញ​អ្នក​ណា​ធ្វើ​ណាស់។ ហើយនេះ គឺជា​ចំណុច​ខុស​គ្នា​បើធៀបនឹងហាងគុយទាវផ្សេងទៀត លើសពីនេះទៅទៀតក៏មាន​ពង​ស្ងោរ​តម្លៃក្នុងការលក់​ត្រឹមតែ ៥បាតក្នុងមួយគ្រាប់ សម្រាប់អ្នកចង់ញាំគូជាមួយគុយទាវ ចំណែកអិតិថិជន​ដែល​ចង់​បាន​ស្បែក​ជ្រូក​ស្រួយៗជាកញ្ចប់តូចៗមាន​លក់​ដែរ ចំណាយត្រឹមតែ ២២​បាត​ក៏​ឆ្អែត​ដែរ។

គួរបញ្ជាក់អោយដឹងផងដែរថា៖ ម្ចាស់ហាង វ័យ ២៨ឆ្នាំរូបនេះបាន ប្តេជ្ញាចិត្តចំពោះអតិថិជនថា បើទោះជាសេដ្ឋកិច្ចមិនល្អ បណ្តាលអោយរបស់របរឡើងថ្លៃប៉ុណ្ណាក៏ដោយ អ្នកនាងនៅតែព្យាយាមរក្សាតម្លៃលក់អោយនៅដដែល ដោយសារតែអ្នកនាងយល់ថា ស៊ូចំណេញតិចតែក៏នៅតែចំណេញ ព្រោះអ្នកនាងសង្ឃឹមថា របស់របរនឹងចុះថ្លៃវិញជាមិនខាន៕

អត្ថបទ៖ Bee
ប្រភព៖ sentangsedtee

ថៃ៖ អតីតកម្មការនីរោងចក្រលាឈប់ពីការងារ ចេញមករកសុីដំបូងបរាជ័យច្រើនលើកច្រើនសារ តស៊ូរៀនលក់គុយទាវជាមួយម្ដាយក្មេករហូតជាម្ចាស់ហាងគុយទាវល្បីនៅថៃ ចំណូលរាប់ពាន់ដុល្លារ