កូនខ្មែរមួយរូប ជោគជ័យលើការច្នៃផ្លែមៀនប៉ៃលិនផលិតជាស្រាមានរសជាតិឆ្ងាញ់ និងមានតម្លៃល្អ ដាក់លក់ពេញទីផ្សារក្នុងស្រុក
អាជីវកម្ម September 16, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា យុវជនលោក វួច ធុជ បានជោគជ័យលើការច្នៃផ្លែមៀនប៉ៃលិនផលិតចេញជាស្រាមានរសជាតិឆ្ងាញ់ និងមានតម្លៃល្អ សម្រាប់លក់នៅលើទីផ្សារ ខណៈមៀនប៉ៃលិនសល់ជន់ជោរច្រើនគ្មានទីផ្សារ និងខ្វះអ្នកកែច្នៃ។

លោក វួច ធុជ ស្ថាបនិកកែច្នៃផ្លែមានប៉ៃលិនផលិតចេញជាស្រា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានជោគ ជ័យក្នុងការកែច្នៃផ្លែមៀនប៉ៃលិនទៅជាស្រានេះ អស់រយៈពេលជាង ៤ឆ្នាំមកហើយសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ជាពិសេស គឺបានជួយលើកកម្ពស់ទីផ្សារមៀនប៉ៃលិនឱ្យមានតម្លៃល្អផងដែរ។

លោកបានបន្តថា ដើម្បីកែច្នៃបានជាផលិតផលនេះ គឺបានស្រាវជ្រាវតំាងពីឆ្នាំ២០០៨ និងបានទទួលបទពិសោធន៍ពីអ្នកផលិតស្រាជនជាតិស្កត់លែនបានចែករំលែកគន្លឹះខ្លះៗក្នុងការផលិតឱ្យមានរស ជាតិឆ្ងាញ់និងត្រូវតាមបច្ចេក ទេស។ លោកបានបន្ថែមថាដោយសារតែមៀនប៉ៃលិនមានរសជាតិផ្អែមដូច្នេះ ត្រូវរកវិធីសាស្រ្តជាច្រើនក្នុងការ ផលិតដើម្បីធ្វើឱ្យមានរសជាតិផ្អែម ចត់ ជូរ លាយបញ្ចូលគ្នាទើបធ្វើឱ្យស្រាដែលផលិតមកមានរសជាតិឆ្ងាញ់។ ក្នុងនោះដែរ ក្នុងស្រាមៀនប៉ៃលិនមួយដបត្រូវចំណាយរយៈពេល៦ ខែទើបអាចដាក់លក់នៅលើទីផ្សារបាន ។ លោកបានបញ្ជាក់ថា មូលហេតុដែលលោកផលិតស្រាមៀនប៉ៃលិននេះឡើងមកដោយសារតែលោកចង់មានមុខរបរមួយដោយខ្លួនឯង ណាមួយ លោកមើលឃើញពីទីផ្សារមៀនប៉ៃលិនមានការសល់ជន់ជោរច្រើនគ្មានទីផ្សារ ដូច្នេះលោកក៏មានគំនិតចង់ច្នៃប្រឌិត ស្រាមៀនប៉ៃលិនឡើងមក ដើម្បីជួយរកចំណូលសម្រាប់ខ្លួន ឯងផ្ទាល់ ក៏ដូចជាអាចជួយដល់ប្រជាកសិករក្នុងខេត្តប៉ៃលិន ដែលគាត់ដាំមៀនប៉ៃលិនឱ្យមានទីផ្សារនិងមានតម្លៃល្អ។

(ដោយសារតែដំបូងឡើយទី១ ខ្ញុំចង់បង្កើតអ្វីដែលជាប្រេនរបស់ខ្លួនឯង ទីពីរដោយសារតែខ្ញុំឃើញផ្លែមៀនប៉ៃលិនសល់ច្រើន កាលពីឆ្នាំកន្លងមកគឺ ដោយសារខ្វះខាតទីផ្សារ ហើយក៏ សម្រេចចិត្តធ្វើស្រានេះឡើង ហើយដោយសារតែខ្ញុំសម្រេចចិត្តធ្វើស្រា ដោយសារតែស្រានេះធ្វើដូចខ្ញុំវាមិនមានដេឡេទេ អ៊ីចឹងបាន ន័យថាយើងទុកវាហើយឆ្នាំហ្នឹងយើងលក់អត់ដាច់អ៊ីចឹងអាចលក់នៅឆ្នាំបន្តទៀតបាន ឬក៏ដប់ឆ្នាំម្ភៃឆ្នាំទៀត យើងនៅតែលក់បានយើងមិនបាត់ បង់ទុន តែបើសិនជាយើងផលិតទៅជាទឹកភេសជ្ជៈវិញ ប្រសិនបើយើងលក់អត់ដាច់ក្នុងរយៈពេល១២ខែយើងនឹងបាត់បង់ទុនយើងនឹងខូចទុនហ្នឹងទាំងអស់ ហើយអ៊ីចឹងទៅបានជាខ្ញុំសម្រេចចិត្តធ្វើជាស្រា យើងអាចរក្សាទុកបានយូរហើយយើងទុកកាន់តែយូររសជាតិកាន់តែល្អ)។

លោកបានអំពាវនាវ សូមឱ្យប្រជាជាពលរដ្ឋទាំងអស់ជួយគាំទ្រផលិតផលទាំងអស់ដែលជាស្នាដៃកូនខ្មែរ ផលិតបាន ដើម្បីជាការចួលរួម ចំណែកលើកស្ទួយវិស័យសេដ្ឋកិច្ចក្នុងស្រុកផង និងបានជួយដល់ជីវភាពប្រជា ពលរដ្ឋនៅក្នុងតំបន់ផង ជាពិសេសសូមឱ្យប្រជាពល រដ្ឋទាំងអស់កុំយល់ច្រឡំថាស្រាមៀនប៉ៃលិននេះ ជារបស់នាំចូលដោយសារតែបច្ចុប្បន្ននេះអ្នកផលិតម្នាក់ៗមានការយល់ដឹងខ្ពស់ពីរបៀបផលិតឱ្យត្រូវតាមស្ដង់ដារបច្ចេក ទេសមានសុវត្តិភាព និងអនាម័យល្អ ជាពិសេសមាន ការត្រួតពិនិត្យត្រឹមត្រូវមុនដាក់លក់នៅលើទីផ្សារ។

សូមបញ្ជាក់ថា លោកវួច ធុជ បានផលិតស្រាចេញពីផ្លែមៀនប៉ៃលិនដោយជោគជ័យនៅឆ្នាំ២០១៨ ដែលស្ថិតនៅ ឃុំស្រង៉ែងលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិនដែលមានលក់រាយក្នុងតម្លៃមួយដប១៥ដុល្លារ និងបោះដុំក្នុង១ដប១២ដុល្លារ៕

ប្រភព៖ ក្រសួងព័ត៌មាន