លោក Chakri Chankhana បច្ចុប្បន្នមានអាយុ ៤៣ឆ្នាំ មានស្រុកកំណើតនៅខេត្ត សាមុតប្រាកាន ប្រទេសថៃ។ បន្ទាប់ពីបញ្ចប់ការសិក្សាពីចុងភៅ ពីមហាវិទ្យាល័យ Dusit Thani រួច គាត់បានអង្វរម្តាយរបស់គាត់ អោយជួយយកផ្ទះតែមួយគត់ដែលមានទៅបញ្ចាំ ដើម្បីយកប្រាក់ជិត ១ ម៉ឺនដុល្លា មកជាប្រាក់សម្រាប់ធ្វើដំណើរទៅធ្វើការនៅភោជនីយដ្ឋានថៃក្នុងប្រទេសអង់គ្លេស។
ចំណែកហេតុផលតែមួយគត់ដែលនាំអោយចង់ទៅធ្វើការនៅភោជនីយដ្ឋានថៃនោះ ក៏ដោយសារតែ «ចង់ទទួលបានប្រាក់ចំណូលច្រើនៗ» នេះក៏ព្រោះតែលោកបានកើតមកក្នុងគ្រួសារតែក្រីក្រ បើគិតពីជំនាន់មុនខាងគ្រួសារលោកអាចផ្គត់ផ្គង់អោយកូនបានរៀនសូត្រតែម្នាក់គត់ ទើបលោកសម្រេចចិត្តអោយបងស្រីរបស់លោកបានរៀនទៅចុះ ចំណែកខ្លួនលោកក៏បានទៅរៀនជំនាញគ្រឿងយន្ត ប៉ុន្តែកាលនោះដែរមិត្តភក្តិនៅក្នុងក្រុមឧស្សាហ៍កាប់ចាក់គ្នារហូតបណ្តាលអោយមិត្តម្នាក់នៅក្នុងក្រុមបានបាត់បង់ជីវិត ជាហេតុធ្វើអោយលោកបោះបង់ការរៀនជំនាញនោះចោលបែរទៅរៀនជំនាញទូទៅវិញ។ ប៉ុន្តែនៅទីបំផុត លោកបានបានបញ្ចប់ការសិក្សាពី NNU មុនពេលចូលរៀននៅមហាវិទ្យាល័យ Dusit Thani នៅពេលនោះដែរមានសិស្សច្បងម្នាក់បានណែនាំថា មានរៀនថ្នាក់ចុងភៅផងដែរ បើអ្នកធ្វើបានល្អ អ្នកប្រហែលជាអាចទៅធ្វើការនៅបរទេសបានទៀតផង នេះជាសម្តីដែលលោក Chakri បានរៀបរាប់។
លោក Chakri បានបញ្ជាក់អោយដឹងបន្ថែមថា៖ លោកបានសិក្សានៅ Dusit Thani College បានដោយសារតែលោកទទួលបានអាហារូបករណ៍ជួយថ្លៃសិក្សា ប៉ុន្តែថ្លៃហូបចុក ថ្លៃការរស់នៅត្រូវរកដោយខ្លួនឯង ទើបលោកត្រូវធ្វើការងារក្រៅម៉ោងជាច្រើន ដូចជា៖ ការលក់សំបុត្រកុន ជាអ្នកដឹកមាន់បំពងជាដើម ហើយកាលពីរៀននៅសាលា Dusit Thani លោកមានមិត្តរួមថ្នាក់ដែលមកពីគ្រួសារអ្នកមាន នៅពេលដែលលោកអង្គុយក្នុងក្រុម ពួកគេក៏បានបបួលលោកទៅញាំអាហារ ប៉ុន្តែលោកបានឆ្លើយតបទៅវិញថា លោកបានទទួលទានឆ្អែតហើយ តែតាមធាតុពិតទៅគឺលោកលួចផឹកទឹកម៉ាសុីននៅក្នុងបន្ទប់ទឹកដើម្បីរំបំបាត់ការស្រែកឃ្លានទៅវិញទេ។

លោក Chakri បានរៀបរាប់បន្តថា៖ លោកបានធ្វើដំណើរទៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសកាលពីឆ្នាំ២០០៤ ប៉ុន្តែពេលទៅដល់ លោកនៅតែមិនបានការងារធ្វើ វាប្រៀបដូចជាត្រូវបានគេបោកបញ្ឆោត ព្រោះភោជនីយដ្ឋានដែលបានព្រមព្រៀងគ្នាមិនទាន់បើកនៅឡើយទេ ពោលគឺលោកត្រូវរង់ចាំប្រហែល ៧ ខែទៀត។ ខណៈដែលលោកនៅសល់ប្រាក់ជាប់ខ្លួនតែ ៤០ ផោនតែប៉ុណ្ណោះ លោកក៏បានសួរខ្លួនឯងថា តើខ្ញុំនឹងរស់នៅយ៉ាងណាបន្តទៅទៀត? ដូច្នេះហើយលោកត្រូវជួយខ្លួនឯងអោយបាន ដោយលោកបានបែងចែកប្រាក់តិចតួចនោះ ទៅទិញក្រដាសទំព័រពណ៌លឿង ដើម្បីស្វែងរកលេខទូរស័ព្ទដើម្បីទាក់ទងភោជនីយដ្ឋានផ្សេងទៀតដែលអាចនឹងបើកទទួលការងារនៅក្នុងផ្ទះបាយ។ រហូតដល់ថ្ងៃមួយលោកទទួលបានការឆ្លើយតបពីហាងមួយ ដែលស្ថិតនៅក្នុងទីក្រុងតូចមួយ រវាង Manchester និង Liverpool ប៉ុន្តែនៅពេលគាត់មកដល់គាត់ត្រូវបានគេជូនដំណឹងថា គាត់មិនទទួលយកមេចុងភៅទេ គឺទទួលបានតែអ្នកក្រឡុកស្រាប៉ុណ្ណោះ លោកក៏សម្រេចចិត្តទទួលយកការងារនោះ បើទោះជាលោកមិនមែនជាអ្នកដែលចូលចិត្តផឹកស្រាក៏ដោយ។
ក្រោយពីបានចូលទៅធ្វើការរួច លុះមានថ្ងៃមួយលោកក៏មានគំនិតថា ចង់រកសុីបន្ថែមទៀតដោយសារតែលោកសង្កេតឃើញមិត្តរួមការងារក៏ដូចជា ជនជាតិថៃដែលធ្វើការនៅទីនោះបានវេរលុយទៅអោយក្រុមគ្រួសារនៅប្រទេសថៃ ត្រូវចំណាយថ្លៃសេវាផ្ញើដល់ទៅ ៤០ ផោន ទោះជាវេរលុយទៅតិច ឬច្រើនប៉ុណ្ណាក៏ដោយ ក៏នៅតែគិតសេវាផ្ញើស្មើរគ្នាដដែល។ ក្រោយពីឃើញដូចនេះ លោកក៏បានខលទៅរកម្តាយនៅឯប្រទេសថៃដើម្បីរៀបចំជួយការងារដល់គាត់ ពោល គឺលោកជាអ្នកទម្លាក់លេខកុង និងលេខអ្នកទទួលទៅអោយម្តាយដែលនៅស្រុកថៃ វេរចេញពីបញ្ជីនៅថៃវិញ ដោយមិនបាច់អស់ថ្លៃសេវាផ្ញើក្នុងមួយជើង។ ក្រោយពីបានចាត់ចែងរួច លោកក៏បានចំណាយប្រាក់ចុះផ្សព្វផ្សាយអំពីសេវាវេរលុយនៅក្នុងកាសែតដើម្បីទាក់ទាញអតិថិជនអោយមកវេរលុយដោយលោកគិតសេវាវេតែ ១ផោនប៉ុណ្ណោះ ប៉ុន្តែការធ្វើដូចនេះ លោកនៅតែមិនទាន់អាចទទួលបាននៅសេចក្តីទុកចិត្តអំពីអតិថិជននោះទេ ព្រោះលោកទើបតែចេញរកសុីថ្មីថ្មោង។
ថ្ងៃមួយលោកបានរៀបរាប់ពីសេវាកម្មនេះដល់អ្នកលាងចានចំនួន ២នាក់ ក្រោយមកអ្នកលាងចានក៏បានអោយលោកវេរលុយទៅថៃអោយ នោះបានន័យថាលោកបានទទួលអតិថិជនចំនួន ២នាក់ដំបូងបានសម្រេច ដោយសារតែភាពអត់ធ្ងត់នឹងស្មោះត្រង់ មិនចុះចាញ់នឹងឧបសគ្គលោកធ្វើការផង រកសុីផង ថ្ងៃមួយលោកទទួលបានអតិថិជនដល់ទៅ ៥០នាក់ ក្នុងមួយខែ។ ប៉ុន្តែជាមួយនឹងអតិថិជនកើនឡើងកាន់តែច្រើន រហូតដល់មានការស៊ើបអង្កេតដោយរដ្ឋាភិបាលអង់គ្លេស ប៉ូលិសមកសួរនាំថាធ្វើអី? អ្នកមិនមានអាជ្ញាប័ណ្ណទេ ដូច្នេះលោកក៏ត្រូវវិនិយោគ ចុះបញ្ជីក្រុមហ៊ុន សុំអាជ្ញាប័ណ្ណ ធ្វើអ្វីៗគ្រប់យ៉ាងឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់។ ដោយលោកត្រូវចំណាយពេលក្នុងការរៀបចំនឹងបង្កើតជាក្រុមហ៊ុនជិត ១ឆ្នាំ រហូតក្លាយទៅជា «ក្រុមហ៊ុនផ្ទេរប្រាក់ថៃដំបូងគេនៅចក្រភពអង់គ្លេស» រហូតមកដល់ពេលនេះពង្រីកដល់អតិថិជនថៃនៅអឺរ៉ុបដូចជា ស៊ុយអែត អ៊ីតាលី អាល្លឺម៉ង់ ទៅហើយ។
គួរបញ្ជាក់អោយដឹងផងដែរថា៖ “A & B Money Plus គឺជាផ្នែកបន្ថែមនៃអាជីវកម្មពីអតីតដែលផ្តល់សេវាកម្មផ្ទេរប្រាក់អន្តរជាតិ នាំឱ្យមានអាជីវកម្មធនាគារ សេវាធនាគារតាមអ៊ីនធឺណិតដំបូងគេសម្រាប់ប្រជាជនថៃនៅចក្រភពអង់គ្លេស រួមទាំងសហភាពអឺរ៉ុបផងដែរ ដែលអាចប្រើបានជាមួយកាត Debit Mastercard អាចប្រើសម្រាប់ការទិញទំនិញទូទាំងពិភពលោកបានទៀតផង។
ដូច្នេះហើយ អាជីវកម្មរបស់លោកបានបន្តរីកចម្រើន ដែលមានតម្លៃនៃអាជីវកម្ម និងទ្រព្យសកម្ម បើគិតជាទឹកប្រាក់មានរហូតដល់ទៅរាប់សិបលានដុល្លាអាមេរិកឯណោះ៕
អត្ថបទ៖ Bee
ប្រភព៖ sentangsedtee