តូយ៉ូតា ក្រុមហ៊ុនដ៏ធំរបស់ជប៉ុន សម្រេចជ្រើសរើសតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ជាទីតាំងបង្កើតរោងចក្រ ផ្គុំនិងដំឡើងរថយន្តរបស់ខ្លួន
អាជីវកម្ម September 14, 2022 Khmernote

តូយ៉ូតា ជ្រើសរើស តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ជាទីតាំងបង្កើតរោងចក្រ ផ្គុំនិងដំឡើងរថយន្តរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ផេកផ្លូវការ Royal Group of Companies។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានជូនដំណឹងជាសាធារណៈថា ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនថ្មីមួយត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Toyota Tsusho Corporation មកពីប្រទេសជប៉ុន បានសម្រេចជ្រើសរើសយក តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ជាទីតាំងនៃរោងចក្រ ផ្គុំនិងដំឡើងរថយន្តម៉ាក តូយ៉ូតា។

លោក UEMATSU Hiroshi នាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានថ្លែងថា “ក្នុងនាមជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ យើងខ្ញុំមានកិត្តិយស និងមោទនភាពជាខ្លាំង ដែលបានក្លាយជាផ្នែកមួយនៃដំណើរការចាប់ផ្តើម និងការអភិវឌ្ឍមួយនេះ។ គម្រោងមួយនេះ នឹងក្លាយជាការកត់ត្រាក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនមួយ បន្ថែមលើសមាជិកអ្នកវិនិយោគចំនួន ១០២ក្រុមហ៊ុនដែលមានស្រាប់ក្នុងតំបន់។”

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ។ លើសពីនេះទៀត ច្បាប់វិនិយោគថ្មីដ៏មានភាពទាក់ទាញ ក៏ទើបត្រូវបានអនុម័ត និងប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ នាខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ។ យើងអាចនិយាយបានថា ដោយសារកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជានេះហើយ ដែលធ្វើឲ្យមានការបង្កើតរោងចក្ររថយន្តតូយ៉ូតានេះឡើង។

ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន Toyota Tsusho Corporation ហើយបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការគាំទ្រដ៏ល្អបំផុតចំពោះគម្រោងនេះ។

អត្ថបទ៖ លីនី