ស្អាតហើយឆ្លាតទៀត! នារីថៃរូបស្រស់ ចោលការងារជាអ្នកទីផ្សារ ស្រវារបរធ្វើនំពីផ្ទះបាយទំហំ ៣០ ម៉ែត្រការ៉េ លក់លើអនឡាញ ១ខែចំនេញជាង ២ពាន់ដុល្លារ
អាជីវកម្ម September 14, 2022 Khmernote

នាពេលបច្ចុប្បន្នផ្ទះបាយនៅក្នុងផ្ទះ ឬ ផ្ទះបាយនៃខុនដូបានក្លាយជាប្រភពនៃការរកចំណូលដ៏ពេញនិយម និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ សម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្មអាហារនានា។ យោងតាមបទសម្ភាសន៍របស់សារព័ត៌មាន Sentangsedtee បានសម្ភាសន៍ជាមួយអ្នកនាង Nat-Nattacha Pattisama អាយុ ២៥ ឆ្នាំ ជាយុវវ័យជំនាន់ថ្មីម្នាក់ ដែលបានជ្រើសរើសការលាឈប់ពីការងារពេញម៉ោង ហើយក្លាយជាអ្នកលក់នំនៅលើកម្មវិធីអនឡញ ដោយប្រើប្រាស់ផ្ទះបាយខុនដូជាប្រភពនៃការផលិតរហូតអាចរកប្រាក់ចំណូលប្រចាំថ្ងៃគឺចន្លោះ ១០០ដុល្លារ-២០០ដុល្លារ បើគិតជាប្រាក់ចំណូលជាមធ្យមគឺ ទទួលបានជាង ២,០០០ដុល្លារ ក្នុងមួយខែ។ 

នៅក្នុងបទសម្ភាសន៏នោះដែរ អ្នកនាង Nat បានរៀបរាប់ថា៖ ពេល​បញ្ចប់​ការសិក្សានាងក៏បានចូលធ្វើការនៅក្រុមហ៊ុន​ទីផ្សារ​អនឡាញ​​មួយក្នុងស្រុក​ ​​នាង​ធ្វើ​បាន​ប្រហែល​ ៧​ខែតែប៉ុណ្ណោះ អ្នកនាងក៏​លា​ឈប់ពីការងារ ​​ព្រោះតែអ្នកនាង​យល់​ថា​ ការងារដែលនាងកំពុងធ្វើមិនបានបំពេញតម្រូវការជីវិតរបស់នាងទេ។ អ្នកនាង Nat បន្តទៀតថា៖ នៅ​ពេល​នោះដែរ អ្នកនាង​មិនទាន់​មាន​គំនិត​លក់ដូរអ្វីនៅឡើយទេ ប៉ុន្តែក្រោយពេលនាងលាឈប់ពីការងារបានមួយខែមក អ្នកនាងបែជាមានអារម្មណ៍ថា ខ្លួនឯងទំនេរច្រើន ទើបអ្នកនាង​មានគំនិតរកធ្វើ​អ្វី​មួយ​ដែល​នាង​ពូកែ និងមានជំនាញពាក់ព័ន្ធនឹងការលក់​តាម​អន​ឡាញ។ ដោយសារតែអ្នកនាង​ធ្លាប់​លក់​សំលៀក​បំពាក់តាម​អនឡាញ​កាល​ពីនៅ​រៀន ប៉ុន្តែបច្ចុប្បន្នអ្នកនាងយល់ឃើញថា មនុស្សមិនសូវទិញសម្លៀកបំពាក់ញឹកញាប់នោះទេ តែបើជាអាហារសម្រាប់ញ៉ាំនោះអាចជាការល្អ មួយវិញទៀតនោះអ្នកនាងធ្លាប់បើកឃើញនំ Croffle ដែលជានំមានការពេញនិយមយ៉ាងខ្លាំងនៅកូរ៉េ ណាមួយនៅថៃនំនេះមិនសូវមានគេលក់ បើមានគឺមានតែនៅតាមហាងកាហ្វេថ្លៃៗ ហើយបើអ្នកនាងអាចធ្វើបាន ដាក់លក់នៅតម្លៃសមរម្យនោះប្រាកដជាលក់បានជាមិនខាន ណាមួយអ្នកនាងអាចលក់នៅតាមកម្មវិធីកម្ម៉ង់អាហារតាមអនឡាញ ដោយសារតែសង្គមបច្ចប្បន្នគេនិយម​ចូល​ចិត្ត​កុម្ម៉ង់​តាមអនឡាញស្រាប់ ជាពិសេសជាងនេះទៅទៀត អ្នកលក់មិន​បាច់​បង់​ថ្លៃ​ដល់​កន្លែងទៀតផង។

ឆ្លងកាត់ការពិតពិចារណារួច អ្នកនាង Nat ក៏បានបើកកម្មវិធីនៅតាមយូរធូបដើម្បីរកមើលវិធីធ្វើនំ Croffle ក៏ដូចជាទៅបង់លុយរៀនវគ្គខ្លីៗក្នុងការធ្វើនំផងដែរ។ ក្រោយពីចំណាយពេលរៀនធ្វើកែច្នៃរសជាតិតាមខ្លួនចង់បានរួចមក អ្នកនាងក៏បានយកនំដែលខ្លួនបានដុតនឹងច្នៃមានដល់ទៅ ៥រសជាតិទៅអោយមិត្តភក្តិ សាច់ញាតិ បងប្អូនជួយភ្លក់នឹងដាក់ពិន្ទុរហូតទាល់តែអ្នកនាងជឿជាក់លើទឹកដៃខ្លួន ទើបអ្នកនាងក៏ចាប់ផ្តើមធ្វើលក់តាមអនឡាញ ដោយមានការថតរូបនំនីមួយៗដើម្បីអោយចេញមកទាក់ទាញដល់អតិថិជនឃើញហើយចង់សាកចង់ភ្លក់រសជាតិ ហើយអតិថិជននឹងជួយយើងផ្សព្វផ្សាយតៗគ្នាថា នំរបស់អ្នកនាងឆ្ងាញ់ថែមទាំងមានតម្លៃសមរម្យ។ នៅទីបំផុតអ្វីដែលអ្នកនាងបានព្យាយាមក្លាយជាការពិត ពោល គឺហាងនំអនឡាញរបស់អ្នកនាងទទួលបានការគាំទ្រយ៉ាងខ្លាំង គឺក្នុងមួយថ្ងៃអ្នកនាងអាចលក់បានជាង ១២០នំ និងមកយកផ្ទាល់ជាង ៨០នំ បើគិតពីចំណូលវិញគឺទទួលជាង ២,០០០ដុល្លារ ក្នុងមួយខែឯណោះ។
លើស​ពី​នេះ​ទៅ​ទៀត​នាង​បាន​បន្ត​ជួយ​កសាង​អាជីព​ដល់​អ្នក​ដែល​ចាប់​អារម្មណ៍ ដោយអ្នកនាងបានធ្វើសៀវភៅដែលរួមបញ្ចូលគ្នានូវការចាប់ផ្តើមអាជីវកម្មនំ Croffle នៅក្នុងសៀវភៅទំហំ A5 ដែលលក់ក្នុងតម្លៃ ៤៥០ បាត ឬជាង ១២ដុល្លារ ហើយម្ចាស់ហាងគ្រោងនឹងបើកហាងក្នុងពេលឆាប់ៗនេះផងដែរ៕


អត្ថបទ៖ Bee
ប្រភព៖ sentangsedtee
រូបភាព៖ Norchor Croffle and bakeroom