ច្បាស់ណាស់ថារាល់ពេលចូលក្នុងហាងកាហ្វេ ភោជនីយដ្ឋាននានា គេតែងតែឃើញម្ចាស់អាជីវកម្មទាំងនោះ ប្រើប្រាស់មុខបញ្ជីម្ហូប ភេសជ្ជៈ ដែលជាប្រភេទក្រដាស ប៉ុន្តែដោយសារតែសម័យនេះជាសម័យឌីជីថល និងដោយសារតែចង់ជួយដល់កាត់បន្ថយផ្លាស្ទិក ឬសំរាមផងនោះ។
លោកង៉ែត សុផាត ដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូរទ័រ នៅឆ្នាំ២០០៦ សព្វថ្ងៃនេះជាស្ថាបនិក Eco platform បានផ្តល់បទសម្ភាសន៍ជាមួយក្រុមការងារ KhmerNote ថា Eco គឺជាសេវាកម្មឌីជីថលបែបសេដ្ឋកិច្ចសង្គមដំបូងបង្អស់នៅកម្ពុជា ដោយមិនមែនជា App ឡើយ។ Eco ជាផ្លេតហ្វូមមួយដែលប្រមូលបញ្ហានៅក្នុងសហគមន៍យើងទាំងអស់ដោយយើងប្រើបច្ចេកវិទ្យាមកជួយដល់សហគមន៍វិញ។ ប៉ុន្តែដោយបញ្ហាក្នុងសហគមន៍គឺមានទំហំធំដូច្នេះយើងមិនអាចដោះស្រាយបញ្ហាទាំងអស់នេះក្នុងពេលតែមួយបានទេ ចឹងហើយលោកក៏បាននឹកឃើញដល់រឿងដែលអទិភាព តូចៗដែលគេមើលរំលង និងមិនទាន់មានអ្នកធ្វើវានៅឡើយ។


លោកបានប្រាប់ពីមូលហេតុដែលនាំឱ្យលោកនិងដៃគូម្នាក់ទៀតបាន បង្កើត QR Digital Menu ដោយលោកបាននិយាយថា ម្ចាស់អាជីវកម្មបានចំណាយប្រាក់ច្រើនសន្ធឹកដើម្បីបើកអាជីវកម្ម ប៉ុន្តែតាមសង្កេតពួកគេមិនបានផ្តោតទៅលើបញ្ជីមុខម្ហូបអាហារនិងភេសជ្ជៈ ដែលភាគច្រើនគេចូលចិត្តប្រើតែប្រភេទក្រដាស ដែលងាយនឹងឆាប់ខូច និងពិបាកក្នុងការកែប្រែតម្លៃនិងមុខម្ហូបជាដើម ដូច្នេះលោកបង្កើត QR Digital Menu នេះមកគឺលោកគិតថានឹងជួយសម្រួលដល់ម្ចាស់អាជីវកម្មក្នុងរឿងមួយនេះ។ លោកបន្តថានៅថ្ងៃមុខក្រុមការងារអាចនឹងបង្កើតរហូតដល់ Digital store ដែលអាចឱ្យម្ចាស់អាជីវកម្មលក់នៅក្នុងសហគមន៍បាន។

ក្រោយពីបានបង្កើត គម្រោង Eco ផ្លេតហ្វូម ស្កេនមើលម៉ឺនុយ (QR Digital Menu) ដោយមិនចាំបាច់ប្រើ App ម្ចាស់អាជីវកម្មដែលបានប្រើប្រាស់សេវាកម្មបានធ្វើការកោតសរសើរនិងពេញចិត្តជាខ្លាំងចំពោះសេវាកម្មមួយនេះដែលជួយបានច្រើនទាំងការលក់ និងភាពងាយស្រួលដល់ការកែប្រែតម្លៃទំនិញ និងបញ្ជីទំនិញផ្សេងសម្រាប់លក់ឱ្យអតិថិជន។ អ្នកបានប្រយោជន៍ពីគម្រោង Eco ផ្លេតហ្វូមនេះគឺអ្នកនៅក្នុងសហគមន៍តែម្តង និងអាជីវករក្នុងសហគមន៍ ចុងក្រោយគឺអ្នកលក់អនឡាញដែលចង់មកលក់នៅក្នុងសហគមន៍នេះ។ eCO បានចាប់ផ្តើបង្កើតនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។ សម្រាប់ឧបសគ្គនៅពេលបង្កើតដំបូងគឺមានការពិបាកពន្យល់គោលការណ៍នេះទៅកាន់ក្រុមការងារ ហើយបញ្ហាហិរញ្ញាវត្ថុក៏ជាកត្តាមួយផងដែរ ប៉ុន្តែក៏លោកអាចដោះស្រាយបានដោយមិនមានបញ្ហា។
មកទល់ពេលនេះមានម្ចាស់អាជីវកម្មបានចុះឈ្មោះជាមួយ Eco ផ្លេតហ្វូម ប្រហែល១៣០ហាង និងមានអាជីវកម្មដទៃទៀតក៏កំពុងចុះឈ្មោះ ប៉ុន្តែលោកក៏ត្រូវពិនិត្យឱ្យច្បាស់ ដើម្បីមិនឱ្យមានបញ្ហា មុនពេលបើកឱ្យអាជីវករលក់តាមអនឡាញបានប្រើប្រាស់សេវាកម្ម QR menu នេះ។ ចំពោះEco ផ្លេតហ្វូម ដែលធ្វើជាម៉ឺនុយពីក្រដាសទៅជាឌីជីថល លោកបើកចំហរសម្រាប់គ្រប់អាជីវករ មិនថាប្រភេទតាមហាងកាហ្វេ ភោជនីយដ្ឋាន និងអ្នកលក់អាហារតាមផ្លូវនោះទេ សុទ្ធតែអាចប្រើប្រាស់ Eco ផ្លេតហ្វូម នេះបាន ដោយមិនគិតថ្លៃ៕


