ក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិន Chery Automobile បង្ហាញបំណងចង់បង្កើតរោងចក្រផលិតរថយន្តនៅក្នុងប្រទេសវៀតណាម និងចង់លក់រថយន្តដែលផលិតនៅវៀតណាមជាលើកដំបូងរបស់ខ្លួននៅឆ្នាំក្រោយ។ នាយកក្រុមហ៊ុន Chery Vietnam លោក Tocy Tang បានប្រាប់ VnExpress ថា៖ “យើងចង់សាងសង់រោងចក្រនៅប្រទេសវៀតណាម ព្រោះយើងមិនចង់គ្រាន់តែនាំចូល និងលក់រថយន្តនោះទេ”។
លោកបានបន្តថា រោងចក្រនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Chery បង្កើតរថយន្តដែលធ្វើមូលដ្ឋានីយកម្មសម្រាប់ជនជាតិវៀតណាម និងបង្កើនសក្តានុពលរបស់វា ដើម្បីការលើកកម្ពស់ម៉ាកយីហោរថយន្តចិននៅក្នុងប្រទេសវៀតណាម ខណៈម៉ាករថយន្តចិនជាច្រើនដូចជា BAIC, Hongqi និង Brilliance មានវត្តមានក្នុងប្រទេសវៀតណាម ប៉ុន្តែពួកគេត្រូវបាននាំចូលដោយឈ្មួញនៅ Hai Phong ។
គួរបញ្ជាក់ផងដែរថា បង្កើតឡើងក្នុងឆ្នាំ១៩៩៧ Chery គឺជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទីប្រាំបួន និងជាអ្នកនាំចេញកំពូលនៅក្នុងប្រទេសចិន។ ក្រុមហ៊ុនក៏ផលិតរថយន្ត Jaguar និង Land Rover នៅក្នុងប្រទេសចិនក្រោមការបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនផលិតរថយន្តប្រណីតដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress
រូបភាព៖ imsilkroad, vnecdn, destinationksa


