ចុងភៅ អៀប ជិននី ៖ «ចង់ប្រកបរបរចុងភៅការបានយូរ គួរឈរលើគោលការណ៍ទាំង៤នេះ»
អាជីវកម្ម September 10, 2022 Naren

(ភ្នំពេញ)៖ ជាការពិតណាស់រាល់ពេលមានពិធីជប់លៀង ខួបកំណើត ឡើងគេហដ្ឋាន ជាពិសេសអាពាហ៍ពិពាហ៍ គេមិនភ្លេចឡើង ចំពោះការស្វែងរកចុងភៅការ ដែលមានគុណភាព លើម្ហូបអាហារ និងសេវាកម្ម ដែលជាផ្នែកមួយដែលសំខាន់ដើម្បីជួយឱ្យកម្មវិធីនានាប្រព្រឹត្តិទៅយ៉ាងរលូន។

ខណៈដែលអាជីវកម្មចុងភៅការនេះ មានភាពប្រកួតប្រជែង ថ្ងៃនេះខ្មែរណូត បានធ្វើការសម្ភាសន៍ជាមួយនឹង លោក អៀប ជិននី ដែលជាស្ថាបនិក «ចុងភៅ អៀប ជិននី»។ លោកបានជម្រាបក្រុមការងារខ្មែរណូត នូវវិធីសាស្ត្រដែលធ្វើឱ្យអាជីវកម្មចុងភៅលោក មានការគាំទ្រ ទទួលស្គាល់ពីអតិថិជន។

លោក អៀប ជិននី បានថ្លែងថា កត្តាដែលនាំឱ្យមុខរបរចុងភៅការនេះឈរជើងបានយូរ និងមានការទទួលស្គាល់ពីអតិថិជន ដោយសារតែលោកមានគោលការណ៍ចំនួន៤នេះ «ភាពស្មោះត្រង់, គោរពពេលវេលា, អនាម័យខ្ពស់ និងសេវាកម្មល្អ»។ លោកបានឱ្យដឹងថា ទោះបីជាអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ ជាពិសេសគ្រឿងទេសឡើងថ្លៃពិតមែន ប៉ុន្តែលោកនៅតែអាចឈរជើងប្រកបមុខរបរនេះបាន ដោយសារតែកត្តាទាំង៤ដែលលោកបានរៀបរាប់ខាងលើ។ ជាពិសេស ចុងភៅការរបស់លោក តែងតែទទួលការកោតសរសើរ ពីម្ចាស់កម្មវិធី ចំពោះរសជាតិម្ហូបអាហារ មិនត្រឹមតែរសជាតិឆ្ងាញ់ទេ ថែមទាំងមានអនាម័យខ្ពស់។ ចក្ខុវិស័យរបស់ ចុងភៅ អៀប ជិននី គឺ ពង្រីក និងបង្កើតយីហោចុងភៅ អៀប ជិននី ឱ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងអតិថិជនទទួលស្គាល់ទូទាំងប្រទេសកម្ពុជា៕