ប្រេស៊ីល ហាម Apple មិនឱ្យលក់ iPhone នៅក្នុងប្រទេសរបស់ខ្លួនទេ បើមិនដាក់ឆ្នាំងសាក និងពិន័យជាប្រាក់ជាង ២លានដុល្លារ
អាជីវកម្ម September 9, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន republicworld បានឱ្យដឹងថា រដ្ឋាភិបាលប្រេស៊ីល កាលពីថ្ងៃអង្គារ បានហាមក្រុមហ៊ុន Apple មិនឱ្យលក់ទូរស័ព្ទ iPhone របស់ខ្លួននៅក្នុងប្រទេសប្រេស៊ីលឡើយ ដោយសារតែក្រុមហ៊ុន Apple មិនបញ្ចូលឆ្នាំងសាកមកជាមួយ ហើយ Apple នឹងត្រូវរងពិន័យជាង ២លានដុល្លារផងដែរជុំវិញបញ្ហានេះ។

IgbereTV បានរាយការណ៍ថា រដ្ឋាភិបាលបានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកថា បានចូលរួមក្នុង “ការអនុវត្តការរើសអើង” ។ ជាមួយគ្នានេះ ប្រេស៊ីលបានសម្តែងការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់ Apple ក្នុងការបញ្ឈប់ការដាក់បញ្ចូលឆ្នាំងសាកមកនៅពេលទិញទូរស័ព្ទថ្មី ដែលចាប់ផ្តើមជាមួយនឹងការចេញ iPhone 12 ហើយបានឆ្លើយតបដោយការរារាំងការលក់ទូរស័ព្ទ iPhone ក្នុងស្រុកដែលមិនមានរួមបញ្ចូលឆ្នាំងសាក។

ទន្ទឹមនឹងការបញ្ឈប់ការលក់ iPhone មួយចំនួន ក្រសួងយុត្តិធម៌ និងសន្តិសុខសាធារណៈនៃប្រទេសប្រេស៊ីល ក៏បានបញ្ជាឱ្យ Apple បង់ប្រាក់ពិន័យប្រមាណ ២.៤ លានដុល្លារ និងដកហូតការចុះបញ្ជីទូរស័ព្ទ iPhone 12 ជាមួយ Anatel ដែលជាទីភ្នាក់ងារទូរគមនាគមន៍របស់ប្រទេសនេះ។

គួរឱ្យដឹងថា នេះមិនមែនជាលើកដំបូងទេដែលប្រទេសប្រសស៊ីលហាមឃាត់មិនឱ្យ Apple លក់ទូរស័ព្ទដែលមិនមានឆ្នាំងសាក ពោលគឺយោងតាមការជូនដំណឹងផ្លូវការមួយ អាជ្ញាធរប្រេស៊ីលបានផ្អាកជាបន្ទាន់នៃការចែកចាយស្មាតហ្វូនម៉ាក iPhone ដោយមិនគិតពីម៉ូដែល ឬជំនាន់នោះទេ ឱ្យតែមិនភ្ជាប់ឆ្នាំងសាកមកជាមួយ។ ហើយនាយកដ្ឋានការពារអ្នកប្រើប្រាស់ បានអនុម័តច្បាប់ដែលហាមឃាត់ការលក់ចាប់ពីស៊េរី iPhone 12 និង 13 គ្រប់ម៉ូឌែលទាំងអស់មកម្ល៉េះ៕

អត្ថបទ៖ លីនី
ប្រភព៖ republicworld
រូបភាព៖ news24.com, techcrunch, appleinsider