យោងតាមសារព័ត៌មាន Thairath បានអោយដឹងថា កាលពីថ្ងៃទី៨ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានបំភ្លឺជុំវិញករណីដែលរដ្ឋាភិបាលអាមេរិកបានចាក់បញ្ចូលថវិកាដល់ក្រុមហ៊ុនផលិតមីក្រូឈីប ឬមូលនិធិបន្ទះឈីប ដើម្បីជំរុញការវិនិយោគសាងសង់រោងចក្រក្នុងប្រទេសដែលមានតម្លៃ ៥០ពាន់លានដុល្លារ ថា ក្រុមហ៊ុនដែលទទួលបានមូលនិធិនឹងត្រូវបានរារាំងពីការវិនិយោគប្រាក់របស់ពួកគេនៅក្នុងប្រទេសចិន ឬអភិវឌ្ឍបច្ចេកវិទ្យាទំនើបនៅក្នុងប្រទេសចិនយ៉ាងហោចណាស់ ១០ ឆ្នាំសម្រាប់ហេតុផលសុវត្ថិភាព។
បើតាមទីភ្នាក់ងារព័ត៌មានបរទេសបានអោយដឹងថា ថវិកាមូលនិធិបន្ទះឈីប គឺជាផ្នែកមួយនៃថវិកាដ៏ធំចំនួន ២៨០ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មផលិតបន្ទះឈីប បច្ចេកវិទ្យាទំនើប និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ ជាមួយគ្នានេះរួមទាំងវិធានការបន្ធូរបន្ថយពន្ធសម្រាប់ក្រុមហ៊ុនដែលមានបំណងសាងសង់រោងចក្រផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក ដែលលោក Joe Biden បានចុះហត្ថលេខាលើការអនុម័តកាលពីខែសីហាកន្លងមក។
ចំណែកអ្នកវិភាគក៏បានបញ្ជាក់ផងដែរថា៖ បច្ចុប្បន្ននេះសហរដ្ឋអាមេរិក គឺជាក្រុមហ៊ុនផលិតមីក្រូឈីប (ជាធាតុផ្សំសំខាន់សម្រាប់ឧបករណ៍បច្ចេកវិទ្យាទាំងអស់ចាប់ពីស្មាតហ្វូនរហូតដល់រថយន្ត) ដែលមានតែ ១០% ចូលទីផ្សារពិភពលោក ទាំងដែលពីមុនមានចំនួនខ្ពស់រហូតដល់ទៅ ៤០% កាលពីឆ្នាំ ១៩៩០។ ចំណែកស្ថានទូតចិនប្រចាំ នៅសហរដ្ឋអាមេរិកមិនបានយល់ស្របទៅតាមវិធានការណ៍នេះទេ ថែមទាំងបានបញ្ជាក់ផងដែរថានេះជាគំនិតសម័យសង្គ្រាមត្រជាក់៕



អត្ថបទ៖ Bee
ប្រភព៖thairath


