យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កសិករខេត្តបាត់ដំបង អាចលក់គល់ស្លឹកគ្រៃស្រស់បានច្រើន ចន្លោះពី ១តោនទៅ២តោនក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដែលទទួលបានប្រាក់ចំណូលជាច្រើនសម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពក្រុមគ្រួសារ។
លោក ញ៉ សុភាព ជាកសិករដាំស្លឹកគ្រៃស្ថិតក្នុងស្រុករតនៈមណ្ឌលខេត្តបាត់ដំបង បានប្រាប់ វិទ្យុជាតិកម្ពុជាថា លោកបានដាំស្លឹកគ្រៃរយៈពេលជិត ២ឆ្នាំមកហើយ ដោយលោកជាអ្នកដាំផ្ទាល់ផង និងប្រមូលទិញពីសមាជិកនៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ដែលមានផ្ទៃដី សរុបប្រហែល ៤០ហិកតា។
លោកបានបន្ដថា គល់ស្លឹកគ្រៃស្រស់របស់លោក អាចលក់បាន ចន្លោះពី១តោនទៅ២តោនក្នុងមួយថ្ងៃទៅកាន់រាជធានីភ្នំពេញ ដោយក្នុង១គីឡូបានតម្លៃចន្លោះពី ៨រយរៀល ទៅ១ពាន់រៀល។
«ទាក់ទងជាមួយនឹងការដាំស្លឹកគ្រៃរបស់ខ្ញុំគឺរយៈពេលជាងមួយឆ្នាំកន្លះ ហើយបានជាខ្ញុំមកលក់ស្លឹកគល់ស្រស់វិញដោយសារទី១ វាងាយស្រួលក្នុងការប្រមូលផល ទី២ តម្លៃរបស់ វាគឺអាចទទួលយកបានដែរ ហើយងាយស្រួលក្នុងការដឹកជញ្ជូន ហើយទី៣ គឺទាក់ទងទៅនឹង គល់ស្លឹកគ្រៃស្រស់ គឺកំពុងមានតម្រូវការទីផ្សារខ្ពស់នៅក្នុងប្រទេសយើង»។
លោក សុភាព បានឱ្យដឹងថា ទាក់ទងជាមួយនឹងការដាំស្លឹកគ្រៃឱ្យបានល្អ គឺត្រូវកាត់គល់ ស្លឹកគ្រៃយកមកផ្សាំវារយៈពេល ២ទៅ៣ថ្ងៃនៅក្នុងទឹក ដើម្បីឱ្យវាដុះឫស ហើយភ្ជួរដីឱ្យស្អាត បន្ទាប់មកទៀតត្រូវដាំចន្លោះពី១ម៉ែត្រទៅ១ម៉ែត្រក្នុងគុម្ពមួយ ដើម្បីឱ្យវាងាយស្រួលដាំ និង ទទួលបានទិន្នផលច្រើន បន្ទាប់មកទៀតត្រូវថែទាំរយៈពេល៤ខែ ទើបអាចប្រមូលផលបាន៕








ប្រភព៖ ក្រសួងព័ត៌មាន


