មុខរបរលក់ផលិតផលកែច្នៃចេញពីដើមត្នោត បានជួយបង្កើនប្រាក់ចំណូលនិងចូលរួមថែរក្សាផលិតផលអត្តសញ្ញាណជាតិ
អាជីវកម្ម September 6, 2022 Khmernote

មុខរបរលក់ផលិតផលកែច្នៃចេញពីដើមត្នោត មិនត្រឹមតែអាចរកប្រាប់ចំណូលប្រចាំគ្រួសារបានទេ ប៉ុន្តែគឺអាចចូលរួមថែរក្សាដើមត្នោតដែលជាអត្តសញ្ញាណជាតិ និងផលិតផលជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន

លោកស្រី លឹម សម្ភស្ស ជាអ្នកលក់ផលិតផលកែច្នៃចេញពីដើមត្នោត ស្ថិតនៅរាជធានីភ្នំពេញបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកស្រីបានចាប់យកការលក់ផលិតផលកែច្នៃចេញពីដើមត្នោតនេះ អស់រយៈពេលជាង ២ឆ្នាំមកហើយ ដើម្បីអាចរកប្រាក់ចំណូលសម្រាប់ខ្លួន ឯងផង និងបានជួយលើក ស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់ ជាពិសេសបានចូលរួមថែរក្សា ដើមត្នោតដែលជាអត្តសញ្ញាណជាតិ ។

លោកស្រីបានបន្តថា សម្រាប់ផលិតផលកែច្នៃចេញពីដើមត្នោតទាំងអស់ គឺលោកស្រីបានចុះទៅយកផ្ទាល់ពីបងប្អូនប្រជាពលរដ្ឋដែលជាដៃគូសហការហើយរាល់ផលិតផលដែលកែច្នៃទាំងអស់គឺធ្វើឡើងដោយដៃផ្ទាល់របស់ប្រជាកសិករនៅ ក្នុងខេត្តកំពង់ឆ្នាំង។ លោកស្រីបានបន្ថែមថា ក្រៅពីផលិតផលដែលច្នៃចេញពីដើមត្នោតហើយនោះ នៅក្នុងរដូវប្រាំង លោកស្រីក៏មានលក់ទឹកត្នោតផ្អែម ស្ករត្នោត ទឹកខ្មេះត្នោត ដែលសុទ្ធសឹង តែជាផលិតផលធម្មជាតិ ដែលបានចម្រាញ់ចេញពីផ្លែត្នោតខ្មែរលើទឹកដីខេត្តកំពង់ឆ្នាំង។

លោកស្រីបានបញ្ជាក់ថា មូលហេតុដែលលោកស្រីចាប់យកមុខរបរនេះ ដោយសារតែលោកស្រីបានមើលឃើញ ពីការខិតខំប្រឹងប្រែងរបស់ប្រជាកសិករដែលជាអ្នកឡើងត្នោត និងអ្នកកែច្នៃផលិតផលដែលច្នៃចេញពីដើមត្នោត នៅក្នុងតំបន់ដែលគាត់ខិតខំប្រឹងប្រែងតែពិបាកក្នុងការរកទីផ្សារ ដូច្នេះហើយ លោកស្រីក៏មានគំនិតរកវិធីសាស្រ្ត ចាប់ដៃគូគ្នាសហការជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ ធ្វើការរកទីផ្សារឱ្យបានទូលំទូលាយ ដើម្បីលក់ផលិតផលទាំងអស់ដែលច្នៃចេញពីដើមត្នោត នៅក្នុងទីផ្សារបានកាន់តែច្រើន ជាពិសេសគឺលោកស្រីចង់ចួលរួមចំណែកថែរក្សាដើម ត្នោតដែលជាអត្តសញ្ញាណជាតិ។

(ដោយសារតែយើងទៅឃើញបងប្អូនយើងអត់ មានទីផ្សារ ហើយអ៊ីចឹងទៅយើងគិតថាយើងជាអ្នកទីក្រុង យើងមានចំណេះជាងគាត់ អ៊ីចឹងយើងចង់ជួយឱ្យគាត់ មានការងារធ្វើ នៅរដូវឡើង ត្នោត ខែប្រាំងគាត់ឡើងត្នោត ខែវស្សាគាត់ធ្វើស្រែ អ៊ីចឹងគាត់អត់មានទីផ្សារទេ យើងអ្នកភ្នំពេញយើងអ្នករកស៊ីអនឡាញដែរ យើងក៏ឃើញគាត់ទៅ យើងក៏ចាប់ដៃគូលក់ ដើម្បីរកទីផ្សាររស់ទាំងអស់គ្នា ណាមួយយើងចង់គាំទ្រដើម ត្នោត និយាយទៅគឺយើងធ្វើដោយក្ដីស្រឡាញ់ ចង់ និយាយថាលុយចំណេញគឺចំណេញហើយ ប៉ុន្តែយើងធ្វើអីគឺយើងធ្វើដោយក្ដីស្រឡាញ់ ហើយគោលបំណងយើងដូចខ្ញុំនិយាយពីដំបូងអ៊ីចឹង ដោយ សារតែយើងចង់គាំទ្រដើម ត្នោត ហើយណាមួយពួកគាត់ក៏ល្អៗ យើងចង់ជួយរកទីផ្សារឱ្យពួកគាត់ មានចំណូលប្រចាំគ្រួសារ)។

លោកស្រីបានអំពាវនាវ សូមឱ្យប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រផលិតផលទាំងអស់ដែលជាស្នាដៃនៃការកែច្នៃដោយដៃផ្ទាល់របស់ប្រជា កសិករឱ្យបានកាន់តែច្រើន ឡើងបន្ថែមទៀត ដើម្បីបានជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ជាពិសេសគឺបានចូលរួមថែរក្សាផលិតផលដែលជាអត្តសញ្ញាណជាតិ។

សូមបញ្ជាក់ថា លោកស្រី លឹម សម្ភស្ស បានចាប់មុខ របរនេះតាំងពីឆ្នាំ២០២១ ដែលស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សី កែវ ដែលមានលក់ផលិតផលដែលច្នៃចេញពីដើមត្នោតរួមមាន៖ ចានបាយ ស្លាបព្រា សម ចង្កឹះ វែកសម្លរ វែកបាយ ប៉ាន់តែ កាទឹក ប្រអប់ដាក់ក្រដាសជូតមាត់ ត្បាល់ ទឹកត្នោតផ្អែម ស្ករត្នោត និងទឹកខ្មេះត្នោត៕

ប្រភព៖ ក្រសួងព័ត៌មាន