ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានចាប់ផ្ដើមដំណើរការជ្រើសរើសបុគ្គលិកនៅទីក្រុងបាងកក ដែលជាផ្នែកនៃផែនការវាយលុកទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ។ គេហទំព័ររបស់ក្រុមហ៊ុន Tesla កាលពីថ្ងៃច័ន្ទ បានចុះផ្សាយជ្រើសរើសបុគ្គលិក ១៦តំណែង ដោយចាប់ពីតំណែង គោលនយោបាយសាធារណៈ និងអ្នកគ្រប់គ្រងការអភិវឌ្ឍន៍អាជីវកម្ម រហូតដល់អ្នកគ្រប់គ្រងហាង អ្នកគ្រប់គ្រងសេវាកម្ម អ្នកបច្ចេកទេសយានយន្ត និងទីប្រឹក្សា។
តាមរយៈតំណែងដែលប្រកាសជ្រើសរើសនេះ វាខុសពីអ្វីដែលក្រុមហ៊ុនប្រកាសកាលពីមុន ដោយការផ្លាស់ប្ដូរនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Tesla បានចុះបញ្ជីជាក្រុមហ៊ុននៅក្នុងប្រទេសថៃកាលពីថ្ងៃទី២៥ ខែមេសា។ កាលនោះ Tesla បាននិយាយថា ខ្លួននឹងដំណើរការអាជីវកម្មថៃទាក់ទងនឹងនឹងរថយន្តអគ្គិសនី ការផ្ទុកថាមពលដែលបានដំឡើង និងការបង្កើតថាមពលជាមួយនឹងដើមទុនចុះបញ្ជីដំបូងចំនួន ៣ លានបាត។
គួរបញ្ជាក់ផងដែរថា Tesla គឺជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោក ហើយនៅតែជាក្រុមហ៊ុនផលិតរថយន្តដ៏មានតម្លៃបំផុតរបស់ពិភពលោកជាមួយនឹងមូលធនប័ត្រទីផ្សារជាង ៣០.៤ ទ្រីលានបាត (៨៤០ ពាន់លានដុល្លារ)។ ក្រុមហ៊ុនឈានមុខគេលើការលក់រថយន្តអគ្គិសនីពីថ្ម (BEV) និងរថយន្តអគ្គិសនីដោយសាកថ្មទូទាំងពិភពលោក ដោយចាប់យកទីផ្សារ ២១ភាគរយនៃទីផ្សារ BEV (អគ្គិសនីសុទ្ធ) និង ១៤ភាគរយនៃទីផ្សារសាកថ្ម (ដែលរួមបញ្ចូល Plug-in Hybrid) នៅក្នុង២០២១៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand
រូបភាព៖ just-auto, postsen, cloudinary


