យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមត្រីប្រារបស់លោកយន់ សុវណ្ណារិទ្ធ បានផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងរាជធានីភ្នំពេញពី ៣ទៅ ៥តោន ជារៀងរាល់ថ្ងៃដើម្បីបំពេញតម្រូវការអ្នកបរិភោគកាត់បន្ថយការនាំចូលត្រីពីក្រៅប្រទេស។
លោកយន់ សុវណ្ណារិទ្ធ ជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីប្រា នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានឱ្យដឹងថា កំណើន ប្រជាជននៅប្រទេសកម្ពុជាកំពុងមានការកើនឡើងជាលំ ដាប់ហើយការផ្គត់ផ្គង់ស្បៀង អាហារ ក៏មានការកើនឡើងដូចគ្នា។ ដូច្នេះការពឹងផ្អែកទៅ លើត្រីធម្មជាតិតែមួយមុខមិនអាចផ្គត់ផ្គង់ទៅដល់អ្នកបរិភោគ បានទេនេះជាចំណុចចាប់ផ្តើមដ៏ល្អបំផុតសម្រាប់វិស័យវារីវប្បកម្មគឺជាការចិញ្ចឹមត្រីនៅតាមស្រះនៅតាមបែរ ដើម្បីឆ្លើយតបទៅនឹងសន្តិសុខស្បៀងពេញផ្ទៃប្រទេសបាន។
លោកបន្តថា លោកចាប់ផ្ដើមមុខរបរជាវារីវប្បករចិញ្ចឹមត្រីប្រានេះ ៨ឆ្នាំមកហើយ ហើយការចាប់ផ្ដើមដំបូងមាន ការសាកល្បងចំនួន២ ស្រះវាមានការលំបាកណាស់ដោយ សារតែយើងខ្វះបច្ចេកទេសក្នុងការចិញ្ចឹម ប៉ុន្តែក្រោយមានការជ្រោមជ្រែងបច្ចេក ទេសពីខាងរដ្ឋបាលជលផលបានចុះមកអប់រំណែនាំពីបច្ចេកទេសក៏ដូចជាផ្ដល់ឱកាសឱ្យកសិករបានចុះទៅទទួលបានការបណ្ដុះបណ្ដាលជាមួយអង្គការផ្សេងៗពីវិស័យវារីវប្បកម្មធ្វើឱ្យប្រជាកសិករមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការទទួលជោគជ័យលើការចិញ្ចឹមត្រី ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបន្ថែមថា បច្ចុប្បន្ន លោកអាចពង្រីកការចិញ្ចឹមត្រីប្រារហូតដល់ចំនួន ២០ ស្រះដែលអាចផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារចន្លោះពី៣ទៅ ៥តោនហើយការផ្គត់ផ្គង់នេះគឺជាខ្សែសង្វាក់ឥតឈប់មាន ន័យថាមួយឆ្នាំយើងអាចផ្គត់ផ្គង់រហូតដល់ ៣៦៥ថ្ងៃ។
« ចំពោះប្រភេទត្រី ប្រាយើងអាចផ្គត់ផ្គង់ចន្លោះពី៣ទៅ ៥តោនហើយការផ្គត់ ផ្គង់នេះ គឺជាខ្សែសង្វាក់ឥតឈប់មានន័យថាមួយឆ្នាំយើងអាចផ្គត់ផ្គង់រហូតដល់ ៣៦៥ ថ្ងៃ។ចំពោះត្រីប្រា តម្លៃ ៤៧០០ រៀលក្នុងមួយគីឡូ ក្រាម។អ៊ីចឹងតម្រូវការមានការថយចុះហើយការផ្គត់ផ្គង់យើងមានការកើនឡើងតែខ្ញុំមានសុទិដ្ឋិនិយមថាឆ្នាំ ២០២៣នេះគឺជាឆ្នាំថ្មីហើយតម្រូវការនិងការផ្គត់ផ្គង់បែរ មកជួបគ្នាក្នុងចំណុចប្រសព្វមួយអ៊ីចឹងតម្លៃត្រីនឹងអាចកើនពីចន្លោះពី ៥០០០រៀល ទៅ ៥៥០០រៀលក្នុងមួយគីឡូសម្រាប់ត្រីប្រា»។
លោកបន្ថែមថា វារីវប្បកម្មគឺជាវិស័យមួយដែលត្រូវការបច្ចេក ទេសខ្ពស់ណាស់ទើបទទួលបាននូវទិន្នផលដែលល្អប្រសើរបំផុតនិងស្របតាមស្តង់ដារទីផ្សារ។ជាក់ស្តែងប្រសិនបើទិន្នផលធ្វើបានល្អប្រសើរតម្លៃផលិតក៏ទាបទៅ តាមនឹងហើយតម្លៃទាបជាអ្វីដែលយើងឆ្លើយតបទៅនឹងការប្រកួតប្រជែងពីប្រទេស ជិតខាងបាន និងអាចពង្រីកការចិញ្ចឹមធំជាងមុនពិសេសអាចផ្គត់ផ្គង់សន្តិសុខស្បៀងពេញផ្ទៃប្រទេសដោយមិនពឹងផ្អែកទៅលើការនាំចូលត្រីពីក្រៅប្រទេសផងដែរ៕






ប្រភព៖ ក្រសួងព័ត៌មាន


