មិនគួរឱ្យជឿ! ទីក្រុងជិត ៧០ របស់ប្រទេសចិន រាយការណ៍ពីការធ្លាក់ចុះនៃតម្លៃផ្ទះថ្មី ដែលជាការធ្លាក់ចុះដ៏ធំមិនធ្លាប់មាន
អចលនទ្រព្យ September 1, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ទីក្រុងជិត ៧០ នៅក្នុងប្រទេសចិនបានរាយការណ៍ពីការធ្លាក់ចុះតម្លៃនៃផ្ទះថ្មី កាលពីខែសីហា ដែលជាចំនួនច្រើនបំផុតចាប់តាំងពីការចាប់ផ្ដើមផ្ទះជំងឺរាតត្បាតកូវីដ-១៩។ ការធ្លាក់ចុះនេះ បានដាក់សម្ពាធកាន់តែខ្លាំងលើរដ្ឋាភិបាលក្នុងតំបន់ ឱ្យដាក់ចេញវិធានការគាំទ្របន្ថែមសម្រាប់អ្នកទិញ និងអ្នកអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

យោងតាម China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យធំបំផុតមួយរបស់ប្រទេសចិន បានឱ្យដឹងថា នៅក្នុងខែសីហា ទីក្រុងចំនួន ៦៩ ក្នុងចំណោមទីក្រុងចំនួន១០០ បានរាយការណ៍ពីការធ្លាក់ចុះនៃតម្លៃប្រចាំខែ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ខណៈកាលពីខែកក្កដាមានទីក្រុងជាង ៤៧ប៉ុណ្ណោះបានរាយការណ៍ពីការធ្លាក់ចុះនៃតម្លៃនេះ។

ប្រភពដដែលបានបន្តថា តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងទាំង ១០០ បានធ្លាក់ចុះបន្តិចគឺ ០.០១ ភាគរយធៀបនឹងខែមុន ខណៈតម្លៃ​ផ្ទះ​នៅ​ក្នុង​ទីក្រុង​លំដាប់​ទី​មួយ​រួម​ទាំង​ទីក្រុង​ប៉េកាំង និង​សៀងហៃ​បាន​ធ្លាក់​ចុះ ០.០៨% បន្ទាប់​ពី​ធ្លាក់​ចុះ ០.០១៦% ក្នុង​ខែ​កក្កដា។ ជាមួយគ្នានេះ ការធ្លាក់ចុះនៃតម្លៃ នឹងបន្តប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកទិញផ្ទះ រួមទាំងអូសបន្លាយការធ្លាក់ចុះនៃអចលនទ្រព្យ និងបង្ហាញពីការខាតបង់បន្ថែមទៀតនៅក្នុងសន្ទុះសេដ្ឋកិច្ចរបស់ចិនបន្ថែមទៀត៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia
រូបភាព៖ hnyj360, archilovers,