កម្មវិធី Cambodian Idol រដូវកាលទី៤ ដែលទើបតែបញ្ចប់កាលពីរាត្រីថ្ងៃអាទិត្យ ម្សិលមិញនេះ បានសាងប្រវត្តិសាស្រ្តដ៏គួរឱ្យភ្ញាក់ផ្អើលដោយមានអ្នកទស្សនាការឡាយនៅលើផេកផ្លូវការរបស់ទូរទស្សន៍ Hang Meas HDTV រហូតដល់ជាង 500K និងអ្នកចូលរួមទស្សនាដោយផ្ទាល់យ៉ាងច្រើនកុះករមិនធ្លាប់មាន។ ស្របពេលដែលកំពុងល្បីរន្ទឺនៅក្នុងប្រទេសកម្ពុជា តើចង់ដឹងអត់ថាតើអ្នកណា ជាអ្នកបង្កើតកម្មវិធីលំដាប់ពិភពលោកមួយនេះ ហើយបង្កើតឡើងដើម្បីអ្វី?
នៅក្នុងឆ្នាំ២០០១ លោក Simon Fuller ដែលជាសហគ្រិនជនជាតិអង់គ្លេស អ្នកគ្រប់គ្រងសិល្បករ ផលិតករភាពយន្តនិងទូរទស្សន៍ បានបង្កើតកម្មវិធីមួយឈ្មោះថា “Pop Idol”។ កម្មវិធីជាសេ៊រីនេះ គឺជាកម្មវិធីប្រកួតប្រជែងចំរៀងនៅលើទូរទស្សន៍ ITV ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីជ្រើសរើសតារាចម្រៀងប៉ុបវ័យក្មេង និងល្អបំផុត ឬ (Pop Idol) នៅចក្រភពអង់គ្លេសដោយផ្អែកលើការបោះឆ្នោតរបស់អ្នកទស្សនា និងការចូលរួមរបស់មហាជន។
ក្រោយមក Fuller បានលក់កម្មវិធី “Pop Idol” ជុំវិញពិភពលោក ហើយគាត់ត្រូវបានផ្តល់កិត្តិយសក្នុងការបង្កើតទម្រង់ទូរទស្សន៍ដ៏មានតម្លៃបំផុតរបស់ពិភពលោកជាមួយនឹងតម្លៃជាង ៨ពាន់លានដុល្លារ ដែលបង្កើតឡើងដោយរកប្រាក់ចំណូលពីអ្នកឧបត្ថម្ភ ការលក់ទំនិញ, សេវាទូរស័ព្ទ ការលក់តន្ត្រី ការផ្សាយ និងការផ្សាយពាណិជ្ជកម្ម។ ចាប់ពីពេលនោះមក កម្មវិធីនេះបានក្លាយជាសិទ្ធិផ្តាច់មុខរបស់ទូរទស្សន៍អន្តរជាតិ ហើយបានបង្កើតបានជាស៊េរី Idol ជាច្រើនជុំវិញពិភពលោក។ ក្នុងពេលជាមួយគ្នានោះ ជម្លោះផ្លូវច្បាប់បានកើតឡើងជាមួយអ្នកបង្កើត Popstars ដែលនៅទីបំផុតនាំឱ្យពាក្យ “pop” ត្រូវបានដកចេញពីឈ្មោះកម្មវិធី ដោយដាក់ជាឈ្មោះប្រទេសវិញដូចជា៖ American Idol, Australian Idol, Arab Idol, Canadian Idol, Indonesian ។ Idol, Indian Idol, NZealand Idol, Latin American Idol, Idol (Norway), Idol (Poland), Idol (Sweden), ជាដើម។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ ទូរទស្សន៍ល្បីឈ្មោះក្នុងស្រុក Hang Meas HDTV បាននាំយកកម្មវិធីលំដាប់ពិភពលោក ដែលត្រូវបានស្គាល់ថា Cambodia Idol មកក្នុងទីផ្សារកម្ពុជា។ យ៉ាងណាមិញមកទល់នឹងពេលនេះ កម្មវិធី Cambodia Idol បានប្រារព្ធធ្វើឡើងបាន ៤ រដូវកាលហើយ ដោយក្នុងរដូវការទី១ ពានរង្វាន់គឺបានទៅលើលោក នី រតនា រដូវការទី២គឺ កញ្ញា ឈិន ម៉ានិច រដូវកាលទី៣ គឺលោក គ្រី ថៃពៅ និងរដូវការទី៤ គឺលោក លីម តិចម៉េង៕



អត្ថបទ៖ លីនី
ប្រភព៖ peoplepill.com, wikipedia.org
រូបភាព៖ celebfamily.com, ytimg.com, coventrytelegraph


