គំនិតអាជីវកម្មគួរឲ្យចាប់អារម្មណ៍ ច្នៃបង្កើតទូឆុងកាហ្វេស្វ័យប្រវត្តិលក់តាមសាធារណៈ ទទួលបានជោគជ័យខ្លាំង រហូតមានម៉ាស៊ីនជាង ២,៥០០កន្លែងនៅក្នុងប្រទេសថៃ
អាជីវកម្ម August 26, 2022 Khmernote

អ្នកនាង Tong-Watanya Amatanon បច្ចុប្បន្នជាម្ចាស់អាជីវកម្ម ទូឆុងកាហ្វេស្វ័យប្រវត្តិដែលមានឈ្មោះថា «Tao Bin»។ បើតាមបទសម្ភាសន៍ជាមួយ សារព័ត៌មាន Sentangsedtee អ្នកនាង Tong-Watanya Amatanon បានលើកឡើងថា៖ ក្នុងនាមជា CPO នាយកប្រតិបត្តិអាជីវកម្មនៃ “Tao Bin” ដែលជាកន្លែងលក់ភេសជ្ជៈស្វ័យប្រវត្តិ ២៤ ម៉ោង ឬ Robotic Barrista ដែលជាអាជីវកម្មកំពុងត្រូវបាននិយាយយ៉ាងទូលំទូលាយ រីកធំឡើងដល់សព្វថ្ងៃនេះ មិនងាយស្រួលឡើយ គឺត្រូវបានឆ្លងកាត់លំបាកច្រើនណាស់ពីមុនមក ហើយក៏បរាជ័យអស់ជាច្រើនដងដែរ។

អ្នកនាង Tong-Watanya Amatanon បានរៀបរាប់ថា៖ ពីដំបូងឡើយ “Tao Bin” ត្រឹមតែជាទូចុចភេសជ្ជៈកំប៉ុងធម្មតាៗទេ ប៉ុន្តែដោយសារតែទទួលបានផលកម្រៃតិច ទើប “Tao Bin” សម្រេចចិត្តសម្លឹងរកមើលទូឆុងកាហ្វេស្វ័យប្រវត្តិ ដោយមានការនាំចូលទូឆុងកាហ្វេនេះពីបរទេសចូលមកវិញ ដើម្បីធ្វើតេស្តសាកល្បងទីផ្សារផងដែរ។ លុះក្រោយមកទៀត ម៉ាសុីនក៏ចាប់ផ្តើមមានបញ្ហាចូលមករហូត ប៉ុន្តែដោយសារតែក្រុមហ៊ុនសម្លឹងមើលប្រាក់កម្រៃមានការទទួលបានគួរសម ក៏សម្រេចចិត្តសារជាថ្មីដោយការផលិតម៉ាសុីនឆុងកាហ្វេចេញមកដោយខ្លួនឯងវិញ។ នៅទីបំផុត “Tao Bin” ចាប់ផ្តើមចែកចាយទូម៉ាសុីនឆុងកាហ្វេស្វ័យប្រវត្តិដែលផលិតចេញមកដោយខ្លួនឯងជាមួយបច្ចេកវិទ្យាដែលមានការអាប់ដេតជារឿយៗ ក៏ដូចជាព្យាយាមទទួលយកចំនុចខ្វះខាត ក៏ដូចជាពាក្យណែនាំ និងរាល់បញ្ហាដែលបានជួបកន្លងមក ដោយធ្វើការដោះស្រាយអភិវឌ្ឍន៍តាមរហូតមក ទីបំផុត “Tao Bin” ទទួលបានជោគជ័យយ៉ាងខ្លាំងនាពេលបច្ចុប្បន្នដោយសារតែ វាជាបច្ចេកវិទ្យាថ្មី ទំនើប ងាយស្រួលអាចរកទិញបានផងដែរ។

គួរបញ្ជាក់ឱ្យដឹងផងដែរថា៖ ​គោលដៅ «​Tao Bin​» គឺការដាក់អោយមានទូឆុង​ប្រមាណ​ ២​ម៉ឺន​គ្រឿងនៅ​ទូ​ទាំង​ប្រទេស ប៉ុន្តែនាពេលនេះមានប្រហែល ​២.៥០០​គ្រឿងប៉ុណ្ណោះ ដែល​ត្រូវ​បាន​ចែកចាយ។ ដូច្នេះហើយ ចំនួនតួលេខខាងលើ នៅឃ្លាតឆ្ងាយពីគោលដៅដែលបានកំណត់ ប៉ុន្តែបើទោះជាវានៅតែឆ្ងាយណាស់ពីគោលដៅដែលខាងក្រុមហ៊ុនព្យាយាមទៅដល់ ប៉ុន្តែក្រុមហ៊ុនមានការប៉ាន់​ស្មាន​ថា​នឹង​ត្រូវ​ចំណាយ​ពេល ​៣-៥​ឆ្នាំ​ទៀត​ដើម្បី​ឈាន​ដល់​គោលដៅ​ដែល​បាន​គ្រោងទុក៕

អត្ថបទ៖ Bee
ប្រភព៖sentangsedtee