ក្រសួងរៀបចំដែនដី សហការជាមួយវិស័យឯកជន បន្តជំរុញការអនុវត្តន៍គម្រោងសាងសង់លំនៅឋាន តម្លៃសមរម្យ ជូនប្រជាពលរដ្ឋ
អចលនទ្រព្យ August 24, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ​ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងសហការជាមួយវិស័យឯកជន បន្តជំរុញការអនុវត្តន៍គម្រោងសាងសង់លំនៅឋានតម្លៃសមរម្យ ដើម្បីធានាឱ្យប្រជាពលរដ្ឋដែលមាន ចំណូលមធ្យម ចំណូលទាប និងងាយរងគ្រោះមានលទ្ធភាពទិញលំនៅសម្រាប់ការរស់នៅ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់» នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា មកដល់បច្ចុប្បន្នក្រសួងកំពុងរៀបចំគោលនយោបាយបន្ថែមទៀតនៅឆ្នាំ២០១៧ ស្តីពីការលើកទឹកចិត្ត និងរៀបចំកម្មវិធីជាតិ ដើម្បីអនុវត្តលំនៅឋាន ក្នុងការធានាឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស មានលំនៅឋាន សមរម្យ អាចរស់នៅប្រកបដោយសុខុមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសប្រជាពលរដ្ឋដែល មានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមងាយរងគ្រោះ។

ឯកឧត្តម បន្តថា ការលើកទឹកចិត្តនិង កម្មវិធីជាតិ ដើម្បីអនុវត្តលំនៅឋាន រាជរដ្ឋាភិបាលសម្រេច ឱ្យ ក្រសួងសហការជាមួយវិស័យឯកជន ហើយ ក្រសួងកំពុងជំរុញការអនុវត្តន៍គម្រោងសាងសង់លំនៅឋាន តម្លៃសមរម្យបានចំនួន ៤គម្រោង នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ។

សំឡេង « រាជរដ្ឋាភិបាលយល់ថា ដោយសារជាវិស័យចាំបាច់មែនទែន មិនអាចពន្យាបាន យើងខិតខំ ដោយ ចាប់ដៃ ជាមួយវិស័យឯកជន ដើម្បីធ្វើម៉េច វិស័យឯកជនជួយកសាងលំនៅឋានដែលមានតម្លៃសមរម្យ បើយើងបណ្តោយឱ្យវិស័យឯកជនសាងសង់ ដែលគេហៅថា អភិវឌ្ឍអចលវត្ថុ សន្ទុះនៃទីផ្សារសេរី អ៊ីចឹងធ្វើឱ្យតម្លៃទីផ្សារនោះ ប្រជាពលរដ្ឋដែលមានចំណូលទាប ចំណូលមធ្យម។ យើងគិតជាការសិក្សា ចំណាយពេល៣០ទៅ៤០ឆ្នាំទម្រាំគ្រប់លុយទិញផ្ទះ មួយមិនដល់៥០ម៉ែត្រការ៉េផង។ អ៊ីចឹងដើម្បីអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមានតែចាប់ដៃគូជាមួយវិស័យឯកជនទេ សព្វថ្ងៃនេះក្រសួងបានជំរុញរឿងនេះខ្លាំង យើងបានចាប់ដៃគូវិស័យឯកជនចំនួន៤គម្រោងហើយ នៅរាជធានីភ្នំពេញនិងខេត្តកណ្តាល »។

សូមបញ្ជាក់ថា អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិទទួលបាន លំនៅឋានតម្លៃសមរម្យរបស់ប្រជាពលរដ្ឋ ក្រសួងបាននិងកំពុងជំរុញការអនុវត្តន៍គម្រោងសាងសង់ចំនួន ៤គម្រោង ស្ថិតនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល មានចំនួន ៨,៣៣១ខ្នង និងចំណែកឯកជនចំនួន ២,៩៦០ខ្នង ដែលរួមមាន ទី១.ក្រុមហ៊ុន WorldBridge Home Co.,Ltd អភិវឌ្ឍគម្រោង “លំនៅឋានទីក្រុងរណបសិរីមង្គល” ចំនួន ២,៤៥៧ខ្នង លើផ្ទៃដីទំហំ ២៤ហិកតា ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្រុមហ៊ុននេះ បានបញ្ចប់គម្រោងដំណាក់កាលទី ១ និង បានប្រគល់លំនៅឋានចំនួន ៦៨០ខ្នង ជូនប្រជាពលរដ្ឋនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ ហើយការសាង សង់ដំណាក់កាលទី ២ សម្រេចបាន ៩៥ភាគរយ។ ២.ក្រុមហ៊ុន B & BM Development Co.,Ltd អភិវឌ្ឍគម្រោង “បុរីសែនមនោរម្យព្រែកតាទែន” ចំនួន ៥, ៣៤០ខ្នង លើផ្ទៃដីទំហំ ៨០ហិកតា ស្ថិតនៅភូមិ ស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល សម្រេចបាន ៩៣ភាគរយ។ ៣.ក្រុមហ៊ុន ARAKAWA Co.,Ltd អភិវឌ្ឍគម្រោង “លំនៅឋានអារ៉ាខាវ៉ា” ចំនួន ២,៩៦០។ ចំណែកឯកជនលើផ្ទៃដីទំហំ ១៣,៦៨០ម៉ែត្រក្រឡា ស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងនោះ ដំណាក់កាលទី ១ សម្រេចបាន ១០០ភាគរយ និងដំណាក់កាលទី ២ សម្រេចបាន ៧៧ភាគរយ និងទី៤ ក្រុមហ៊ុន ប៊ីអជីភី ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក អភិវឌ្ឍ “បុរីហ្គ្រេនផាក” ចំនួន ៥៣៤ខ្នង លើផ្ទៃដីទំហំ ៥,១៦ ហិកតា ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងនោះ ដំណាក់កាលទី ១ សម្រេចបាន ១០០ភាគរយ និងដំណាក់កាលទី ២ សម្រេចបាន ១៣ភាគរយ៕


ប្រភព៖ ក្រសួងព័ត៌មាន