ក្រុមហ៊ុន Apple Inc គ្រោងនឹងចាប់ផ្តើមផលិត iPhone 14 នៅក្នុងប្រទេសឥណ្ឌា ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ ស្វែងរកជម្រើសជំនួសប្រទេសចិន នេះបើយោងតាមការរាយការណ៍ពីសារព័ត៌មាន Bloomberg។ របាយការណ៍បាននិយាយនៅថ្ងៃអង្គារទី២៣ ខែសីហានេះថា ក្រុមហ៊ុនបាននឹងកំពុងធ្វើការជាមួយអ្នកផ្គត់ផ្គង់ដើម្បីបង្កើនផលិតកម្មនៅក្នុងប្រទេសឥណ្ឌា និងកាត់បន្ថយភាពយឺតយ៉ាវក្នុងការផលិត iPhone ស៊េរីថ្មី ពី ៦ ទៅ ៩ខែ សម្រាប់ការចេញលក់នៅពេលមុនៗ។
បើតាមរបាយការណ៍ដដែល ក្រុមហ៊ុនផ្គត់ផ្គង់ Foxconn ដែលមានមូលដ្ឋាននៅតៃវ៉ាន់របស់ Apple បានសិក្សាពីដំណើរការនៃការដឹកជញ្ជូនទំនិញពីប្រទេសចិន និងដំឡើង iPhone 14 នៅរោងចក្ររបស់ខ្លួននៅខាងក្រៅទីក្រុង Chennai ភាគខាងត្បូងប្រទេសឥណ្ឌា។ របាយការណ៍បានបន្ថែមថា ការផលិត iPhone 14s ដំបូងពីប្រទេសឥណ្ឌា ទំនងជានឹងបញ្ចប់នៅចុងខែតុលា ឬខែវិច្ឆិកា។
ទោះបីជាយ៉ាងណាក្ដី Apple មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំអត្ថាធិប្បាយរបស់ Reuters ទេ ពាក់ព័ន្ធនឹងរឿងនេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Apple បាននឹងកំពុងផ្លាស់ប្តូរផ្នែកខ្លះនៃការផលិត iPhone ពីប្រទេសចិនទៅកាន់ទីផ្សារផ្សេងទៀត រួមទាំងប្រទេសឥណ្ឌា ដែលជាទីផ្សារស្មាតហ្វូនធំបំផុតទីពីររបស់ពិភពលោក ហើយក៏គ្រោងនឹងបង្គុំទៅលើ iPad tablet នៅទីនោះផងដែរ។
ជាមួយគ្នានេះ ប្រទេសឥណ្ឌា និងប្រទេសដូចជា ម៉ិកស៊ិក និងវៀតណាម កាន់តែមានសារៈសំខាន់ចំពោះក្រុមហ៊ុនផលិតដែលបានចុះកិច្ចសន្យាផ្គត់ផ្គង់ដល់ម៉ាកយីហោអាមេរិកមួយនេះ ខណៈដែលពួកគេព្យាយាមធ្វើពិពិធកម្មផលិតកម្មឱ្យឆ្ងាយពីប្រទេសចិន។ ជាក់ស្ដែងកាលពីសប្តាហ៍មុន Nikkei បានរាយការណ៍ថា អ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកំពុងពិភាក្សាដើម្បីផលិត Apple Watch និង MacBook នៅក្នុងប្រទេសវៀតណាមជាលើកដំបូង៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia
រូបភាព៖ outlookindia, insider.com,


