មកដឹងគោលការណ៍បច្ចេកទេស ៥ចំណុចពីមន្ត្រីជំនាញ ក្នុងការចិញ្ចឹមគោឱ្យទទួលបានជោគជ័យ
អាជីវកម្ម August 23, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន មន្ត្រីជំនាញកសិកម្មខេត្តត្បូងឃ្មុំ បានបង្ហាញពីគោលការណ៍បច្ចេកទេស៥ចំណុច ដល់កសិករ ក្នុងការចិញ្ចឹមគោឱ្យទទួលបានជោគជ័យ ដើម្បីជាការតម្រង់ទិសឱ្យកាន់តែល្អប្រសើរ និងមាននិរន្តរភាព។

លោក សេង សោភា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា បច្ចុប្បន្នប្រជាកសិករក្នុងខេត្ត បានចាប់អារម្មណ៍លើមុខរបរ ចិញ្ចឹមគោ ដែលជាមុខរបរមួយជួយរកប្រាក់ចំណូលសម្រាប់គ្រួសារ ខណៈដែលនៅពេលនេះ តម្រូវសាច់គោ សម្រាប់បរិភោគកាន់តែមានការពេញនិយម ។

លោកបន្តថា ការចាប់យកមុខរបរបន្ថែមនេះ គឺជារឿងមួយដ៏ល្អប្រសើរ តែទាមទារឱ្យមានការអនុវត្តន៍ ឱ្យបាន ត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស ដែលនឹងនាំឱ្យការចិញ្ចឹមនេះទទួលបានជោគជ័យ តាមការរំពឹងទុក ។ លោកបានបន្តថា ដើម្បីឱ្យការចិញ្ចឹមគោទទួលបានលទ្ធផលល្អប្រសើរ កសិករត្រូវអនុវត្តគោលការណ៍ បច្ចេកទេសចំនួន៥ចំណុច ដោយរួមមានការជ្រើសរើសទីតាំងដីដែលមានទីទួលខ្ពស់មិនជាំទឹក ទ្រុងត្រូវមាន ទំហំសមរម្យងាយស្រួលឱ្យគោស៊ីចំណី ខ្យល់ ពន្លឺចូលបានល្អ មានកន្លែងងូតទឹកសម្រាប់វា ការជ្រើសរើស ពូជ ជាដើម ។

« ពាក់ព័ន្ធនឹងពូជ គឺត្រូវជ្រើសរើសពូជគោ ជាពូជធំ ដែលមានសាច់ច្រើន ឆាប់ធំ និងធន់នឹងជំងឺ ។
ចំណី ស្មៅត្រូវជ្រើសរើសពូជស្មៅដែលមានប្រូតេអ៊ីនខ្ពស់ ដាំឱ្យបានច្រើន ដោយប្រើចំណីជាស្មៅឱ្យបាន ច្រើន ជាងចំណីបន្ថែមដូចជាកាកស្រាបៀរ ។ អនាម័យ ត្រូវឧស្សាហ៍លាងស្នូកចំណីនិងទីកន្លែង សម្រាប់ គោដេក ។ វិធានការការពារ រួមមានការធ្វើវ៉ាក់សាំង ការបញ្ចុះសត្វល្អិត និងការធ្វើជីវសុវត្ថិភាពលើទីតាំងទ្រុង ឱ្យបានជាប្រចាំ ចឹងចំណុចទាំងអស់នេះគឺមិនអាចខ្វះមួយណាបានទេ » ។

ជាងនេះទៅទៀត លោកប្រធានក៏បានផ្តល់នូវការតម្រង់ទិសមួយចំនួន ដើម្បីជំរុញឱ្យចលនាចិញ្ចឹមគោនេះ កាន់តែល្អប្រសើរនិងមាននិរន្តរភាព គឺត្រូវចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វឱ្យបានគ្រប់មុខជំងឺ ជាពិសេសជំងឺ អ៊ុតក្តាម សាទឹក ដែលតែងកើតមានរៀងរាល់ឆ្នាំ ។ ជំរុញការបង្កាត់ពូជគោបែបសិប្បនិម្មិត ដើម្បីទទួលបាន ពូជល្អ លូតលាស់ធំធាត់លឿន ធន់នឹងជំងឺ សមស្របតាមតម្រូវការទីផ្សារ ។ ត្រូវចងក្រងជាសហគមន៍កសិកម្ម ដើម្បីបង្កើនការចិញ្ចឹមគោឱ្យបានច្រើន មានស្តង់ដារ មានអំណាចក្នុងការ ប្រកួតប្រជែងនៅលើទីផ្សារ ធានាតម្លាភាពតម្លៃ ព្រមទាំងអាចកាត់បន្ថយការចំណាយលើការទិញ ធាតុចូល មានគុណភាព តាមរយៈការទិញរួមគ្នាដែលថ្លៃដឹកជញ្ជូនទាប ៕

ប្រភព៖ ក្រសួងព័ត៌មាន