រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម ណែនាំឱ្យបញ្ឈប់ការលក់គ្រឿងសំណង់នៅតំបន់បេតិកភណ្ឌអង្គរ
អាជីវកម្ម August 19, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងនាមប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានណែនាំឱ្យម្ចាស់ដេប៉ូលក់គ្រឿងសំណង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរទាំងអស់ ត្រូវបញ្ឃប់ការលក់ដូរសម្ភារៈគ្រឿងសំណង់នៅក្នុងតំបន់ ដើម្បីចូលរួមបញ្ចៀសការសាងសង់សំណង់ខុសច្បាប់តទៅទៀត។

ក្នុងឱកាសបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានដាក់លក្ខខណ្ឌដាច់ណាត់ឱ្យម្ចាស់សំណង់ខុសច្បាប់ទាំងអស់ត្រូវរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួន។ បន្ថែមពីនោះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាត្រូវបន្តចាត់វិធានការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីនិងផ្ទះគ្រប់ប្រភេទ និងមិនត្រូផ្តល់លិខិតគតិយុត្តផ្សេងៗនៅក្នុងតំបន់រមណីយដ្ឋានអង្គរជាដាច់ខាត។ ឯកឧត្តមបានព្រមានចាត់វិធានការច្បាប់ចំពោះអ្នកចេញតវ៉ាការពារសំណង់ខុសច្បាប់ទាំងនេះផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យម្ចាស់ដេប៉ូលក់គ្រឿងសំណង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរទាំងអស់ បញ្ឈប់ការលក់ដូរសម្ភារៈគ្រឿងសំណង់នៅក្នុងតំបន់បេតិកភណ្ឌនេះ ដែលជាការចូលរួមបញ្ជៀសការសាងសង់សំណង់ខុសច្បាបតទៅទៀត។

គួរជម្រាបថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលបានសម្រេចបង្កើតសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងនៃអាជ្ញាធរជាតិអប្សរា ដែលមានកម្លាំងចូលរួមសរុប ៧៧៩នាក់ ចែកចេញជា ៣២ក្រុម ក្នុងនោះមានមន្ត្រីក្រសួងរៀបចំដែនដីចំនួន ៤៣៩រូប ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចំនួន២៣២រូប និងមន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាបចំនួន១០៨រូប។ យុទ្ធនាការទ្រង់ទ្រាយធំនេះមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះតទៅ។

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការនេះ ធ្វើឡើងក្នុងបំណងរក្សាការពារតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកលនៃសម្បត្តិបេតិកភណ្ឌពិភពលោកសម្រាប់មនុស្សជាតិទាំងមូល។ ក្នុងឧទ្យានជាតិអង្គរសព្វថ្ងៃមានសំណង់ខុសច្បាប់ជាង ៨,០០០ករណី។ រយៈពេល ៣ខែចុងក្រោយនេះ សំណង់ខុសច្បាប់ថ្មីកើតឡើងសរុប ៣៩៨ករណី ក្នុងនោះបានរុះរើចេញជាង ២០០ករណី៕

ប្រភព៖ ក្រសួងព័ត៌មាន