ប្រជាជន នៅអាស៊ីអាគ្នេយ៍បានចំណាយប្រាក់ចំនួន ៣.៧ ពាន់លានដុល្លារលើ តែគុជ (bubble tea) ក្នុងឆ្នាំ២០២១
អាជីវកម្ម August 18, 2022 Khmernote

ភាពពេញនិយមរបស់ តែគុជ (bubble tea) នៅទូទាំងអាស៊ីអាគ្នេយ៍បានជួយឱ្យឧស្សាហកម្មនេះរីកចម្រើនដល់ទៅ ៣.៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដោយសារតែការចំណាយកាន់តែច្រើនរបស់អ្នកនិយមទទួលទាន នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា។

ការសិក្សាដែលធ្វើឡើងរួមគ្នាដោយក្រុមហ៊ុនបណ្តាក់ទុន Momentum Works និង payments start-up qlub បានរកឃើញថា ឧស្សាហកម្មរបស់ តែគុជ (bubble tea) នៅឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់លេខមួយទាក់ទង នឹងទំហំទីផ្សារក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ ជាមួយនឹងចំណូលប្រចាំឆ្នាំចំនួន ១.៦ ពាន់លានដុល្លារ។ បន្ទាប់មកតាមដោយប្រទេសថៃ ជាមួយនឹងចំណូលប្រចាំឆ្នាំចំនួន ៧៤៩លានដុល្លារ តាមរយៈហាងលក់ តែគុជ (bubble tea) ច្រើនជាង ៣១,០០០ និងបណ្តាញលក់រាយផ្សេងទៀត។

ជាមួយគ្នានេះ សិង្ហបុរី ដែលជាប្រទេសតូចជាងគេក្នុងតំបន់ បានជាប់ចំណាត់ថ្នាក់លេខ៤ ជាមួយនឹងចំណូលប្រចាំឆ្នាំ ៣៤២ លានដុល្លារ នៅពីក្រោយប្រទេសវៀតណាម ដែលមាន ៣៦២ លានដុល្លារ។ ដោយឡែកទីផ្សារ តែគុជ (bubble tea) នៅក្នុងប្រទេសចិនដែលត្រូវបានគេប៉ាន់ប្រមាណថា មានចំណូលប្រចាំឆ្នាំចំនួន ២០ពាន់លានដុល្លារនោះ បានឃើញម៉ាកយីហោចិនដ៏ពេញនិយមមួយចំនួនដូចជា Mixue, Chagee និង Heytea បានចូលមកក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយចូលរួមជាមួយទីផ្សារមុនៗដូចជា Gong Cha និង Koi៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand
រូបភាព៖ vnecdn, postsen, goodyfeed