ក្រុមហ៊ុន Apple កំពុងពិភាក្សាដើម្បីផលិត Apple Watch និង MacBooks នៅក្នុងប្រទេសវៀតណាមជាលើកដំបូង ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកសម្លឹងរកមើលការធ្វើពិពិធកម្មផលិតកម្មចេញពីប្រទេសចិន។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Nikkei Asia ។
បើតាមប្រភពដដែល ក្រុមហ៊ុនផ្គត់ផ្គង់ឱ្យ Apple គឺ Luxshare Precision Industry និង Foxconn បានចាប់ផ្ដើមសាកល្បងការផលិត Apple Watch នៅភាគខាងជើងប្រទេសវៀតណាម ក្នុងគោលបំណងឧបករណ៍នេះនៅខាងក្រៅប្រទេសចិន។ ដោយឡែកចំពោះការផលិត MacBook ក្រុមហ៊ុន Apple បានស្នើឱ្យអ្នកផ្គត់ផ្គង់បង្កើតខ្សែផលិតកម្មសាកល្បងនៅក្នុងប្រទេសវៀតណាម។
គួរឱ្យដឹងថា ក្រៅពីប្រទេសចិន វៀតណាម គឺជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់បំផុតរបស់ Apple ដោយផលិតផលិតផលល្បីៗជាច្រើនសម្រាប់ក្រុមហ៊ុនអាមេរិកមួយនេះ រួមទាំងថេប្លេត iPad និងកាស AirPods ផងដែរ។ យោងតាមអ្នកជំនាញក្នុងឧស្សាហកម្ម Apple Watch នឹងកាន់តែទំនើបជាងមុន ដោយសារតែសមាសធាតុជាច្រើននៅក្នុងផលិតផលដ៏តូចមួយនេះ ត្រូវការជំនាញបច្ចេកវិទ្យាខ្ពស់។ ពួកគេបាននិយាយថា ការផលិតឧបករណ៍នេះ នឹងជាការឈ្នះសម្រាប់វៀតណាម ខណៈដែលប្រទេសនេះព្យាយាមធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវវិស័យផលិតកម្មបច្ចេកវិទ្យារបស់ខ្លួន៕



អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


