រដ្ឋាភិបាលថៃ យល់ព្រមផ្ដល់ថិវកា ដើម្បីគាំទ្រ និងស្រោចស្រង់ក្រុមហ៊ុន Thai Airways ពីការការ​ក្ស័យធន
អាជីវកម្ម August 12, 2022 Khmernote

ក្រុមហ៊ុន Thai Airways International Pcl នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុសំខាន់ៗ​ពីរដ្ឋាភិបាលសម្រាប់ការបង្កើនដើមទុន ២.២ ពាន់លានដុល្លារ និងផែនការផ្លាស់ប្តូរបំណុលទៅជាភាគហ៊ុន ក្នុងគោលបំណងជួយក្រុមហ៊ុនអាកាសចរណ៍ឱ្យរួចផុតពីការក្ស័យធន នេះបើយោងតាមសារព័ត៌មាន Bloomberg ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Arkhom Termpittayapaisith បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg ថា ធនាគារគ្រប់គ្រងដោយរដ្ឋ នឹងដឹកនាំក្នុងការផ្តល់មូលនិធិដល់ប្រាក់កម្ចីថ្មី,បំប្លែងបំណុល និងបញ្ចូលមូលធនភាគហ៊ុនទៅក្នុងក្រុមហ៊ុន Thai Airways ដែលជាផ្នែកមួយនៃផែនការកែលម្អដែលក្រុមហ៊ុនអាកាសចរណ៍បានផ្តល់ឱ្យតុលាការ សម្រាប់ការអនុម័តកាលពីខែមុន។

លោក​បាន​កត់​សម្គាល់​ថា ក្រសួង និង​ស្ថាប័ន​ផ្សេង​ទៀត ​នឹង​បន្ត​រក្សា​ភាគហ៊ុន​រួម​គ្នា​យ៉ាង​ហោច​ណាស់ ៤០% ប៉ុន្តែ​សមាមាត្រ​នឹង​មិន​លើស​ពី ៥០% ដើម្បី​ជំរុញ​ក្រុមហ៊ុន​អាកាសចរណ៍​ឱ្យ​បន្ត​ការ​ប្រកួត​ប្រជែង។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Thai Airways បានដាក់ពាក្យសុំការការពារក្ស័យធននៅឆ្នាំ២០២០ ដោយសារការខាតបង់ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៣ មក។ ទោះជាយ៉ាងណាក៏ដោយ ការស្ទុះងើបឡើងវិញនៃការធ្វើដំណើរតាមផ្លូវអាកាសនៅលើពិភពលោកនាពេលថ្មីៗនេះ បានជួយ Thai Airways ជំរុញលំហូរសាច់ប្រាក់របស់ខ្លួន និងកាត់បន្ថយប្រាក់កម្ចីបានមួយកម្រិត៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus