ក្រុមហ៊ុនមួយនៅអាមេរិក រៃអង្គាសប្រាក់បាន ១២០,០០០ដុល្លារ ដើម្បីផលិតតុក្កតារូបលោក Volodymyr Zelensky លក់យកលុយជួយអ៊ុយក្រែន
អាជីវកម្ម August 10, 2022 Khmernote

ក្រុមហ៊ុនរចនាផលិតផលមួយនៅទីក្រុង ញូវយ៉ក នៃសហរដ្ឋអាមេរិក បាន​នឹងកំពុងត្រៀមផលិតផលតុក្កតាជារូបលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធនឹងការលុកលុយរបស់រុស្ស៊ីតាំងពីខែកុម្ភៈមក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ndtv។

ក្រុមហ៊ុន FCTRY កាលពីជាង ១សប្ដាហ៍មុន បានចាប់ផ្ដើមយុទ្ធនាការមួយដែលមានឈ្មោះថា Kickstarter ដើម្បីប្រមូលថវិកាសម្រាប់ផលិតតុក្កតារូបលោក Zelensky។ ក្រោយមកក្រុមហ៊ុនបានសម្រេចគោលដៅប្រមូលថវិកាបានចំនួន ៣០,០០០ដុល្លារក្នុងរយៈពេលត្រឹមតែ ៣ម៉ោងប៉ុណ្ណោះ ហើយចាប់តាំងពីពេលនោះមកបានរៃអង្គាសបានជាង ១២០,០០០ដុល្លារ។

លោក Jason Feinberg នាយកប្រតិបត្តិ និងជានាយកច្នៃប្រឌិតរបស់ FCTRY បាននិយាយថា លោក Zelensky គឺជាអ្នកដឹកនាំដ៏ល្អឥតខ្ចោះសម្រាប់ពេលនេះ។ គួរឱ្យដឹងថា លោក Zelensky អាយុ ៤៤ឆ្នាំ ជាអតីតតារាសម្តែងកំប្លែង បានឡើងកាន់អំណាចកាលពី៣ ឆ្នាំមុន ដោយសន្យាថានឹងបញ្ចប់សង្រ្គាមជាមួយពួកបំបែកខ្លួនដែលគាំទ្រដោយម៉ូស្គូនៅភាគខាងកើតអ៊ុយក្រែន។ លោកគឺជាអ្នកប្រាស្រ័យទាក់ទងដ៏ឈ្លាសវៃ ហើយលោកក៏បានទទួលការសរសើរជាសាកល ចំពោះការតស៊ូរបស់គាត់ក្នុងការទប់ទល់នឹងការឈ្លានពានដ៏បំផ្លិចបំផ្លាញរបស់រុស្ស៊ីមកលើប្រទេសរបស់គាត់។

យ៉ាងណាមិញ រូបតុក្កតាលោក Zelensky មានកម្ពស់ ១៥សង់ទីម៉ែត្រ និងត្រូវបានសូនដោយវិចិត្រករអាមេរិកម្នាក់នៅទីក្រុង Seattle ឈ្មោះថា Mike Leavitt។ វានឹងត្រូវផលិតទ្រង់ទ្រាយធំ ក្នុងទម្រង់ជាផ្លាស្ទិក នៅឯប្រទេសចិន ហើយត្រូវគេរំពឹងថា នឹងអាចចែកចាយទៅកាន់ទីផ្សារនៅខែមីនា៕

អត្ថបទ៖ លីនី
ប្រភព៖ ndtv
រូបភាព៖ timesofisrael, imgix, nokiamobilephonenews, imgix