Mars Wrigley ក្រុមហ៊ុនផលិតស្ករគ្រាប់ដ៏ល្បី និងធំមួយរបស់អាមេរិកដែលគ្រប់គ្រងប្រ៊េនសូកូឡា Snickers បានចេញមុខសុំទោសជាសាធារណៈ បន្ទាប់ពីបានផ្សាយពាណិជ្ជកម្មពីដុំស្ករសូកូឡារបស់ខ្លួន ភ្ជាប់ជាមួយការលើកឡើងថា តៃវ៉ាន់ជាប្រទេសមួយ រហូតបង្កឱ្យមានការខឹងសម្បារពីចិនដីគោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃទី០៦ ខែសីហា កន្លងទៅនេះ។
តាមរយៈវីដេអូ និងរូបភាព ដែលបានបង្ហាញនៅលើគេហទំព័រ Snickers បានឱ្យដឹងថា ក្រុមហ៊ុនបានផ្សព្វផ្សាយពីដុំសូកូឡា Snickers ពិសេសដែលផលិតឡើងក្នុងចំនួនមានកំណត់ ដោយប្រូម៉ូតថា ផលិតផលនេះមានលក់នៅតែក្នុងប្រទេស កូរ៉េខាងត្បូង ម៉ាឡេស៊ី និងតៃវ៉ាន់ប៉ុណ្ណោះ។ ពាណិជ្ជកម្មដែលមានក្រុមចម្រៀងប្រុសកូរ៉េខាងត្បូង BTS បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅលើប្រព័ន្ធបណ្ដាញសង្គម Weibo របស់ចិន កាលពីថ្ងៃសុក្រ ទី៥ ខែសីហា។
ក្រោយមក ក្រុមហ៊ុន Mars Wrigley បានចេញផ្សាយការសុំទោសនៅលើគណនី Snickers China Weibo របស់ខ្លួន ហើយបាននិយាយថា ខ្លឹមសារពាក់ព័ន្ធត្រូវបានកែប្រែ។ ជាមួយគ្នានេះដែរ ប៉ុន្មានម៉ោងបន្ទាប់ពីសេចក្តីថ្លែងការណ៍ដំបូង Snickers China បានចែករំលែកការបង្ហោះ Weibo មួយផ្សេងទៀតដោយបន្ថែមថា “មានប្រទេសចិនតែមួយគត់នៅក្នុងពិភពលោកនេះ ហើយតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន” ។
រម្លឹកថា នេះមិនមែនជាលើកទី១ នោះទេ ដែលក្រុមហ៊ុនលំដាប់អន្តរជាតិបានចេញមុខសុំទោសប្រទេសចិនក្រោយលើកឡើងពីកោះតៃវ៉ាន ដោយនៅឆ្នាំ២០១៩ ម៉ាកយីហោប្រណីតរបស់បារាំង Dior បានសុំទោសបន្ទាប់ពីប្រើផែនទីនៃប្រទេសចិននៅក្នុងបទបង្ហាញដែលមិនរួមបញ្ចូលតៃវ៉ាន់។ ជាមួយគ្នានេះដែរគេហទំព័ររបស់សណ្ឋាគារ Marriott ក្នុងប្រទេសចិនត្រូវបានបិទដោយអាជ្ញាធររយៈពេលមួយសប្តាហ៍ក្នុងឆ្នាំ២០១៨ បន្ទាប់ពីកម្រងសំណួររបស់អតិថិជនបានរាយកោះតៃវ៉ាន់ ទីបេ និងហុងកុងជាប្រទេសដាច់ដោយឡែក។
គួរបញ្ជាក់ផងដែរថា ការផ្ទុះកំហឹងជុំវិញការផ្សាយពាណិជ្ជកម្ម Snickers បានកើតឡើងនៅពេលដែលភាពរសើបជុំវិញកោះតៃវ៉ាន់ក្នុងប្រទេសចិនដីគោក មានកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi បានទៅទស្សនាកោះនេះកាលពីថ្ងៃអង្គារ ដោយជំរុញឱ្យប្រទេសចិនប្រកាសសមយុទ្ធបាញ់គ្រាប់ពិតដែលមិនធ្លាប់មានពីមុនមកជុំវិញកោះនេះ និងការហាមឃាត់ការនាំចូលផលិតផលតៃវ៉ាន់៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia
រូបភាព៖ foodbusinessafrica, yimg.com, encrypted


