អតិផរណា ធ្វើឱ្យយីហោវ័យចំណាស់មួយលើពិភពលោក នៅក្នុងប្រទេសចិន ត្រូវបង្ខំចិត្តមកលក់ជើងមាន់ និងចុងស្លាបមាន់ជំនួសវិញ
អាជីវកម្ម August 5, 2022 Khmernote

ហាង KFC នៅក្នុងប្រទេសចិន ត្រូវបានគេរាយការណ៍ថា បានបង្ខំចិត្តលក់ជើងមាន់វិញ ជាមួយនឹងការផ្ដល់នូវបទពិសោធន៍រសជាតិថ្មីដល់អតិថិជន ក្រោពីជើងមាន់ យីហោនេះក៏ដាក់លក់ ចុងស្លាបមាន់ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ yahoo។ ការផ្លាស់ប្ដូរនេះ មិនមែនជាការឆ្លើយតបទៅនឹងការចង់បានរបស់អតិថិជនដែលចង់ឱ្យហាងដាក់លក់ម្ហូបប្រពៃណីរបស់ចិននោះទេ ផ្ទុយទៅវិញ ការផ្ដល់ជូននេះកើតឡើងដោយសារផលវិបាកដែលបង្កឡើងអតិផរណា នេះបើយោងតាម CNN Business។

អាជីវកម្មនៅក្នុងប្រទេសចិន ដែលទើបតែចាប់ផ្ដើមងើបឡើងវិញពីផលប៉ះពាល់នៃការបិទខ្ទប់ កំពុងជួបប្រទះនឹងការឡើងថ្លៃប្រេង និងម្ហូបអាហារកាន់តែខ្ពស់នៅក្នុងពេលបច្ចុប្បន្ននេះ។ ជាក់ស្ដែងក្រុមហ៊ុន Yum China ដែលជាប្រតិបត្តិការហាង KFC, Pizza Hut និង Taco Bell ក្នុងស្រុកបានឃើញការធ្លាក់ចុះនៃការលក់សម្រាប់ត្រីមាសទីពីរ។

នាយកប្រតិបត្តិក្រុមហ៊ុន Yum China លោក Joey Wat បានប្រាប់ CNN Business ថា “យើងព្យាយាមសម្របតាមការកើនឡើងតម្លៃទំនិញនេះ ជាមួយនឹងការប្រើប្រាស់សាច់មាន់គ្រប់ផ្នែកទាំងអស់”។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏ប្ដេជ្ញាចិត្តរក្សាអាជីវកម្មឱ្យនៅតែដំណើរការ និងសន្យាមិនបញ្ឈប់បុគ្គលិកនោះឡើយ ចាប់តាំងពីអាជីវកម្មត្រូវរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ-១៩ មកម្ល៉េះ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ postsen, knews.media, game8z.com, yimg.com, bolnews.com