យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នំអន្សមជ្រូកឆ្ងាញ់ប្រចាំតំបន់ ដែលប្រជាពលរដ្ឋផលិតនៅភូមិព្រែកត្រូវបានគណៈកម្មការថ្នាក់ខេត្ត ចុះត្រួតពិនិត្យទីតាំងផលិត ដើម្បីឈានទៅរៀបចំចុះបញ្ជី កម្មសិទ្ធិបញ្ញា បង្កើតជាភូមិមួយមានផលិតផល មួយ និងបានរក្សានូវមរតកដូនតាផង។
ក្នុងឱកាសចុះរៀបចំនីតិវិធីកំណត់យកនំអន្សមជ្រូកខ្មែរ ធ្វើជាភូមិមួយមានផលិតផលមួយ នៅភូមិព្រែក ក្រុង សង្កាត់ខេត្តស្ទឹងត្រែងថ្ងៃទី០៣សីហា លោក ឡា ពុទ្ធី អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបានបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែល បង្កើតបានមុខរបរសមស្របនឹង មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដូចជានំអន្សមជ្រូកឆ្ងាញ់នេះជាដើម គណៈកម្មការថ្នាក់ខេត្តវាយតម្លៃ ពីលក្ខណសម្បត្តិ ដូចជាទីតាំងផលិត រយៈពេលផលិត បរិមាណ គុណភាព សោភ័ណភាព និងការផ្សព្វផ្សាយផលិតផលទៅកាន់ទីផ្សារ ដែលជាមូលដ្ឋានចាំបាច់សម្រាប់បំពេញឱ្យលក្ខខណ្ឌ ដែលគណៈកម្មការចង់បាន ។
លោកបន្តថា៖ការបង្កើតភូមិមួយមានផលិតផលមួយនេះតម្រូវឱ្យម្ចាស់អាជីវកម្មបំពេញបែបបទស្នើសុំ សម្រាប់បញ្ជូនទៅក្រសួងពាក់ព័ន្ធប្រយោជន៍បានជួយទ្រទ្រង់មុខរបរអតិថិជនគាំទ្រហើយនាំគ្នាផលិតឱ្យមានលក់អចិន្ត្រៃយ៍ប្រចាំក្នុងតំបន់ ដោយឡែកកិច្ចការងារនេះត្រូវក្រុមការងារនឹងមកផ្សព្វផ្សាយមុន ។
លោក ស្រីង៉ែត សុភា អ្នកប្រកបរបរវេចនំអន្សមជ្រូកឆ្ងាញ់ នៅភូមិព្រែក សង្កាត់ក្រុងស្ទឹងត្រែងបានអះអាងថា៖ មុខរបរនេះលោកស្រីបង្កើតឡើងរយ:ពេលជិត៥ឆ្នាំមកហើយ បច្ចុប្បន្នមានអតិថិជនបញ្ជាទិញយកទៅលក់បន្តនៅតាមបណ្តាខេត្តនានា ក្នុងតម្លៃនំមួយ១០,០០០រៀល ចំណែកអ្នកលក់ចេញ១២,០០០រៀល ។
លោកស្រីបន្តថា៖លោកស្រី សាទរជាមួយក្រុមការងារដែល មានបំណងល្អបង្កើតភូមិមួយមានផលិតផលមួយហើយនៅចុងឆ្នាំ២០២២នេះ លោកស្រីនឹងបង្កើតស្តង់លក់មួយប្រចាំនៅក្នុងភូមិតែម្ដងសម្រាប់បម្រើឱ្យអតិថិជននៅក្នុងខេត្ត។

លោកអះអាងទៀតថា៖ នំអន្សមនេះត្រូវផលិតប្រចាំជារៀងរហូតដើម្បីនាំគ្នាអភិរក្សស្នាដៃមរតកដូនតាយើងផងនិងបានបង្ហាត់បង្រៀនប្អូនៗយុវជនយុវនារីជំនាន់ក្រោយឱ្យចេះផលិតដើម្បីមានមុខរបរសម្រាប់លក់ដូររកប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃនៅក្នុងភូមិដោយមិនបាច់ធ្វើចំណាក ស្រុកទៅលក់កម្លាំងពលកម្ម ។
លោកស្រី សាន ឆវី អ្នកបច្ចេកទេសវេចនំអន្សមបានបញ្ជាក់ថា៖នៅខេត្តស្ទឹងត្រែងមានបងប្អូនអាជីវករលក់នំច្រើនប្រភេទដូចជានំបត់ នំគម នំអន្សមចេក និងនំអន្សមជ្រូក ផលិតឡើងមានភាពច្នៃប្រឌិតខុសៗគ្នា ដើម្បីទាក់ទាញអតិថិជន ។
លោកស្រីបន្តថា៖នំអន្សមជ្រូកឆ្ងាញ់នេះផលិតឡើងមានគ្រឿងផ្សំច្រើន ដើម្បីច្នៃប្រឌិតឱ្យមានរសជាតិឆ្ងាញ់ ដូចជាអង្ករបញ្ចូលក្លិនស្លឹកតយ សាច់ជ្រូកដាក់គ្រឿង ម្រេច ខ្ទឹម ស្ករ ប៊ីចេង លាយស្នូលពងទាធ្វើជាស្នូលបន្ថែម ដើម្បីបង្កើនរសជាតិឱ្យកាន់តែឆ្ងាញ់ អតិថិជនចូលចិត្តបរិភោគ។
សូមបញ្ជាក់ថា៖ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រួមនិងគណៈកម្មការថ្នាក់ខេត្ត រៀបចំបង្កើតភូមិមួយផលិតផលមួយពិតជាបានលើកទឹកចិត្តដល់បងប្អូនអាជីវករដែលបានខិតខំបង្កើតស្មាដៃរបស់ខ្លួន ដូចជាអ្នកប្រកបមុខរបរដុតក្រឡានលក់ប្រចាំគ្រួសារ របស់អ្នកភូមិហាងខូបាន នំអន្សមជ្រូកឆ្ងាញ់នៅភូមិព្រែក -ការផលិតណែមធ្វើពីត្រីធម្មជាតិនៅសង្កាត់ក្រុង ស្ទឹងត្រែងជាដើម៕






ប្រភព៖ ក្រសួងព័ត៌មាន


