ក្រុមហ៊ុន Meta ប្រកាសពីការធ្លាក់ចុះប្រាក់ចំណូល និងប្រាក់ចំណេញ មិនធ្លាប់មានជាលើកដំបូង បន្ទាប់ពីមេធំ Mark Zuckerberg ទើបតែលក់ផ្ទះចំណេញរាប់លានដុល្លារ
អាជីវកម្ម July 28, 2022 Khmernote

យោងតាមការចុះផ្សាយសារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុន Meta បានរាយការណ៍ពីការធ្លាក់ចុះ ប្រាក់ចំណូល និងប្រាក់ចំណេញប្រចាំត្រីមាសដំបូងរបស់ខ្លួន ខណៈពេលដែលក្រុមហ៊ុនកំពុងរងផលប៉ះពាល់ពីសេដ្ឋកិច្ចដែលកំពុងច្របូលច្របល់ និងការប្រជែងពីបណ្ដាញសង្គម TikTok។

ការធ្លាក់ចុះនេះ គឺជាការធ្លាក់ចុះលើកដំបូងបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុន Meta ដោយសារតែការថយចុះនៃអ្នកប្រើប្រាស់ប្រចាំថ្ងៃនៅទូទាំងសកលលោក។ នាយកប្រតិបត្តិ Mark Zuckerberg បានប្រាប់អ្នកវិភាគបន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណេញ ៣៦% មកត្រឹម ៦.៧ពាន់លានដុល្លារថា “នេះគឺជារយៈពេលដែលទាមទារឱ្យមានការខំប្រឹងកាន់តែខ្លាំងក្លា ហើយខ្ញុំរំពឹងថា យើងនឹងសម្រេចបានកាន់តែច្រើន ជាមួយនឹងធនធានមនុស្សតិចជាងមុន”។

Meta ក៏បាននិយាយផងដែរថា ប្រាក់ចំណូលនៅក្នុងត្រីមាសដែលទើបបញ្ចប់ថ្មីៗនេះ បានថយចុះមួយភាគរយដល់ ២៨.៨ ពាន់លានដុល្លារ ដែលជាថយចុះជាលើកដំបូងរបស់ខ្លួនចាប់តាំងពីក្រុមហ៊ុនបានចេញជាសាធារណៈក្នុងឆ្នាំ២០១២។ ទោះយ៉ាងណាក្ដី Meta បានរាយការណ៍ពីការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ Facebook ប្រចាំថ្ងៃដល់ ១.៩៧ ពាន់លាននាក់ ប្រឆាំងនឹងការព្យាករណ៍របស់អ្នកវិភាគអំពីការធ្លាក់ចុះ ប៉ុន្តែក្រុមហ៊ុនបានកត់សម្គាល់ថា អ្នកប្រើប្រាស់ប្រចាំខែបានធ្លាក់ចុះប្រហែល ២ លានទៅ ២.៩៣ ពាន់លាន៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost
ប្រភព៖ media.npr, tn.com, rthk.hk, bangkokpost