កសិករនៅខេត្ត Phitsanulok ប្រទេសថៃ នាំគ្នាងាកមកដាំផ្លែត្រសក់ស្រូវពូជសាច់លឿង ដោយសារទទួលបានចំណូលខ្ពស់
អាជីវកម្ម July 26, 2022 Khmernote

ថៃ៖ នៅទីធ្លាខាងមុខផ្ទះរបស់កសិករម្នាក់ដែលមានឈ្មោះថា លោក Wasan Iang-iam អាយុ ៦១ ឆ្នាំ នៅភូមិ Ban Khao Nam Sud ឃុំ Thap Yai Chiang ស្រុក Phrom Phiram ខេត្ត Phitsanulok ។ តាមរយៈកសិករថៃម្នាក់មានឈ្មោះថា វ៉ាត់ សាន់ បានមាន​ប្រសាសន៍​ថា ជា​ធម្មតា​ការ​ធ្វើ​ស្រែ​ចម្ការ​ជា​មុខ​របរ​សំខាន់សម្រាប់ប្រជាជននាខេត្តនេះ ហើយក៏ជាអាជីពចំបងផងដែរ។ ប៉ុន្តែ​ក្រោយ​ពី​សិក្សា​ពី​តំបន់​ជុំវិញ​ផ្ទះ​ ដែលជាទីធ្លាដាំ​ឪឡឹក​នៅ​ទំនេរ លោកក៏នឹកចង់​ដាំត្រសក់ស្រូវបន្ថែម ព្រោះ​លោក​មើល​ឃើញ​ថា​ វា​មាន​តម្រូវការ​ច្រើន​នៅ​លើ​ទីផ្សារ។

ដូច្នេះ​ហើយ​បាន​ជាលោកចាប់​ផ្ដើម​សិក្សា​និង​រៀន​សូត្រ​ពី​អ្នកជំនាញ ក៏ដូចជាពីក្រុមសហគ្រាសសហគមន៍ថាប់យ៉ៃឈៀង ដែលជាប្រភពនៃចំណេះដឹង រួមទាំងការទិញពូជ ការរៀបចំដី ការបង្កកំណើត ការសំអាត អោយប្រាសចាកសត្វល្អិត។ តាម​រយៈ​ការ​សាក​ល្បងដាំ​ទាំងខុសផង ត្រូវផង ដោយលោកបាន​ដាំ​រយៈពេល ៤​ឆ្នាំទៅ​ហើយ រហូតទម្រាំតែទទួល​បាន​ជោគជ័យ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក វ៉ាត់ សាន់ បានបន្តទៀតថា មូលហេតុដែលជ្រើសរើសដាំផ្លែត្រសក់ស្រូវនេះ ក៏ព្រោះតែងាយស្រួលថែទាំ និង ចំណាយទីធ្លាតិចដាំបានផលច្រើន ហើយថែមទាំងមានរសជាតិផ្អែមឆ្ងាញ់និងជាតម្រូវការខ្ពស់នៅទីផ្សារបច្ចុប្បន្ន ចំពោះការ​ធ្វើ​ស្រែ​ចម្ការលោកបានពោលថា ​គឺនៅ​តែ​ធ្វើ​ដដែល។

ចំពោះតម្លៃនៅទីផ្សារវិញមានតម្លៃក្នុងមួយគីឡូ ៨០បាត ឬជាង ២ដុល្លារ ដោយក្នុងមួយផ្លែយ៉ាងហោចណាស់ក៏ទម្ងន់មិនក្រោម ២គីឡូឡើយ។ ចំណែកផ្លែត្រសក់ស្រូវដែលមានការកែច្នៃដាក់ដបផ្លាស្ទិក ដើម្បីអោយមានរូបរាងបេះដូងវិញនោះ តម្លៃលក់ចេញទទួលបានដល់ទៅ ៥៩០បាត ក្នុងមួយផ្លែ ឬជិត ២០ដុល្លារឯណោះ។ ចំណែកលោកស្រី Siriporn Chulaiam ដែលជាប្រធានសហគ្រាសសហគមន៍ Nong Makang Pak Nai Mung បានឲ្យដឹងថា ការថែរក្សាទាំងបន្លែ ផ្លែឡឹក បន្លែខាត់ណា និងផ្លែត្រសក់ស្រូវ ដាច់ខាតគឺត្រូវតែឆ្លងកាត់កម្រិតស្តង់ដារ GAP ដើម្បីបង្កើតគុណភាព និងផ្តល់ទំនុកចិត្តដល់អ្នកបរិភោគផងដែរ។ ក្រៅពីនេះរាល់ការដាំដុះ ទាំងមន្ត្រី​កសិកម្ម​ស្រុក និងកសិកម្ម​ខេត្ត​មានការផ្តល់យោបល់​នូវការ ដាំ​ទាំងអស់​ ដើម្បីធ្វើអោយលទ្ធផលនៃការដាំដុះទាំងអស់ សមស្របនិងត្រឹមត្រូវតាមកម្រិតស្តង់ដារ៕


អត្ថបទ៖ Bee
ប្រភព៖ khaosod